អ្នកទោសមួយចំនួននៅឯពន្ធនាគារក្នុងរដ្ឋ California នៃសហរដ្ឋអាមេរិក ត្រូវបានសមត្ថកិច្ចរកឃើញថា មានការព្យាយាមក្នុងការចម្លងវីរុសCOVID-19 មកលើខ្លួនឯង ក្នុងបំណងជួយឱ្យពួកគេបានរួចខ្លួនពីពន្ធនាគារ។
ស្នងការនគរបាលក្រុង Los Angeles នៃរដ្ឋ California លោក Alex Villanueva កាល ពីថ្ងៃទី11ឧសភា បានឱ្យដឹងថា សមត្ថកិច្ចមានភ័ស្តុតាងបញ្ជាក់ថា អ្នកទោសមួយចំនួននៅក្នុងបណ្ដាពន្ធនាគារនៅ Los Angeles កំពុងព្យាយាមដើម្បីធ្វើឱ្យពួកគេបានឆ្លងវីរុសCOVID-19។
នៅក្នុងឃ្លីបវីដេអូដែលត្រូវបានសមត្ថកិច្ចចាត់ទុកជាភ័ស្តុតាង គេឃើញថា អ្នកទោសមួយចំនួនបាននាំគ្នាផឹកទឹកដែលត្រូវបានដាក់នៅក្នុងបំពង់ទឹកមួយដែលមានផ្ទុកវីរុសCOVID-19។ ក្រោយមក ពួកគេបានលាក់បំពង់ទឹកនេះ និងរង់ចាំការដោះលែងព្រោះឆ្លងវីរុស។
Villanueva បានប្រាប់សារព័ត៌មាន Los Angeles Times ថា “ពិតជាមានការពិបាកទ្រាំណាស់នៅពេលដឹងថា មានមនុស្សជាច្រើនកំពុងព្យាយាមចម្លងមេរោគមកឱ្យខ្លួនពួកគេផ្ទាល់”។
សកម្មភាពនៃល្បិចខាងលើនេះត្រូវបានថតជាវីដេអូ បន្ទាប់ពីសមត្ថកិច្ចទទួលបានព័ត៌មានសម្ងាត់ពីអ្នកទោសម្នាក់ដែលបានរាយការណ៍ថា ខ្លួនបានឃើញសម្ភារមួយចំនួនដែលអ្នកទោសផ្សេងៗជឿថា វាអាចចម្លងមេរោគកូរ៉ូណាទៅឱ្យពួកគេ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា អ្នកទោសដែលបានរាយការណ៍នេះ ហាក់ត្រូវបានអ្នកទោសដទៃវាយដំ ក្រោយពីបានរំខានដល់សកម្មភាពនៃការព្យាយាមបង្កជំងឺដូចដែលបានរៀបរាប់ខាងលើ។
រាប់ចាប់ពីវីរុសCOVID-19 បានឆ្លងរាលដាលនៅសហរដ្ឋអាមេរិក មានអ្នកទោស357នាក់បានឆ្លងវីរុសនៅក្នុងបណ្ដាពន្ធនាគារនេះ ក្នុងចំណោមនោះ មានអ្នកទោស117នាក់បានជាសះស្បើយ។
ចំនួនអ្នកទោសនៅក្នុងតំបន់ Los Angeles ត្រូវបានកាត់បន្ថយដើម្បីទប់ស្កាត់ការឆ្លងវីរុសCOVID-19។ គិតត្រឹមចុងសប្ដាហ៍កន្លងទៅ បណ្ដាពន្ធនាគារដែលមានអ្នកទោសប្រមាណជា17,000នាក់ ពេលនេះនៅសល់ត្រឹម11,723នាក់ប៉ុណ្ណោះ៕
ប្រភព៖ សារព័ត៌មានបរទេស