ក្រសួងសុខាភិបាលនៅមុននេះបន្តិចបានចេញសេចក្តីប្រកាសថា អ្នកជំងឺ Covid-19 ទី 122 បានជាសះស្បើយហើយ និងមិនមានករណីវិជ្ជមានថ្មីនោះទេ។
ក្រសួងសុខាភិបាលបានបញ្ជាក់ថា អ្នកដែលបានជាសះស្បើយសរុបគឺ 122នាក់ ស្មើនឹង 100% ដោយក្នុងនោះក្រសួងនឹងផ្អាកមិនធ្វើសនិ្នសីទសារព័ត៌មាន រួមទាំងផ្អាកការចេញផ្សាយសេចក្តីជូនព័ត៌មានចាប់ពីថ្ងៃអាទិត្យទី 17 ខែឧសភា ស្អែកនេះតទៅ។ តែទោះជាយ៉ាងនេះក្តីក្រសួងបញ្ជាក់ថា ការផ្អាកធ្វើសន្និសីទសារព័ត៌មាននេះមិនមែនមានន័យថាការចម្លងវីរុស Covid-19 នៅកម្ពុជាត្រូវបានបញ្ចប់ជាស្ថាពរនោះទេ។ ថ្វីត្បិតតែករណីអ្នកជំងឺ Covid-19 ទី122 បានជាសះស្បើយ និងមិនមានករណីឆ្លងថ្មីក៏ពិតមែន តែហានិភ័យនៃការចម្លងវីរុស Covid-19 នៅតែមានចំពោះមុខយើងទាំងអស់គ្នានៅឡើយទេ ល្គឹកណាសកលលោក និងប្រទេសក្នុងតំបន់ នៅតែមានកំណើននៃករណីឆ្លងថ្មី ប្រទេសកម្ពុជានៅតែប្រឈមទៅនឹងហានិភ័យនៃការចម្លងជំងឺ Covid-19។
ជាសារអំពាវនាវ ក្រសួងសុខាភិបាលនៅតែក្រើនរំលឹក និងបន្តអំពាវនាវឱ្យប្រជាជនទាំងអស់ចូលរួមអនុវត្តវិធានការការពារខ្លួន។ សម្រាប់សត្ថកិច្ចគឺនៅតែត្រូវមានកិច្ចការអនុវត្តជាបន្តបន្ទាប់ ជាពិសេសការត្រួតពិនិត្យដោយហ្មត់ចត់នូវសុខភាពអ្នកដំណើរដែលចូលមកក្នុងប្រទេសកម្ពុជាដើម្បីចៀសវាងការនាំចូលវីរុស Covid-19 ហើយបុគ្គលគ្រប់រូបត្រូវតែប្រុងប្រយ័ត្ន និងអនុវត្តវិធានការការពារការចម្លង ដោយត្រូវកែប្រែទម្លាប់ និងឥរិយាបទនៃការរស់នៅឱ្យស្របទៅតាម សភាពធម្មតាបែបគន្លងថ្មី (new normal life) ក្នុងបរិបទប្រយុទ្ធនឹងជំងឺ Covid-19 ជាចាំបាច់ ដូចជាត្រូវសម្អាតដៃ ពាក់ម៉ាស់ ប្រើក្រម៉ា ឬក្រដាសជូតមាត់ខ្ទប់មាត់ពេលក្អកកណ្តាស បន្តអនុវត្តគម្លាតសុវត្ថិភាពសង្គម និងគម្លាតបុគ្គលជាដើម៕