អ្នកនាំពាក្យរបស់វិមានក្រឹមឡាំង លោក Dmitry Peskov បានបញ្ជាក់អំពីស្ថានភាពជំងឺរបស់លោក ក្រោយពីបានចូលមន្ទីរពេទ្យដើម្បីព្យាបាលជំងឺរលាកសួតថ្មីដែលបង្កឡើងដោយវីរុសCOVID-19។
នៅក្នុងកិច្ចសម្ភាសមួយជាមួយសារព័ត៌មាន Kommersant កាលពីថ្ងៃទី13ឧសភា ជំនួយការផ្ទាល់របស់ប្រធានាធិបតីរុស្ស៊ី និងជាអ្នកនាំពាក្យរបស់វិមានក្រឹមឡាំង លោក Dmitry Peskov បានឱ្យដឹងថា លោកត្រូវរលាកសួតច្រើនកន្លែងដោយសារបានឆ្លងវីរុសកូរ៉ូណាប្រភេទថ្មី។ មុននោះ1ថ្ងៃ លោកក៏បានទទួលស្គាល់ថា ខ្លួនវិជ្ជមានជាមួយនឹងមេរោគCOVID-19នេះ ដែលនាំឱ្យលោកត្រូវចូលព្យាបាលនៅមន្ទីរពេទ្យ។
លោក Peskov រៀបរាប់អំពីអាការរោគរបស់លោកថា មុននោះ លោកមានអាការក្ដៅខ្លួន ហើយភរិយារបស់លោកក៏ចាប់ផ្ដើមមានរោគសញ្ញា។ លោកថា “នៅពេលមានអាការក្ដៅខ្លួន និងឈឺក្នុងរាងកាយ យើងក៏បាននាំគ្នាមកកាន់មន្ទីរពេទ្យ”។
អ្នកនាំពាក្យវិមានក្រឹមឡាំងបានទទួលស្គាល់ថា ដំបូងឡើយ លោកបានពាក្យកាត់មួយដែលអ្នកផលិតនិយាយថា អាចទប់ស្កាត់វីរុស។ “ប៉ុន្តែ ពេលអ្នកសារព័ត៌មាននិយាយថា កាតនោះគ្មានប្រសិទ្ធភាព ខ្ញុំក៏លែងពាក់វា”។
លោក Peskov គឺជាមន្ត្រីម្នាក់ក្នុងចំណោមមន្ត្រីជាន់ខ្ពស់ជាច្រើនរូបរបស់រដ្ឋាភិបាលរុស្ស៊ីដែលបានឆ្លងវីរុសCOVID-19។ កាលពីចុងខែមេសា នាយករដ្ឋមន្ត្រី Mikhail Mishustin ក៏បានប្រកាសថា បានឆ្លងវីរុសកូរ៉ូណានេះ។ ក្រៅពីនេះក៏មានរដ្ឋមន្ត្រីក្រសួងវប្បធម៍ Olga Lyubimova រដ្ឋមន្ត្រីក្រសួងសំណង់ និងលំនៅដ្ឋាន Vladimir Yakushev រួមនឹងអនុរដ្ឋមន្ត្រីក៏បានឆ្លងវីរុសCOVID-19 នេះដែរ។
គិតមកដល់ថ្ងៃទី14ឧសភា ប្រទេសរុស្ស៊ីបានរកឃើញអ្នកជំងឺកូរ៉ូណាជាង252,000នាក់ ក្នុងនោះមានជាង2,300នាក់បានបាត់បង់ជីវិត។ បច្ចុប្បន្ន ប្រទេសនេះបានក្លាយជាសម្បុកមេរោគCOVID-19 ធំជាងគេលំដាប់ទី3ក្នុងពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក និងអេស្ប៉ាញ៕
ប្រភព៖ សារព័ត៌មានបរទេស