ក្រុមហ៊ុនផលិតឱសថ Pfizer និងក្រុមហ៊ុនបច្ចេកវិទ្យាជីវសាស្ត្រ BiNTech បានប្រកាសថា ពួកគេសាកល្បងវ៉ាក់សាំងទប់ស្កាត់វីរុសCOVID-19 លើមនុស្សចាប់ពីថ្ងៃទី4ឧសភា។
នេះគឺជាវ៉ាក់សាំងដែលត្រូវបានបង្កើតឡើងដោយយោងទៅតាមអាស៊ីត RNA(Ribonucleic acid) ដែលមានតួនាទី “ណែនាំ” ឱ្យកោសិការបស់មនុស្សបញ្ចេញប្រូតេអ៊ីនដើម្បីទប់ទល់នឹងវីរុសនានាដែលកំពុងឆ្លងមកមនុស្ស។ ខុសពីវ៉ាក់សាំងបុរាណ វ៉ាក់សាំងប្រភេទបច្ចេកវិទ្យាជីវសាស្ត្រថ្មីនេះ មិនបានប្រើប្រាស់វីរុសដែលត្រូវបានបន្ថយកម្លាំងដើម្បីចាក់បញ្ចូលទៅក្នុងរាងកាយនោះទេ ដូច្នេះវានឹងមានសុវត្ថិភាពខ្ពស់សម្រាប់ប្រើប្រាស់នៅលើមនុស្ស។
Moderna, Inovio, CanSino និងក្រុមហ៊ុនផលិតឱសថជាច្រើនផ្សេងទៀតក៏កំពុងតែអភិវឌ្ឍវ៉ាក់សាំងប្រភេទថ្មីដូចគ្នានេះដែរ ក្នុងនោះមានក្រុមហ៊ុនខ្លះបានចាប់ផ្ដើមសាកល្បងលើមនុស្សជាច្រើនសប្ដាហ៍មកហើយដែរ។ គិតមកដល់បច្ចុប្បន្ន វ៉ាក់សាំងប្រភេទថ្មីដែលប្រើប្រាស់បច្ចេកវិទ្យា RNA មិនទាន់មានវត្តមាននៅក្នុងទីផ្សារនៅឡើយ។
នៅក្នុងដំណាក់កាលសាកល្បងដំបូង ក្រុមហ៊ុន Pfizer និងក្រុមហ៊ុន BioNTech មានគម្រោងពិសោធលើអ្នកស្ម័គ្រចិត្តចំនួន360នាក់ ចំណែកដំណាក់កាលទី2 នឹងមានអ្នកស្ម័គ្រដល់ទៅ8,000នាក់។ ការសាកល្បងវ៉ាក់សាំងខាងលើនេះនឹងត្រូវបានធ្វើឡើងនៅសាលាវេជ្ជសាស្ត្រ Grossman នៃសាកលវិទ្យាល័យ New York រួមនឹងសាលាវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យ Maryland និងមជ្ឈមណ្ឌលវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យ Rochester ព្រមទាំងមជ្ឈមណ្ឌលវេជ្ជសាស្ត្ររបស់មន្ទីរពេទ្យ Nhi Cincinnati ផងដែរ។
ក្នុងករណីទទួលបានជោគជ័យទាំងស្រុង និងទទួលបានការអនុញ្ញាតឱ្យចាប់ផ្ដើមផលិត ក្រុមហ៊ុន Pfizer និងក្រុមហ៊ុន BioNTech អាចផ្គត់ផ្គង់វ៉ាក់សាំងនេះរាប់លានដបសម្រាប់ទីផ្សារពិភពលោក៕
ប្រភព៖ សារព័ត៌មានបរទេស