គ្មានអ្នកណាដឹងពីចំនួនពិតប្រាកដរបស់អ្នកឆ្លងមេរោគវីរុសកូរ៉ូណាប្រភេទថ្មី ឬកូវីដ-19 នៅក្នុងប្រទេសជប៉ុនឡើយ…តាមរយៈការដាស់តឿនមួយនៅក្នុងក្រុមគណៈអ្នកជំនាញការតស៊ូនឹងជំងឺរាតត្បាតដ៏ធំរបស់រដ្ឋាភិបាលកាលពីថ្ងៃចន្ទ(ទី11 ឧសភា) ក្រោមសំឡេងរិះគន់យ៉ាងខ្លាំងក្លា និងច្រើនឡើងជារឿយៗថា រដ្ឋបាលមានចេតនាមិនពិនិត្យជំងឺប្រជាជន។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន សៅថ៍ ឆាយណា ម៉រនីង ផូស្ត។
លោក ឈិង៉េរ៊ុ អូមិ ប្រធានគណៈអ្នកជំនាញការតស៊ូនឹងការឆ្លងរាលដាលរបស់មេរោគកូវីដ-19 របស់រដ្ឋាភិបាល បានប្រាប់ទៅគណៈកម្មាធិការគ្រប់គ្រងថវិការបស់ព្រឹទ្ធសភាថា “ប្រាកដណាស់ថា ចំនួនអ្នកឆ្លងមេរោគពិតប្រាកដ ខ្ពស់ជាងនៅក្នុងរបាយការណ៍ គ្មានអ្នកណាដឹងឡើយ ជួនកាលវាអាចខ្ពស់ជាង 10ដង 12ដង ឬ 20ដង ផងក៏មិនដឹង!?”
ជប៉ុនបានអះអាងរកឃើញអ្នកឆ្លងមេរោគសរុបចំនួន 15,777នាក់ ក្នុងនោះស្លាប់ 624នាក់ ដោយចំនួននេះ មិនរាប់បញ្ចូលអ្នកដំណើរ 712នាក់ ដែលត្រូវបានរកឃើញថា ឆ្លងមេរោគនេះនៅលើនាវាទេសចរណ៍ ដៃអាម៉ុន ព្រីនសេស ដែលចតនៅកំពង់ផែ និងត្រូវបានដាក់បង្ខាំងឱ្យនៅដោយឡែកនៅក្រៅឆ្នេរសមុទ្រជិតទីក្រុងតូក្យូ តាំងពីខែកុម្ភៈនោះឡើយ។
យ៉ាងណាក៏ដោយ ក្រុមអ្នករិះគន់បានប្រាប់ថា តួលេខអ្នកឆ្លងមេរោគពិតប្រាកដអាចខ្ពស់ជាងនេះ ជាង10ដង ព្រមទាំងរិះគន់រដ្ឋបាលរបស់លោកនាយករដ្ឋមន្ត្រី ស៊ីនហ្សូ អាបេ ថា មានចេតនាកំណត់ការពិនិត្យមេរោគប្រជាជន។
ក្រុមអ្នករិះគន់បានប្រាប់ថា រដ្ឋាភិបាលគិតតែពីខំប្រឹងព្យាយាមក្នុងការដំណើរការរៀបចំការប្រកួតកីឡាអូឡាំពិករដូវក្ដៅ ដែលទីក្រុងតូក្យូជាម្ចាស់ផ្ទះ ប្ដូរជាមួយការត្រួតពិនិត្យមេរោគប្រជាជនយ៉ាងមានកំណត់ តែនៅទីបំផុតទៅ គណៈកម្មការអូឡាំពិកអន្តរជាតិ និងជប៉ុន ក៏ឯកភាពគ្នានៅថ្ងៃទី24 មីនា សម្រេចពន្យារពេលការរៀបចំការប្រកួតនេះរហូតដល់ឆ្នាំក្រោយ។
សមាជិករដ្ឋសភា មកពីគណបក្សប្រឆាំង និងក្រុមអ្នកជំនាញការ បានទាមទារ ម្ដងហើយម្ដងទៀត ឱ្យរដ្ឋាភិបាលបន្ថែមបរិមាណការត្រួតពិនិត្យរកមេរោគដល់ប្រជាជន។
