រដ្ឋាភិបាលអាមេរិកាំងត្រូវបានគេរាយករណ៍ថានឹងផ្ដល់ជំនួយដល់អង្កការសុខភាពពិភពលោក(WHO) ឡើងវិញ ប៉ុន្តែ មិនមែនក្នុងទំហំទឹកប្រាក់ដ៏ច្រើនសន្ធឹកដូចដើមនោះទេ។ នេះបើតាមសារព័ត៌មាន Fox News។
ទីភ្នាក់ងារសារព័ត៌មាន Fox News កាលពីថ្ងៃទី15ឧសភាកន្លងទៅ បានដកស្រង់ប្រភពព័ត៌មានពីលិខិតព្រាងដែលគ្រោងនឹងត្រូវបញ្ជូនទៅកាន់ប្រធានអង្គការសុខភពពិភពលោក (Tedros) បានឱ្យដឹងថា រដ្ឋបាលរបស់លោក Trump អាចនឹងផ្ដល់ជំនួយមួយផ្នែកដល់ WHO សាជាថ្មី។
ប្រភពខាងលើឱ្យដឹងថា សហរដ្ឋអាមេរិកត្រូវគេជឿថានឹង “យល់ព្រមផ្ដល់ជំនួយជាថវិកាប្រហាក់ប្រហែលនឹងអ្វីដែលប្រទេសចិនបានរួមចំណែកជួយដល់ WHO”។
Fox News សេសេរថា ប្រភពព័ត៌មានពីរដ្ឋាភិបាលសហរដ្ឋអាមេរិកបានបញ្ជាក់ថា លោក Trump ទំនងជាបាន “យល់ព្រមទៅតាមគម្រោងដែលបានគូសវាសនៅក្នុងលិខិតព្រាង” ប៉ុន្តែ មិនទាន់ចុះហត្ថលេខា។
ប្រធានាធិបតី Donald Trump បានផ្អាកផ្ដល់ជំនួយដល់ WHO កាលពីថ្ងៃទី14មេសា ដោយបានចោទអង្គការនេះថា កំពុងជួយដល់យុទ្ធនាការ “ផ្ដល់ព័ត៌មានមិនពិត” របស់ចិន អំពី COVID-19។ លោក Trump ប្រកាសថា អាមេរិកាំងនឹងបើកការស៊ើបអង្កេតទៅលើ WHO។ ក្រុមមន្ត្រីរបស់ WHO បានច្រានចោលការចោទប្រកាន់របស់អាមេរិកាំង ខណៈដែលចិនក៏បានអះអាងថា ខ្លួនមានតម្លាភាព។
សហរដ្ឋអាមេរិកគឺជាម្ចាស់ជំនួយធំបំផុតរបស់ WHO។ បើសិនជាសហរដ្ឋអាមេរិកផ្ដល់ជំនួយស្មើនឹងប្រទេសចិន នោះប្រភពថវិកានេះនឹងស្មើនឹង1/10នៃថវិកាសរុបដែលសហរដ្ឋអាមេរិកធ្លាប់បានផ្ដល់ឱ្យ WHO។ កន្លងមក អាមេរិកាំងធ្លាប់បានផ្ដល់ជំនួយជាមធ្យម 400លានដុល្លារ/ឆ្នាំ ទៅឱ្យអង្គការសុខភាពពិភពលោក។
យោងតាម Fox News លិខិតព្រាងនោះ មានឃ្លាសរសេរថា “ខ្ញុំជឿថា បើទោះជាមានកង្វះខាតខ្លះ ប៉ុន្តែ WHO នៅតែមានសក្ដានុពលធំធេង ហើយខ្ញុំចង់ឱ្យ WHO បង្ហាញអំពីសក្តានុពលនោះ ពិសេសគឺនៅក្នុងកាលៈទេសៈវិបត្តិទូទាំងពិភពលោកបែបនេះ។ នោះគឺជាមូលហេតុដែលខ្ញុំសម្រេចថា អាមេរិកាំងនឹងបន្តជាដៃគូសហការជាមួយ WHO។ ប្រទេសចិនកំពុងជំពាក់បំណុលពិភពលោកដ៏ធំសម្បើម ហើយពួកគេអាចចាប់ផ្ដើមបង់វិភាគទានឱ្យបានស្មើភាពគ្នាទៅឱ្យ WHO”។
លិខិតព្រាងបន្ថែមថា “បើសិនជាប្រទេសចិនបង្កើនជំនួយដល់ WHO យើងខ្ញុំក៏នឹងពិចារណាក្នុងការបង្កើនជំនួយ”។
កន្លងមក លោក Trump ធ្លាប់បានថ្លែងថា WHO ត្រូវតែទទួលខុសត្រូវចំពោះការដែល COVID-19 បានឆ្លងរាលដាលពេញពិភពលោក ព្រោះថា អង្គការនេះបានជឿជាក់លើការប្រកាសរបស់ចិនទាក់ទិននឹងកម្រិតនៃភាពធ្ងន់ធ្ងររបស់មេរោគរាតត្បាត នៅដំណាក់កាលដំបូង។
លោក Trump ធ្លាប់បានចោទថា “ពួកគេ (WHO) គឺជាអាយ៉ងរបស់ចិន។ យើងខ្ញុំបានផ្ដល់ជំនួយយ៉ាងច្រើនដល់ WHO គឺច្រើនជាងប្រទេសដទៃ។ ដូច្នេះ ខ្ញុំនឹងធ្វើការសម្រេចចិត្តក្នុងពេលឆាប់ៗខាងមុខ (ទាក់ទងនឹងខ្ទង់ជំនួយសម្រាប់ WHO)”។
មុននោះ ប្រធានាធិបតីអាមេរិកាំង លោក Donald Trump ក៏ធ្លាប់បានឱ្យដឹងថា សហរដ្ឋអាមេរិកបានចំណាយ450លានដុល្លារទៅឱ្យ WHO ខណៈដែលប្រទេសចិនបានចំណាយត្រឹមតែ38លានដុល្លារប៉ុណ្ណោះ។
ដោយបានចាប់ផ្ដើមផ្ទុះឆ្លងរាលដាលពីប្រទេសចិន បច្ចុប្បន្ន COVID-19 បានបណ្ដាលឱ្យមនុស្សជាង4.5លាននាក់ត្រូវឆ្លងរោគ និងជាង307,000នាក់បានបាត់បង់ជីវិត ក្នុងនោះសហរដ្ឋអាមេរិកគឺជាអ្នករងគ្រោះធ្ងន់ធ្ងរជាងគេ៕
ប្រភព៖ សារព័ត៌មានបរទស