អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក Mike Pence បានសម្រេចចិត្តថា “នៅឱ្យឆ្ងាយ” ពីប្រធានាធិបតី Donald Trump ក្នុងមួយរយៈពេល បន្ទាប់ពីអ្នកនាំពាក្យរបស់ប្រធានាធិបតីបានឆ្លងវីរុសCOVID-19។ នេះបើតាមការឱ្យដឹងពីសេតវិមាន។
“ខ្ញុំសូមបញ្ជាក់ថា នោះគឺជាការសម្រេចចិត្តផ្ទាល់ខ្លួនរបស់គាត់។ ការរក្សាគម្លាតប៉ុន្មានថ្ងៃគឺអាស្រ័យទៅលើអនុប្រធានាធិបតី”។ លេខាផ្នែកសារព័ត៌មានរបស់សេតវិមាន លោកស្រី Kayleigh McEnany បានឱ្យដឹងបែបនេះ ទាក់ទិននឹងការរក្សាគម្លាតរបស់អនុប្រធានាធិបតីអាមេរិកាំង លោក Mike Pence ជាមួយនឹងលោក Trump។
ឥរិយាបថរបស់អនុប្រធានាធិបតីអាមេរិកាំងរូបនេះ ត្រូវបានធ្វើឡើងក្រោយពី Kate Miller ដែលជាអ្នកនាំពាក្យរបស់លោក និងជាភរិយារបស់លោក Stephen Miller ដែលជាទីប្រឹក្សាជាន់ខ្ពស់របស់ប្រធានាធិបតី Trump បានឆ្លងវីរុសCOVID-19។ លោក Trump កាលពីថ្ងៃទី8ឧសភា បានអះអាងថា លោកមិនបានទាក់ទងផ្ទាល់ជាមួយនឹង Miller នោះទេក្នុងមួយរយៈពេលចុងក្រោយនេះ ប៉ុន្តែលោកស្រី Kate Miller មានទំនាក់ទំនងផ្ទាល់ជាមួយអនុប្រធានាធិបតី Mike Pence។
លោក Trump បាននិយាយបន្ថែមអំពីអនុប្រធានាធិបតីអាមេរិកាំងថា “Mike បានធ្វើតេស្តរកមេរោគ ដោយទទួលបានលទ្ធផលអវិជ្ជមាន”។ មេដឹកនាំកំពូលរបស់សហរដ្ឋអាមេរិកទាំងពីររូបនេះ សុទ្ធតែត្រូវធ្វើតេស្តរកវីរុសCOVID-19 ជារៀងរាល់ថ្ងៃ។
សូមរំឭកថា មុននេះមានទាហានពិសេសម្នាក់មកពីទ័ពជើងទឹក ដែលមានភារកិច្ចបម្រើលោក Trump ក៏បានឆ្លងវីរុសCOVID-19 ធ្វើឱ្យសេតវិមានព្រួយបារម្ភយ៉ាងខ្លាំងអំពីការឆ្លងរាលដាលក្នុងជួរស្ថាប័នកំពូលនេះ។ សមាជិកជាន់ខ្ពស់3រូបដែលស្ថិតក្នុងក្រុមអ្នកជំនាញការប្រឆាំងនឹងCOVID-19 របស់សេតវិមាន ក្នុងនោះមានមន្ត្រីជាន់ខ្ពស់ផ្នែកសុខាភិបាលនៅសេតវិមាន និងជាទីប្រឹក្សាផ្ទាល់របស់ប្រធានាធិបតីអាមេរិកាំង គឺលោក Anthony Fauci ក៏បានបង្ខាំងខ្លួនឯងផងដែរដើម្បីការពារការឆ្លងមេរោគ។
ការិយាល័យគ្រប់គ្រងសេតវិមាន កាលពីថ្ងៃទី11ឧសភាបានចេញសេចក្ដីប្រកាសណែនាំឱ្យបុគ្គលិកនៅទីនេះពាក់ម៉ាស់ជាប់ជានិច្ចក្នុងតំបន់ករិយាល័យប្រធានាធិបតី ទន្ទឹមនឹងនេះសេតវិមានក៏ស្នើឱ្យគោរពវិធានការរក្សាគម្លាតក្នុងទីសាធារណៈផងដែរ។ ក៏ប៉ុន្តែ លោក Trump ទទួលបានសិទ្ធិលើកលែងក្នុងករណីនេះ បន្ទាប់ពីជំនួយការនានានៅសេតវិមានបានឱ្យដឹងថា លោក Trump ទំនងជាមិនព្រមពាក់ម៉ាស់នោះទេ។
នៅសហរដ្ឋអាមេរិក គិតមកដល់បច្ចុប្បន្ន មានអ្នកជំងឺCOVID-19 សរុប 1,407,928នាក់ និងអ្នកស្លាប់សរុបមានចំនួន83,357នាក់ ក្នុងនោះមានអ្នកជំងឺថ្មី23,895នាក់ និងអ្នកស្លាប់ថ្មី1,654នាក់ដែលទើបបានរកឃើញក្នុងថ្ងៃនេះ។ អ្នកជំងឺដែលបានជាសះស្បើយនៅសហរដ្ឋអាមេរិកក៏បានកើនឡើងដល់293,074នាក់៕
ប្រភព៖ សារព័ត៌មានបរទេស