ថេដស៊ីរ៉ូ ហ្វ៊ូគូយ៉ាម៉ៈ លេខាធិការគណបក្សរដ្ឋធម្មនុញ្ញប្រជាធិបតេយ្យ(Constitutional Democratic Party ឬ CDP) បានប្រាប់ទៅគណៈកម្មាធិការថា ចំនួនប្រជាជនដែលមកសុំការពិនិត្យរកមេរោគ មានច្រើនជាង1លាននាក់ តែមានតែប្រហែល 60,000នាក់ប៉ុណ្ណោះ ដែលបានទទួលការត្រួតពិនិត្យរកមេរោគ។
ព័ត៌មានរបស់ក្រុមអ្នកស្រាវជ្រាវ Our World in Data នៃមហាវិទ្យាល័យ Oxford បានរកឃើញថា ជប៉ុនបានធ្វើការពិនិត្យមេរោគពីប្រជាជនបានត្រឹមតែ 1.68នាក់ប៉ុណ្ណោះសម្រាប់ចំនួនប្រជាជន 1,000នាក់(មិនដល់ 2នាក់ទេ ក្នុងចំនួនមនុស្ស1,000នាក់) ខណៈដែលកូរ៉េខាងត្បូង មានអត្រាការពិនិត្យមេរោគបាន 12.95(ជិត13នាក់) សម្រាប់ចំនួនប្រជាជន 1,000នាក់។
កាលពីអំឡុងចុងសប្ដាហ៍កន្លងមក ខាងក្រសួងសាធារណៈសុខាភិបាល ពលករ និងសុវត្ថិភាពសង្គម ទើបតែមានការសម្រេចចិត្តលុបចោលច្បាប់មួយចេញ ដើម្បីអនុញ្ញាតឱ្យប្រជាជនបានចូលទៅដល់ការត្រួតពិនិត្យមេរោគកាន់តែច្រើនឡើង បន្ទាប់ពីកាលពីពេលមុនហ្នឹង ធ្លាប់បានកំណត់ថា បុគ្គលដែលនឹងត្រូវទទួលបានការត្រួតពិនិត្យកូវីដ-19 ត្រូវតែមានសីតុណ្ហភាពរាងកាយលើស 37.5អង្សាC ឬក្ដៅខ្លាំងជាងហ្នឹងរយៈពេល 4ថ្ងៃជាប់គ្នាជាមុនសិន។
ខាស៊ឺណូប៊ុ ខាតូ រដ្ឋមន្ត្រីក្រសួងសាធារណៈសុខាភិបាល បានធ្វើការអះអាងកាលពីថ្ងៃសុក្រ(ទី8 ឧសភា) ថា ការកំណត់ខាងលើ គឺជា “ការយល់ច្រឡំ” និងជាពាក្យសម្ដីដែលបំប៉ោង និងសំឡេងរអ៊ូរទាំមួម៉ៅរបស់ប្រជាជន ក្នុងខណៈដែលក្រុមអ្នករិះគន់ បានបញ្ជាក់ថា ពួកអ្នករាជការក្នុងក្រសួង មិនហ៊ានពើងទ្រូងទទួលយកភាពបរាជ័យឡើយ។
កាលពីសប្ដាហ៍កន្លងទៅ លោកនាយករដ្ឋមន្ត្រី អាបេ បានពន្យារពេលការដាក់ប្រទេសក្នុងគ្រាអាសន្ន រហូតទៅដល់ចុងខែ
ឧសភា ក្នុងខណៈដែលប្រទេសជប៉ុនត្រូវប្រឈមនឹងតួលេខអ្នកឆ្លងមេរោគថ្មីខ្ទង់រយនាក់ជារៀងរាល់ថ្ងៃ។ ទាំងអស់នេះ រដ្ឋាភិបាលនឹងសម្រេចចិត្តនៅថ្ងៃព្រហស្បតិ៍(ទី14 ឧសភា)ខាងមុខនេះថា តើនឹងមានលុបចោលប្រកាសស្ថានការណ៍គ្រាអាសន្នក្នុងចំណែកខ្លះ ឬក៏អត់?៕
ប្រភព៖ សាព័ត៌មានបរទេស