ក្នុងដំណាក់កាលដែលពិភពលោកកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 កុមារជាច្រើននាក់បានសម្រាកនៅក្នុងផ្ទះ ដោយសារតែសាលារៀនមិនបានបើកទ្វា។ បញ្ហានេះ បានធ្វើឱ្យអាណាព្យាបាលជាច្រើនមានពេលវេលាក្នុងការសង្កេត និងអប់រំកូនតូចៗនៅក្នុងផ្ទះឱ្យបានដិតដល់។ វាក៏ជាឱកាសដ៏សំខាន់ផងដែរក្នុងការទប់ស្កាត់ចរិតមិនល្អ ហើយកែប្រែពួកគេឱ្យក្លាយជាមនុស្សដែលមានឥរិយាបថល្អវិញ។
អង្គការ Save The Children បានលើកឡើងថា កុមារទាំងអស់សុទ្ធតែមានឥរិយាបថមិនល្អ។ វាជារឿងធម្មតាដែលកុមារហត់នឿយ ឃ្លាន ខ្លាច ឬមិនឯករាជ្យ ហើយពួកគេចូលចិត្តរំខាន និងធ្វើឱ្យយើងខឹងពេលពួកគេនៅផ្ទះ។
ដើម្បីដោះស្រាយបញ្ហាទាំងអស់នេះ អាណាព្យាបាលគួរចេះអប់រំកូនដោយការប្រើប្រាស់វិធីមួយចំនួនដើម្បីអប់រំ និងកែប្រែកុមារដូចជាវិធីសាស្រ្តបង្វែរឥរិយាបថមិនល្អ ចេះសម្រាកទប់អារម្មណ៍ កំណត់វិន័យ និងគន្លឹះមួយចំនួនផ្សេងទៀត។ អង្គការ Save The Children បានណែនាំថា អាណាព្យាបាលគួរចេះកត់សម្គាល់ឥរិយាបថមិនល្អរបស់ក្មេងឱ្យបានឆាប់ ហើយបង្វែរចំណាប់អារម្មណ៍របស់កូនអ្នកពីឥរិយាបថមិនល្អឱ្យទៅជាល្អឱ្យបានឆាប់រហ័ស។ ចំណុចមួយផ្សេងទៀតគឺនៅពេលពួកគេចាប់ផ្តើមលែងនៅស្ងៀម អាណាព្យាបាលអាចបង្វែរចំណាប់អារម្មណ៍របស់ពួកគេដោយសកម្មភាពគួរឱ្យចាប់អារម្មណ៍ ឬសប្បាយ ដូចជាការហៅពួកគេឱ្យទៅលេងខាងក្រៅ ឬធ្វើសកម្មភាពណាដែលមានប្រយោជន៍វិញម្តង។
ចំណុចសំខាន់ផ្សេងទៀតគឺ ការកំណត់វិន័យ ព្រោះវិធីនេះអាចជួយបង្រៀនក្មេងៗឱ្យចេះទទួលខុសត្រូវចំពោះអ្វីដែលខ្លួនបានធ្វើ។ វាជាការដាក់ពិន័យមួយដែលអាចគ្រប់គ្រងបាន និងមានប្រសិទ្ធភាពជាងការវាយ ឬស្រែក។ ក្នុងវិធីនេះអាណាព្យាបាលអាចផ្តល់ឱកាសដល់កូនៗដើម្បីធ្វើការណែនាំមុននឹងផ្តល់ការពិន័យដល់ពួកគេ។ ចំពោះឥរិយាបថនៃការដាក់ពិន័យ អាណាព្យាបាលគួរព្យាយាមកុំឆេវឆាវ និងធានាថាការដាក់ពិន័យនោះកុមារអាចធ្វើបានដោយមិនប៉ះពាល់ធ្ងន់ធ្ងរ។ នៅពេលការដាក់ពិន័យត្រូវបានបញ្ចប់ ប្រសិនបើកុមារបានធ្វើល្អគួរមានការលើកសរសើរ។
វិធីម្យ៉ាងទៀតដែលអាណាព្យាបាលគួរធ្វើគឺ ចេះសម្រាកទប់ចិត្តនៅពេលកូនៗរពឹសខ្លាំងពេក។ ប្រសិនបើយើងមានអារម្មណ៍ថាចង់ស្រែក គួរទប់ខ្លួនឯងសម្រាកដកដង្ហើមវែងៗឱ្យបាន10វិនាទីសិន បន្ទាប់មកព្យាយាមឆ្លើយតបដោយវិធីស្ងប់ស្ងាត់៕