រោគរាតត្បាតដែលត្រូវបានបំភ្លេចចោល?
ទោះជាបានផ្ដល់មេរៀនដល់មនុស្សក្នុងពិភពលោកយ៉ាងច្រើនហើយក៏ដោយ តែមើលទៅហាក់ដូចជាជំងឺគ្រុនផ្ដាសាយធំអេស្ប៉ាញ បានក្លាយជាជំងឺមួយដែលត្រូវបានគេបំភ្លេចចោល។
ដូចគ្នានឹងកូវីដ-19ដែរ ជំងឺគ្រុនផ្ដាសាយធំអេស្ប៉ាញបានធ្វើឱ្យកើតមានផលប៉ះពាល់ដល់បុគ្គលដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញជាច្រើន ដូចជា ប្រធានាធិបតី អ៊ែនឌ្រូ វីលសុន របស់សហរដ្ឋអាមេរិក និងលោកនាយករដ្ឋមន្ត្រី ឡយដ៍ ចច របស់អង់គ្លេស ដែលទាំង 2នាក់សុទ្ធតែធ្លាក់ខ្លួនឈឺដោយសារជំងឺគ្រុនផ្ដាសាយធំអេស្ប៉ាញដូចគ្នា ខណៈដែលលោកប្រធានាធិបតី រូឌ្រីហ្គេស អាល់វីស របស់ប្រទេសប្រេស៊ីល បានស្លាប់ដោយសារជំងឺដ៏សាហាវនេះ។
យ៉ាងណាក៏ដោយ ជំងឺគ្រុនផ្ដាសាយធំអេស្ប៉ាញ បែរជាត្រូវបិទបាំងចំណាប់អារម្មណ៍របស់មនុស្សម្នាក្នុងពិភពលោកដោយសារសង្គ្រាមលោកលើកទី1…1ផ្នែក គឺដោយសារតែខណៈពេលនោះ រដ្ឋបាលនៃប្រទេសជាច្រើនបានប្រើវិធានការសិនស៊ើរ ឬកាត់ចោល មិនឱ្យសារព័ត៌មានរាយការណ៍អំពីផលប៉ះពាល់ដោយសារជំងឺរាតត្បាតនៅគ្រានោះក្នុងអំឡុងពេលសង្គ្រាម។
ក្រៅពីត្រូវបានរារាំងការរាយការណ៍ព័ត៌មានហើយ ការឆ្លងរាតត្បាតរបស់ជំងឺគ្រុនផ្ដាសាយធំអេស្ប៉ាញ ថែមទាំងស្ទើរតែមិនត្រូវបានកត់ត្រាទុកនៅក្នុងសៀវភៅប្រវត្តិសាស្ត្រ ឬវប្បធម៌សម័យនិយមផ្សេងៗ ដូចជា បទចម្រៀង ឬស្នាដៃសិល្បៈផ្សេងៗឡើយ។
តែមានម្នាក់ ក្នុងចំណោមសិល្បករដែលបានបង្កើតស្នាដៃទុកក្នុងអំឡុងពេលនោះគឺ លោក អ៊ែដវើដ មុនហ្ស៍ វិចិត្រករជនជាតិន័រវេយ៍ ដែលបានគូររូបរបស់ខ្លួនឯង ក្នុងខណៈពេលកំពុងឈឺដោយសារជំងឺគ្រុនផ្ដាសាយធំអេស្ប៉ាញ។
ទោះជាការឆ្លងរាលដាលរបស់ជំងឺគ្រុនផ្ដាសាយធំអេស្ប៉ាញ អាចត្រូវបានបំភ្លេច ឬរលុបបាត់ពីការចងចាំរបស់មនុស្សម្នា ឬបាត់ពីក្នុងទំព័រប្រវត្តិសាស្ត្រពិភពលោកក៏ពិតមែន តែការឆ្លងរាលដាលដ៏ធំរបស់មេរោគកូវីដ-19 ដែលកំពុងកើតឡើងនៅពេលនេះ បានរើកកាយការចងចាំ ដាស់ស្មារតី និងដាស់តឿនមនុស្សលោក ឱ្យដឹងពីភាពធ្ងន់ធ្ងររបស់រោគរាតត្បាតដែលបាននាំមហាហាយនៈមកឱ្យពិភពលោកកាលពីជាង 100ឆ្នាំមុនដែរ៕
ប្រភព៖ សារព័ត៌មានបរទេស
ប្រែសម្រួលដោយ តាវ៉ែនតា