វីរុសCOVID-19 បានសម្លាប់មនុស្សជិត287,000នាក់ ខណៈបានបង្កជំងឺដល់មនុស្សជាង4.2លាននាក់នៅទូទាំងពិភពលោក ក្នុងនោះ ប្រទេសចំនួន10 មានអ្នកជំងឺលើសពី100,000នាក់ និងប្រទេសចំនួន6 មានអ្នកស្លាប់លើសពី10,000នាក់។
នៅលើពិភពលោក មានប្រទេសនិងដែនដីចំនួន212 ត្រូវបានរាយការណ៍ថា មានមនុស្ស4,246,795នាក់បានឆ្លងវីរុសCOVID-19 ក្នុងនោះមាន286,740នាក់បានបាត់បង់ជីវិត។ រយៈពេល24ម៉ោងចុងក្រោយនេះ ពិភពលោកបានរកឃើញអ្នកជំងឺថ្មីចំនួន72,044នាក់ និងអ្នកស្លាប់ថ្មីចំនួន3,129នាក់។ ចំណែកអ្នកដែលបានជាសះស្បើយពីជំងឺកូរ៉ូណានេះ បានឡើងដល់1,522,034នាក់។ តួលេខនេះគឺយោងទៅតាមស្ថិតិរបស់ Worldometer។
ទ្វីបអឺរ៉ុបមានមនុស្ស1,653,012នាក់បានធ្លាក់ខ្លួនឈឺដោយសារឆ្លង COVID-19 ខណៈដែលអាមេរិកខាងជើងមានអ្នកជំងឺសរុប1,517,580នាក់ ទ្វីបអាស៊ីមាន683,637នាក់ អាមេរិកខាងត្បូងមាន319,297នាក់ និងទ្វីបអាហ្វ្រិកមាន
67,778នាក់។
ប្រទេសចំនួន10ដែលមានអ្នកជំងឺកូរ៉ូណាលើសពី100,000នាក់ រួមមានសហរដ្ឋអាមេរិក អេស្ប៉ាញ អង់គ្លេស អ៊ីតាលី រុស្ស៊ី បារាំង អាល្លឺម៉ង់ ប្រេស៊ីល ទួរគី និងអ៊ីរ៉ង់។
ចំណែកប្រទេសដែលមានអ្នកស្លាប់ដោយសារ COVID-19 លើសពី10,000នាក់ មានចំនួន6ប្រទេស រួមមានសហរដ្ឋអាមេរិក អង់គ្លេស អ៊ីតាលី អេស្ប៉ាញ បារាំង និងប្រេស៊ីល៕
ប្រភព៖ សារព័ត៌មានបរទេស