ឧត្ដមសេនីយ៍ Otavio Rego Barros ដែលជាអ្នកនាំពាក្យរបស់ប្រធានាធិបតីប្រេស៊ីល គឹជាមន្ត្រីថ្មីបំផុតនៅក្នុងរដ្ឋាភិបាលរបស់លោក Bolsonaro ត្រូវឆ្លង COVID-19 ដែលវីរុសនេះ ត្រូវបានប្រធានាធិបតីចាត់ទុកថា គ្រាន់តែជាគ្រុនផ្ដាសាយរដូវ (Seasonal influenza) តែប៉ុណ្ណោះ។
ឧត្ដមសេនីយ៍ Otavio Rego Barros មានអាយុ59ឆ្នាំ ដែលជាមន្ត្រីជាន់ខ្ពស់ម្នាក់របស់រដ្ឋាភិបាលលោក Bolsonaro “កំពុងនៅឯផ្ទះ ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល” បន្ទាប់ពីទទួលបានលទ្ធផលវិជ្ជមានជាមួយ COVID-19 កាលពីថ្ងៃទី5ឧសភាកន្លងទៅ។ នេះបើតាមការិយាល័យប្រធានាធិបតីប្រេស៊ីល ដែលបានឱ្យដឹងកាលពីថ្ងៃទី6ឧសភា។
គិតមកដល់បច្ចុប្បន្ន មន្ត្រីរដ្ឋាភិបាលរបស់លោក Bolsonaro ជាង20រូបហើយដែលបានឆ្លងវីរុសកូរ៉ូណា ក្នុងនោះក៏មានជំនួយការផ្នែកសារព័ត៌មាន Fabio Wajngarten និងរដ្ឋមន្ត្រីក្រសួងសន្តិសុខជាតិ Augusto Heleno ផងដែរ។ ប្រធានាធិបតី Bolsonaro បានថ្លែងថា លោកបានធ្វើតេស្ត និងទទួលបានលទ្ធផលអវិជ្ជមាន ប៉ុន្តែ លោកមិនបានប្រកាសជាសាធារណៈអំពីលទ្ធផលនៃការពិនិត្យសុខភាពនេះនោះទេ។
ទីភ្នាក់ងារសារព័ត៌មាន Estado de Sao Paulo របស់ប្រទេសប្រេស៊ីល បានដាក់ពាក្យបណ្ដឹងទៅតុលាការ ដើម្បីបង្ខំឱ្យប្រធានាធិបតី Bolsonaro ប្រកាសអំពីលទ្ធផលនៃការធ្វើតេស្តរកវីរុសកូរ៉ូណារបស់លោក ដោយយល់ថា សុខភាពរបស់ប្រធានាធិបតីគឺជាបញ្ហាដែលសាធារណជនមានការចាប់អារម្មណ៍។ ចៅក្រមនៃតុលាការសហព័ន្ធ កាលពីថ្ងៃទី6ឧសភា បានចេញសាលក្រមមួយ គាំទ្រដល់កាសែតខាងលើ និងបានច្រានចោលបណ្ដឹងឧទ្ធរណ៍របស់រដ្ឋាភិបាលផងដែរ។ ក៏ប៉ុន្តែ រដ្ឋបាលរបស់លោក Bolsonaro ត្រូវបានគេជឿថានឹងប្ដឹងទៅតុលាការថ្នាក់លើបន្តទៀត។
ប្រធានាធិបតីប្រេស៊ីល បានចាត់ទុក COVID-19 ថាដូចទៅនឹងជំងឺផ្ដាសាយរដូវ ហើយក៏ធ្លាប់បានប្រកាសថា ឥទ្ធិពលអាក្រក់របស់វីរុសនេះ ត្រូវបានគេបំផ្លើសហួសហេតុដោយសារតែនយោបាយ។ លោកប្រធានាធិបតីរូបនេះ ក៏តែងតែបង្ហាញភាពខ្វះអំណត់ចំពោះបម្រាមគោចរដែលត្រូវបានដាក់ចេញដោយអភិបាលរដ្ឋនានានៅក្នុងប្រទេសនេះ និងបានថ្កោលទោសទៅលើ “ភាពស្លន់ស្លោ” ជុំវិញ COVID-19 ព្រមទាំងបានតឿនអភិបាលរដ្ឋនានា ឱ្យបើកដំណើរការសេដ្ឋកិច្ចឡើងវិញទៀតផង។
បច្ចុប្បន្ន COVID-19 បានសម្លាប់មនុស្សជាង365,000នាក់ ក្នុងចំណោមអ្នកជំងឺកូរ៉ូណាជាង3.8លាននាក់នៅក្នុងពិភពលោក។ ប្រេស៊ីលគឺជាសម្បុកមេរោគធំជាងគេបង្អស់នៅតំបន់ខាងត្បូងនៃទ្វីបអាមេរិក ដោយមានអ្នកជំងឺជាង8,500នាក់ ក្នុងនោះមានជាង126,000នាក់បានបាត់បង់ជីវិត៕
ប្រភព៖ សារព័ត៌មានបរទេស