លោក Donald Trump មិនបានពាក់ម៉ាស់ការពារវីរុស នៅពេលដែលលោកកំពុងធ្វើទស្សនកិច្ចមជ្ឈមណ្ឌលគ្រប់គ្រងសម្ភារវេជ្ជសាស្ត្រនៅក្នុងរដ្ឋ Pennsylvania ខណៈដែលមនុស្សនៅជុំវិញ សុទ្ធតែពាក់ម៉ាស់ការពារ។
ប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump កាលពីថ្ងៃទី14ឧសភាកន្លងទៅ បានធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលគ្រប់គ្រងសម្ភារវេជ្ជសាស្ត្រ Owens & Minor Inc នៅក្នុងរដ្ឋ Pennsylvania ជាកន្លែងផ្គត់ផ្គង់ម៉ាស់ប្រភេទ N95 និងខោអាវការពារមេរោគ រួមនឹងស្រោមដៃសុខាភិបាលដល់បណ្ដាមន្ទីរពេទ្យនៅសហរដ្ឋអាមេរិក។
រូបថតស្ដីអំពីដំណើរទស្សនកិច្ចនេះបង្ហាញថា ម្ចាស់សេតវិមានរូបនេះមិនបានពាក់ម៉ាស់នោះទេ ក្នុងពេលដែលមន្ត្រីអមដំណើរ និងបុគ្គលិករបស់មជ្ឈមណ្ឌលនេះសុទ្ធតែពាក់ម៉ាស់គ្រប់គ្នា។ នេះគឺជាលើកទីពីរហើយដែលលោក Trump មិនបានពាក់ម៉ាស់ក្នុងខណៈពេលធ្វើទស្សនកិច្ចមជ្ឈមណ្ឌលក្នុងវិស័យសុខាភិបាលនៅក្នុងអំឡុង10ថ្ងៃចុងក្រោយនេះ។ កាលពីថ្ងៃទី6ឧសភា លោកក៏មិនបានពាក់ម៉ាស់ដែរ នោពេលធ្វើទស្សនកិច្ចរោងចក្រ Honeywell។
ក្នុងគ្រានោះដែរ លោក Trump បានប្រកាសអំពីគម្រោងបន្ថែមទំនិញទៅក្នុងឃ្លាំងរក្សាសម្ភារវេជ្ជសាស្ត្រយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិក ដែលបច្ចុប្បន្នមានការខ្វះខាតច្រើនដោយសារវីរុសCOVID-19។ លោក Trump ថែមទាំងបានចោទអតីតរដ្ឋាភិបាលរបស់លោក Barack Obama ថា បានបន្សល់ទុកផលវិបាកនេះដល់រដ្ឋាភិបាលបច្ចុប្បន្ន។ លោក Trump អះអាងថា នឹងស្វែងរកវិធីដើម្បីរក្សាសម្ភារវេជ្ជសាស្ត្រឱ្យបានគ្រប់គ្រាន់សម្រាប់ប្រើប្រាស់ក្នុងរយៈពេល3ខែ ដែលបច្ចុប្បន្នឃ្លាំងនេះអាចផ្គត់ផ្គង់ការប្រើប្រាស់បានតែរយៈពេល3សប្ដាហ៍ប៉ុណ្ណោះ។
ម្ចាស់សេតវិមានថ្លែងថា “ខ្ញុំប្ដេជ្ញាជួយឱ្យសហរដ្ឋអាមេរិកមានលទ្ធភាពគ្រប់គ្រាន់សម្រាប់ទប់ទល់នឹងជំងឺរាតត្បាតនាពេលអនាគត ហើយខ្ញុំសង្ឃឹមថា បញ្ហា (ជំងឺរាតត្បាត) នោះនឹងមិនកើតឡើងនោះទេ”។
ប្រភពព័ត៌មានបានឱ្យដឹងថា ប្រព័ន្ធសុខាភិបាលសហរដ្ឋអាមេរិកមានម៉ាស់ប្រភេទ N95 ប្រហែលតែ13លានបន្ទះប៉ុណ្ណោះនៅមុន COVID-19 ផ្ទុះឡើង។ ក្រុមមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលអាមេរិកាំង កាលពីម្សិលមិញនិយាយថា ពួកគេកំពុងតែមានគម្រោងរកម៉ាស់ឱ្យបាន300លានបន្ថែមទៀតនៅមុនដំណាច់រដូវស្លឹកឈើជ្រុះ។
ចាប់តាំងពីមជ្ឈមណ្ឌលគ្រប់គ្រងនិងទប់ស្កាត់ជំងឺរបស់សហរដ្ឋអាមេរិក(Centers for Disease Control and Prevention) បានណែនាំឱ្យអ្នកគ្រប់គ្នាពាក់ម៉ាស់នៅទីសាធារណៈ គេឃើញថា លោក Trump បានប្រតិកម្មជាច្រើនលើកថា នោះជាប្រការ “មិនមានន័យ និងមិនស័ក្ដិសមជាមួយឋានៈជាមេដឹកនាំមួយរូបក្នុងពិភពសេរីភាព”។
វេជ្ជបណ្ឌិត Viswanath សាស្ត្រាចារ្យសារព័ត៌មានវេជ្ជសាស្ត្រមកពីមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវផ្នែកវេជ្ជសាស្ត្រសាធារណៈ Harvard T.H. Chan របស់ឥណ្ឌាបានថ្លែងថា អ្នករាល់គ្នានឹងសង្កេតមើលសកម្មភាពរបស់អ្នកដឹកនាំដែលបានធ្វើផ្ទុយទៅនឹងការណែនាំដែលពួកគេបានលើកឡើង។ លោកថា “ក្នុងស្ថានភាពអាក្រក់បំផុត បញ្ហានេះអាចធ្វើឱ្យសាធារណជនសង្ស័យថា តើវិធានការ ឬសារណែនាំសម្រាប់ពួកគេពិតជាមានសារសំខាន់ ឬអត់”។
COVID-19 បានបង្ហាញខ្លួននៅក្នុងប្រទេសនិងដែនដីចំនួន212ក្នុងពិភពលោក បណ្ដាលឱ្យមនុស្សជាង4.5លាននាក់ត្រូវឆ្លងវីរុស និងជាង300,000នាក់បានស្លាប់។ សហរដ្ឋអាមេរិកគឺជាសម្បុកមេរោគធំជាងគេបង្អស់ក្នុងពិភពលោក ដោយមានអ្នកជំងឺកូរ៉ូណាជាង1.5លាននាក់ និងអ្នកស្លាប់ជាង 86,900នាក់៕
ប្រភព៖ សារព័ត៌មានបរទេស