ការរស់នៅក្នុងសភាពធម្មតាបែបគន្លងថ្មី (New Normal life) អាចជាវិធីសាស្រ្តថ្មីក្នុងការកែប្រែពិពភលោកមកសភាពធម្មតាបើទោះបីជាមានវត្តមានជំងឺ Covid-19 នៅអូសបន្លាយយូរយ៉ាងណាក៏ដោយ។ បន្តិចទៀត ពិភពលោកអាចនឹងស្ថិតក្នុងស្ថានភាពប្រក្រតីឡើងវិញ មនុស្សម្នានៅតែអាចទាក់ទងគ្នាបាន រកស៊ីបាន និងធ្វើការងារបានជាធម្មតា គ្រាន់តែត្រូវអនុវត្តទម្លាប់នៃការរស់នៅថ្មី។
យើងសុទ្ធតែឃើញហើយថា ពិភពលោកមិនមែនទើបតែប្រែប្រួលលើកទី1 នោះទេ តែអ្វីដែលជាចំណុចសំខាន់គឺត្រង់ថាទោះស្ថិតក្នុងសភាពបែបណាក៏ដោយ មនុស្សនៅតែរកច្រកចេញឃើញដើម្បីបន្តរស់នៅក្នុងសភាពថ្មីម្យ៉ាងទៀត និងបន្តអភិវឌ្ឍជាប់ជានិច្ច។ សម្រាប់ករណី Covid-19 ក៏ដូចគ្នា ថ្វីត្បិតតែវាកាចសាហាវ និងឆ្លងលឿន តែមនុស្សនៅតែអាចរស់នៅក្នុងពិភពលោកដែលមានវត្តមានស្រមោលខ្មៅមួយនេះ។
មនុស្សប្រហែលជាត្រូវរស់នៅក្នុងសភាព “The Dance” (រាំ) ដែលអ្នកវិភាគធ្លាប់បានលើកឡើងដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លង។ មានន័យថា ការរាំគឺត្រូវធ្វើតាមរបៀប តាមចង្វាក់ និងធ្វើដដែលៗទៅតាមវិន័យ និងរបៀបរាំដើម្បីកុំឱ្យប៉ះអ្នកដទៃ។ ហេតុនេះមនុស្សនៅតែអាចរស់នៅបាន និងធ្វើអ្វីគ្រប់យ៉ាងអាចប្រព្រឹត្តទៅដូចពីមុន គ្រាន់តែត្រូវបង្កើតទម្លាប់ថ្មីដោយការសម្អាតឱ្យបានច្រើនជាងមុន រក្សាគម្លាតសង្គមតែទាក់ទងគ្នាតាមវិធីថ្មី រកស៊ីជាមួយគ្នាតាមទម្លាប់ថ្មី និងធ្វើការតាមទម្លាប់ថ្មីជាដើម។ បន្តិចម្តងៗ ទម្លាប់ដដែលៗទាំងអស់នេះនឹងធ្វើឱ្យមនុស្សមានអារម្មណ៍ថាសាមញ្ញក្នុងការរស់នៅបែបទម្លាប់ថ្មី។
ជាទូទៅមនុស្សអាចរាំដោយរីករាយ និងគ្មានការនឿយហត់ទៅបានលុះត្រាតែ យើងមានវិន័យ អនុវត្តដូចគ្នា និងធ្វើទៅឱ្យស្រុះគ្នា បើមិនដូច្នោះទេ វានឹងធ្វើឱ្យឆាករាំទាំងមូលពោរពេញដោយភាពរញ៉េរញ៉ៃ របួស និងការឈឺចាប់។ ចំណុចនេះជាក្តីបារម្ភធំមួយសម្រាប់ស្ថានភាពជាក់ស្តែងនៅកម្ពុជា ដែលវង់រាំរបស់យើងហាក់មិនមានភាពស្រុះគ្នា។ មានអ្នកខ្លះអនវត្តទម្លាប់ថ្មីបានល្អ ខណៈអ្នកខ្លះទៀតឆាប់ភ្លេចខ្លួន ជុំគ្នាផឹកស៊ី គ្មានគម្លាតសង្គម ហើយក៏គ្មានគម្លាតបុគ្គលដែរ។ ចំណុចនេះអាចនឹងធ្វើឱ្យយើងលំបាកក្នុងការរស់នៅក្នុងជីវិតបែប The next normal ឬ New Normal life ហើយប្រឈមខ្ពស់ជាមួយនឹងរលកទី2នៃ Covid-19។ ហេតុនេះប្រសិនបើយើងចង់ឱ្យវង់រាំក្នុងប្រទេសយើងអាចអនុវត្តបានស្រុះគ្នា ហើយអ្វីៗឆាប់ប្រសើរឡើង សូមចួលរួមគ្នាផ្សព្វផ្សាយ និងអនុវត្តឱ្យត្រូវតាមវិន័យនៃការរាំ ដែលក្រសួសុខាភិបាលបានប្រកាសជារឿយៗ។ កុំភ្លេចខ្លួនឱ្យសោះបើចង់ឆាប់បានរស់ក្នុងជីវិតដែលស្រួលជាងនេះ!