វីរុសCOVID-19 បានសម្លាប់មនុស្សជិត298,000នាក់ ក្នុងចំណោមអ្នកជំងឺសរុបជាង4.4លាននាក់នៅជុំវិញពិភពលោក។
ប្រទេសនិងដែនដីចំនួន212ក្នុងសកលលោក ត្រូវបានរាយការណ៍ថា បានរកឃើញអ្នកជំងឺCOVID-19 សរុបឡើងដល់4,423,902នាក់ និងអ្នកស្លាប់ដោយសារវីរុសកូរ៉ូណានេះចំនួន297,665នាក់។ ក្នុងរយៈពេល24ម៉ោងចុងក្រោយនេះ ពិភពលោកក៏បានរកឃើញអ្នកជំងឺថ្មីចំនួន88,081នាក់ និងអ្នកស្លាប់ថ្មីចំនួន5,364នាក់។ អ្នកជំងឺដែលបានជាសះស្បើយបានកើនឡើងដល់1,654,891នាក់។ នេះបើតាមស្ថិតិរបស់ Worldometer។
ទ្វីបអាមេរិកជាសម្បុកមេរោគកូរ៉ូណាប្រភេទថ្មីធំជាងគេក្នុងពិភពលោក ក្នុងនោះអាមេរិកខាងជើងមានអ្នកជំងឺ1,569,569នាក់ អាមេរិកខាងត្បូងមាន355,274នាក់ ខណៈទ្វីបអឺរ៉ុបមាន1,696,322នាក់ ទ្វីបអាស៊ីមាន720,802នាក់ និងអាហ្វ្រិកមាន73,832នាក់។
ប្រទេសដែលមានអ្នកជំងឺCOVID-19 ច្រើនជាងគេក្នុងពិភពលោក នៅតែជាសហរដ្ឋអាមេរិកដដែល ដោយមានអ្នកជំងឺសរុប1.428.993នាក់ ក្នុងនោះមានអ្នកជំងឺថ្មីចំនួន 20,357នាក់។ អ្នកស្លាប់សរុបដោយសារកូរ៉ូណាមានចំនួន85,144នាក់ គឺកើន1,719នាក់បើធៀបនឹងម្សិលមិញ។ ប្រទេសនេះ មានអ្នកជំងឺCOVID-19 ចំនួន307.893នាក់ហើយដែលបានជាសះស្បើយពីជំងឺ៕
ប្រភព៖ សារព័ត៌មានបរទេស