អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក Barack Obama បានបញ្ចេញមតិដ៏កម្រមួយ រិះគន់ទៅលើវិធីទប់ទល់នឹង COVID-19 របស់រដ្ឋាភិបាលលោក Trump ក្នុងពេលដែលវីរុសកូរ៉ូណានេះបានសម្លាប់ពលរដ្ឋអាមេរិកាំងជាង80,000នាក់។
ទិន្នន័យនៅលើគេហទំព័រ Worldometers បានបង្ហាញថា គិតមកដល់បច្ចុប្បន្ន តួលេខនៃអ្នកស្លាប់ដោយសារវីរុសCOVID-19 នៅសហរដ្ឋអាមេរិក បានឡើងដល់80,004នាក់ ក្នុងនោះមានអ្នកស្លាប់ថ្មីជិត1.389នាក់។ ប្រទេសនេះបានរកឃើញអ្នកជំងឺថ្មីជាង24,000នាក់ ធ្វើឱ្យតួលេខនៃអ្នកជំងឺសរុបឡើងដល់1,346,332នាក់។
ទស្សនាវដ្ដី Forbes ថ្ងៃនេះ បាននាំពាក្យអតីតមន្ត្រីជាន់ខ្ពស់3រូបដែលធ្លាប់ធ្វើការក្នុងរដ្ឋាភិបាលលោក Barack Obama បានឱ្យដឹងថា លោក Obama បានរិះគន់យ៉ាងខ្លាំងទៅលើវិធីប្រយុទ្ធប្រឆាំងនឹងវីរុសCOVID-19 របស់រដ្ឋាភិបាលលោក Donald Trump ដោយបានហៅវិធីដែលលោក Trump ប្រើប្រាស់នោះថាជា “គ្រោះមហន្តរាយសុទ្ធសាធ” (an absolute chaotic disaster)។
លោក Obama ថ្លែងថា ប្រការនេះគឺជាការក្រើនរំឭកមួយចំពោះមូលហេតុដែលគេត្រូវការការដឹកនាំប្រកបដោយភាពខ្លាំងក្លារបស់រដ្ឋាភិបាល ក្នុងការប្រឈមនឹងវិបត្តិសកល។
លោក Obama បានថ្លែងថា “ការបោះឆ្នោតដែលជិតមកដល់ គឺពិតជារឿងសំខាន់ ព្រោះថា អ្វីដែលយើងកំពុងប្រឈមមុខននេះ មិនមែនជាបុគ្គលមួយរូប ឬបក្សនយោបាយមួយក្រុមនោះទេ។ វាគឺជានិន្នាការយូរអង្វែង ក្នុងនោះមានភាពអត្មានិយម រើសអើង និងការចាត់ទុកអ្នកដទៃជាសត្រូវ។ នេះគឺជាផ្នែកមួយនៃមូលហេតុដែលនាំឱ្យមានប្រតិកម្មទៅនឹងវិបត្តិសកលនេះប្រកបដោយភាពទន់ខ្សោយ។ល។ នេះគឺជា “គ្រោះមហន្តរាយសុទ្ធសាធ”។
ក៏ប៉ុន្តែ ជំនួយការផ្នែកសារព័ត៌មានរបស់សេតវិមាន លោកស្រី Kayleigh McEnany បានច្រានចោលការរិះគន់របស់លោក Obama។ លោកស្រីថ្លែងថា “វិធានការទប់ទល់នឹងមេរោគរាតត្បាត COVID-19 របស់លោកប្រធានាធិបតី Trump គឺជារឿងដែលមិនធ្លាប់មានពីមុនមក និងបានជួយសង្គ្រោះពលរដ្ឋអាមេរិកាំងជាច្រើនទៀតផង”៕
ប្រភព៖ សារព័ត៌មានបរទេស