ដោយសារតែសង្ស័យអំពីគុណភាពនៃឧបករណ៍ធ្វើតេស្តរកវីរុសCOVID-19 ដែលបាននាំចូលពីបរទេស ប្រធានាធិបតិនៃប្រទេស Tanzania ក៏បានផ្ញើសំណាករបស់សត្វពពែ និងផ្លែល្ហុងទៅកាន់មន្ទីរពិសោធន៍ ហើយចុងក្រោយលទ្ធផលដែលលោកទទួលបាននោះគឺថា ផ្លែល្ហុង និងពពែ “វិជ្ជមាន” ជាមួយនឹងវីរុសCOVID-19។
ប្រធានាធិបតីនៃប្រទេស Tanzania លោក John Magufuli កាលពីថ្ងៃទី4ឧសភា បានឱ្យដឹងថា លោកបានស្នើឱ្យកងកម្លាំងសន្តិសុខជាតិ ត្រួតពិនិត្យទៅលើគុណភាពរបស់ឧបករណ៍ធ្វើតេស្តមេរោគកូរ៉ូណា ដែលត្រូវបានប្រទេសនេះនាំចូលពីក្រៅស្រុក ដោយការយកវត្ថុវិភាគរបស់សត្វ និងវត្ថុដែលមិនមែនជាមនុស្ស ដើម្បីផ្ញើទៅកាន់មន្ទីរពិសោធន៍។ បន្ទាប់ពីទទួលបានបញ្ជា បុគ្គលិកសន្តិសុខជាតិក៏បានយកសំណាករបស់ផ្លែល្ហុង សត្វពពែ និងសំណាករបស់សត្វចៀម ហើយក៏បញ្ចូលឈ្មោះ និងអាយុរបស់មនុស្សទៅក្នុងបញ្ជីដែលត្រូវផ្ញើទៅពិសោធ។
សំណាកទាំងនេះ ត្រូវបានផ្ញើទៅកាន់មន្ទីរពិសោធន៍ជាតិរបស់ក្រសួងសុខាភិបាលនៃប្រទេស Tanzania ដោយបុគ្គលិកសុខាភិបាលនៅទីនេះមិនបានដឹងថា សំណាកនេះមានប្រភពពីទីណានោះទេ។ ប្រធានាធិបតី Magufuli បានឱ្យដឹងថា លទ្ធផលនៃការធ្វើតេស្តដែលលោកបានទទួល នោះគឺ “វិជ្ជមាន” ជាមួយនឹង COVID-19។
“មានបញ្ហាខុសប្រក្រតីនៅទីនេះ។ ខ្ញុំធ្លាប់បាននិយាយហើយថា យើងមិនគួរចាត់ទុករាល់មុខទំនិញដែលជាជំនួយ សុទ្ធតែនាំមកនូវប្រការល្អប្រសើរសម្រាប់ប្រទេសនេះនោះឡើយ” ប្រធានាធិបតី Magufuli មានប្រសាសន៍បែបនេះ និងបានបន្ថែមថា ប្រជាជន Tanzania ជាច្រើន “វិជ្ជមានក្លែងក្លាយ” ជាមួយនឹងវីរុសCOVID-19នេះ ក៏ព្រោះតែគុណភាពរបស់ឧបករណ៍ពិសោធមេរោគ។
លោកប្រធានាធិបតីថ្លែងថា ឧបករណ៍ធ្វើតេស្តមេរោគកូរ៉ូណាទាំងនេះ ត្រូវបាននាំចូលពីបរទេស ប៉ុន្តែលោកមិនបានឱ្យដឹងអំពីប្រភពជាក់លាក់នោះទេ ហើយលោកក៏មិនបានប្រាប់អំពីមូលហេតុដែលអាជ្ញាធរសង្ស័យទៅលើឧបករណ៍ពិសោធន៍ទាំងនេះនោះដែរ។
លោក Catherine Sungura ដែលជាមេដឹកនាំនាយកដ្ឋានសារព័ត៌មានរបស់ក្រសួងសុខាភិបាល Tanzania បានឱ្យដឹងនៅក្នុងសេចក្ដីប្រកាសកាលពីថ្ងៃទី4ឧសភាថា ប្រធានមន្ទីរពិសោធន៍និងគ្រប់គ្រងគុណភាព ត្រូវបានផ្អាកពីការងារដើម្បីរង់ចាំលទ្ធផលនៃការស៊ើបអង្កេត។ គណៈកម្មធិការមួយដែលមានសមាជិក10រូប ត្រូវបានបង្កើតឡើងដើម្បីស៊ើបអង្កេតទៅលើសកម្មភាពទាំងអស់របស់មន្ទីរពិសោធន៍នេះ។
ប្រធានាធិបតី Magufuli កាលពីថ្ងៃទី3ឧសភា ក៏បានបញ្ចប់តំណែងប្រធាននាយកដ្ឋានទិញដូរសម្ភារសុខាភិបាលនៃប្រទេសនេះផងដែរ ប៉ុន្តែមិនបានលើកឡើងអំពីមូលហេតុអ្វីនោះឡើយ។ នាយកដ្ឋាននេះ ទទួលខុសត្រូវក្នុងការផ្គត់ផ្គង់សម្ភារសុខាភិបាលទៅឱ្យបណ្ដាមន្ទីរពេទ្យរដ្ឋរបស់ប្រទេស Tanzania។
ប្រទេស Tanzania បច្ចុប្បន្ន មានអ្នកជំងឺកូរ៉ូណាសរុប480នាក់ ក្នុងនោះមាន18នាក់បានបាត់បង់ជីវិត ធ្វើឱ្យប្រទេសនេះក្លាយជាសម្បុកមេរោគCOVID-19 ធំជាងគេនៅក្នុងតំបន់អាហ្វ្រិកខាងកើត៕
ប្រភព៖ សារព័ត៌មានបរទេស