ប្រធានាធិបតីសហរដ្ឋអាមេរិក លោកDonald Trump បានឱ្យដឹងថា រដ្ឋាភិបាលរបស់លោកនឹងប្រកាសលម្អិតអំពីប្រភពរបស់ COVID-19 ដែលជាវីរុសបង្កជំងឺរលាកសួតប្រភេទថ្មី ទន្ទឹមនឹងការតឿនឱ្យប្រទេសចិន ធ្វើឱ្យមានតម្លាភាពលើបញ្ហានេះ។
សហរដ្ឋអាមេរិកនឹងប្រកាសសម្អិត
ថ្លែងទៅកាន់អ្នកយកព័ត៌មាននៅមុនពេលចាប់ផ្ដើមដំណើរទស្សនកិច្ចទៅកាន់រដ្ឋ Arizona នាថ្ងៃទី5ឧសភា ប្រធានាធិបតី Donald Trump ឱ្យដឹងថា “យើងប្រាកដជានឹងប្រកាស (ប្រភពរបស់វីរុស)”។ ម្ចាស់សេតវិមានរូបនេះ មិនបានបញ្ជាក់អំពីពេលវេលាជាក់លាក់ណាមួយក្នុងការប្រកាសលទ្ធផលនៃការស្រាវជ្រាវលើបញ្ហាប្រភពរបស់មេរោគCOVID-19នោះទេ។
ទន្ទឹមនឹងនេះ លោក Trump ក៏បានតឿនប្រទេសចិនឱ្យមានតម្លាភាពអំពីព័ត៌មានទាក់ទងនឹងរោគរាតត្បាតនេះផងដែរ។ ទីភ្នាក់ងារសារព័ត៌មាន Reuters ដកស្រង់សម្ដីលោក Trump ថ្លែងថា “យើងចង់ឱ្យពួកគេធ្វើឱ្យមានតម្លាភាព។ យើងចង់ស្វែងយល់ថាតើមានរឿងអ្វីកើតឡើង ដើម្បីកុំឱ្យបញ្ហានេះកើតមានសាជាថ្មី”។
លោក Trump និងមន្ត្រីជាច្រើននៅសហរដ្ឋអាមេរិក ធ្លាប់បានចោទប្រទេសចិនថាបានលាក់បាំងព័ត៌មាន ធ្វើឱ្យ COVID-19 ឆ្លងរាលដាលខ្លាំង និងក្លាយជារោគរាតត្បាតពេញសកលលោក។ លោក Trump ក៏បានបញ្ជាឱ្យក្រុមចារបុរសរបស់ខ្លួន ស៊ើបអង្កេតលើប្រភពរបស់វីរុសនេះផងដែរ។ កាលពីសប្ដាហ៍មុន ប្រធានាធិបតីសហរដ្ឋអាមេរិកបានថ្លែងថា មានភ័ស្តុតាងក្នុងការអះអាងថាវីរុសនេះមានប្រភពចេញពីបន្ទប់ពិសោធន៍មួយនៅទីក្រុង Wuhan ប្រទេសចិន។ ថ្ងៃទី3ឧសភា រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo ក៏បានអះអាងថា “មានភ័ស្តុតាងធំ” ស្ដីអំពីវីរុសមានប្រភពពីបន្ទប់ពិសោធន៍នៅ Wuhan។
សហភាពអឺរ៉ុបគាំទ្រការស៊ើបអង្កេតលើប្រភពរបស់វីរុសកូរ៉ូណាថ្មីនេះដែរ
សហភាពអឺរ៉ុប EU កាលពីថ្ងៃទី5ឧសភា បានអំពាវនាវឱ្យមានការស៊ើបអង្កេតទូទាំងពិភពលោកអំពីប្រភពរបស់វីរុសCOVID-19។ EU ឱ្យដឹងថា នៅក្នុងមហាសន្និបាតសុខភាពពិភពលោកដែលនឹងត្រូវបានធ្វើឡើងនៅថ្ងៃទី18ឧសភា ក្រុមប្រទេសនេះនឹងលើកឡើងអំពីសេចក្ដីព្រាងលើសេចក្ដីសម្រេចមួយដើម្បីអំពាវនាវឱ្យមាន “ការស៊ើបអង្កេតឯករាជ្យ” ទៅលើប្រភពរបស់វីរុសដែលបាននិងកំពុងសម្លាប់មនុស្សរាប់ពាន់នាក់ក្នុង1ថ្ងៃៗ។
រីឯនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Scott Morrison កាលពីថ្ងៃទី5ឧសភាក៏បានថ្លែងថា លោកបានសរសេរសំបុត្រផ្ញើទៅកាន់បណ្ដាប្រទេស G20 ដើម្បីអំពាវនាវឱ្យមានការ “វាយតម្លៃត្រឹមត្រូវ” អំពីប្រភពរបស់ COVID-19។
ចំណែកប្រទេសចិនឯណោះវិញ មកដល់ពេលនេះមិនបានសន្យាថានឹងចូលរួមក្នុងការស៊ើបអង្កេតបញ្ហាខាងលើនេះនៅឡើយ ដោយបាននិយាយថា នេះនឹងជាយុទ្ធនាការ “ទម្លាក់កំហុស” ទៅលើទីក្រុងប៉េកាំងតែប៉ុណ្ណោះ។
គិតមកដល់បច្ចុប្បន្ន ប្រទេសនិងដែនដីចំនួន212ក្នុងពិភពលោក មានអ្នកជំងឺកូរ៉ូណាសរុបជាង 3,721,000នាក់ ចំណែកអ្នកស្លាប់សរុបមានជិត258,000នាក់៕
ប្រភព៖ សារព័ត៌មានបរទេស