លោក Donald Trump ថ្លែងថា សហរដ្ឋអាមេរិកនឹងប្រកាសអំពីគម្រោងផ្ដល់ជំនួយដល់អង្គការសុខភាពពិភពលោកក្នុងពេលឆាប់ៗខាងមុខ បន្ទាប់ពីបានចោទប្រកាន់អង្គការនេះថាជា “អាយ៉ងរបស់ប្រទេសចិន”។
“អង្គការសុខភាពពិភពលោក(WHO) គឺជាអាយ៉ងរបស់ចិន” ប្រធានាធិបតីសហរដ្ឋអាមេរិកថ្លែងបែបនេះនៅក្នុងកម្មវិធីទូរទស្សន៍ Fox & Friends កាលពីថ្ងៃទី8ឧសភា។ លោកបន្តថា “យើងបានឱ្យប្រាក់ទៅ WHO ច្រើនជាងគេបង្អស់។ ហើយខ្ញុំបានស្ដីបន្ទោសអ្នកនយោបាយរបស់ខ្ញុំ។ និយាយដោយស្មោះ ក្រុមអ្នកនយោបាយរបស់យើង បានប្រឹងប្រែងខ្លាំងណាស់”។
ប្រធានាធិបតីអាមេរិកាំងយល់ថា ដោយសារតែបញ្ហាខាងលើនេះហើយ ដែលទីក្រុងវ៉ាស៊ីងតោននឹងធ្វើការពិនិត្យក្នុងពេលឆាប់ៗខាងមុខ ដើម្បីសម្រេចចិត្តទៅលើផែនការផ្ដល់ជំនួយសម្រាប់ WHO។
កាលពីខែមេសា លោក Trump បានប្រកាសកាត់ជំនួយសម្រាប់ WHO ដោយមូលហេតុថា អង្គការនេះបានឃុបឃិតជាមួយទីក្រុងប៉េកាំងក្នុងការលាក់បាំងភាពធ្ងន់ធ្ងររបស់COVID-19 នៅប្រទេសចិន បណ្ដាលឱ្យប្រទេសជាច្រើនត្រូវខាតពេលវេលាដ៏មានតម្លៃសម្រាប់ត្រៀមទប់ទល់នឹងវីរុសកូរ៉ូណា ព្រមទាំងនាំឱ្យមានការពន្យារពេលក្នុងការដាក់បម្រាមគោចរ។ លោក Trump សង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកបានចំណាយប្រាក់450លានដុល្លារទៅឱ្យ WHO ខណៈដែលប្រទេសចិនផ្ដល់ជំនួយត្រឹមតែ38លានដុល្លារប៉ុណ្ណោះ។
ក្រោយពីលោក Trump បានគំរាមកាត់ជំនួយ ប្រធានអង្គការ WHO លោក Tedros ក៏បានសម្ដែងការសោកស្ដាយ និងបានអះអាងថា “អាមេរិកាំងគឺជាមិត្តយូរអង្វែង និងចិត្តទូលាយសម្រាប់ WHO” ហើយសង្ឃឹមថា ទីក្រុងវ៉ាស៊ីងតោននឹងបន្តផ្ដល់ជំនួយតទៅទៀត។
សាស្ត្រាចារ្យ Nahid Bhadelia ដែលជាអ្នកជំនាញខាងជំងឺឆ្លង មកពីសាកលវិទ្យាល័យ Boston នៃសហរដ្ឋអាមេរិក បានថ្លែងថា ការកាត់ជំនួយដល់ WHO ប្រៀបបានដូចជាគ្រោះមហន្តរាយមួយយ៉ាងដូច្នោះដែរ។ ចំណែកបក្សប្រជាធិបតេយ្យក៏បានរិះគន់លើប្រធានាធិបតីអាមេរិកាំង និងព្រមានថា វាអាចធ្វើឱ្យមានភាពស្មុគស្មាញកាន់តែខ្លាំងចំពោះការខិតខំរបស់ពិភពលោកដើម្បីទប់ទល់នឹងវីរុសនេះ។
សហរដ្ឋអាមេរិក បានរួមចំណែកផ្ដល់ជំនួយប្រហែល22% ក្នុងចំណោមជំនួយដែល WHO ទទួលបាន។ ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ WHO ទទួលបានប្រាក់ជំនួយពីក្រសួងការបរទេស ក្រសួងសុខាភិបាល ស្ថាប័នការពារបរិស្ថាន និងទីភ្នាក់ងារអភិវឌ្ឍអន្តរជាតិរបស់សហរដ្ឋអាមេរិក។ ថវិកាទាំងនេះ ភាគច្រើនត្រូវបានប្រើប្រាស់ដើម្បីអនុវត្តយុទ្ធនាការលុបបំបាត់ជំងឺគ្រុនស្វិតដៃជើង និងជំនួយផ្នែកសុខាភិបាលទៅឱ្យបណ្ដាប្រទេសនៅអាហ្វ្រិក៕
ប្រភព៖ សារព័ត៌មានបរទេស