វីរុសកូរ៉ូណាប្រភេទថ្មី បានធ្វើឱ្យមនុស្សជាង3.8លាននាក់នៅពាស់ពេញសកលលោកត្រូវកើតជំងឺ ក្នុងនោះ វាបានសម្លាប់មនុស្សជាង264,000នាក់។
ប្រទេសនិងដែនដីចំនួន212ក្នុងពិភពលោក ត្រូវបានរាយការណ៍ថា មានអ្នកជំងឺCOVID-19 សរុប3,812,513នាក់ និងអ្នកស្លាប់ដោយសារវីរុសកូរ៉ូណានេះចំនួន264,109នាក់ ដោយនៅក្នុងអំឡុង24ម៉ោងចុងក្រោយនេះមានអ្នកជំងឺថ្មី91,120នាក់ និងអ្នកស្លាប់ថ្មីមាន6,242នាក់។ ក្នុងចំណោមអ្នកជំងឺសរុប មានអ្នកជំងឺ1,288,726នាក់បានជាសះស្បើយ។ នេះបើតាមស្ថិតិរបស់ WourldeMeters។
ទ្វីបអាមេរិកមានអ្នកជំងឺCOVID-19ច្រើនជាងទ្វីបណាៗទាំងអស់ ក្នុងនោះតំបន់អាមេរិកខាងជើងមានអ្នកជំងឺសរុប1,375,502នាក់ អាមេរិកខាងត្បូងមាន253,597នាក់ ខណៈទ្វីបអឺរ៉ុបមាន1,524,884នាក់ ទ្វីបអាស៊ីមាន603,065នាក់ និងទ្វីបអាហ្វ្រិកមាន52,341នាក់។
ប្រទេសដែលមានអ្នកស្លាប់ដោយសារជំងឺកូរ៉ូណាសរុបលើសពី25,000នាក់ មាន5ប្រទេស រួមមានសហរដ្ឋអាមេរិក អង់គ្លេស អ៊ីតាលី អេស្ប៉ាញ និងបារាំង។
ប្រទេសចំនួន10ដែលមានអ្នកជំងឺកូរ៉ូណាសរុបលើសពី100,000នាក់ រួមមានសហរដ្ឋអាមេរិក អេស្ប៉ាញ អ៊ីតាលី អង់គ្លេស បារាំង អាល្លឺម៉ង់ រុស្ស៊ី ទួរគី ប្រេស៊ីល និងប្រទេសអ៊ីរ៉ង់៕
ប្រភព៖ សារព័ត៌មានបរទេស