គិតមកដល់បច្ចុប្បន្ន កម្ពុជាមានអ្នកជំងឺCOVID-19 សរុបចំនួន122នាក់ ក្នុងនោះមានអ្នកជំងឺ120នាក់បានជាសះស្បើយ ដូច្នេះ កម្ពុជានៅសល់អ្នកជំងឺកូរ៉ូណាចុងក្រោយតែ2នាក់ទៀតប៉ុណ្ណោះ ដែលពួកគេនឹងត្រូវបញ្ជូនមកព្យាបាលបន្តនៅរាជធានីភ្នំពេញ។
អ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា លោកស្រីវេជ្ជបណ្ឌិតឱ វណ្ណឌីន មានប្រសាសន៍ថា សុខភាពរបស់អ្នកជំងឺCOVID-19ចុងក្រោយទាំង2រូបដែលកំពុងទទួលការព្យាបាលនៅឯមន្ទីរពេទ្យខេត្ត មិនមានសភាពធ្ងន់ធ្ងរនោះទេ។ លោកស្រីរដ្ឋលេខាធិការក្រសួងសុខាភិបាលបានឱ្យដឹងនៅព្រឹកនេះថា អ្នកជំងឺទាំងនេះនឹងត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យខ្មែរ-សូវៀត ដើម្បីព្យាបាលបន្ត។
ចំពោះមូលហេតុដែលនាំឱ្យក្រសួងសម្រេចចិត្តបញ្ជូនអ្នកជំងឺCOVID-19ចុងក្រោយមកបន្តព្យាបាលនៅឯមន្ទីរពេទ្យរុស្ស៊ីនេះ គឺដោយសារម្នាក់មានវ័យចំណាស់ និងមានជំងឺប្រចាំកាយស្រាប់ ចំណែកម្នាក់ទៀតមានបញ្ហាផ្លូវចិត្ត ហើយមន្ទីរពេទ្យរុស្ស៊ី ក៏មានសម្ភារវេជ្ជសាស្ត្រទំនើបៗ និងវេជ្ជបណ្ឌិតដែលមានបទពិសោធន៍ច្រើន និងជំនាញខ្ពស់។