ប្រធានាធិបតីអាមេរិកាំង លោក Donald Trump កាលពីថ្ងៃទី3ឧសភា បានឱ្យដឹងថា លោក “ជឿជាក់” ថា សហរដ្ឋអាមេរិកនឹងមានវ៉ាក់សាំងទប់ស្កាត់វីរុសCOVID-19 នៅមុនដំណាច់ឆ្នាំនេះ។
លោក Trump សង្កត់ធ្ងន់ថា ក្រុមហ៊ុនជាច្រើនកំពុងប្រឹងប្រែងស្រាវជ្រាវ និងពិសោធវ៉ាក់សាំង ហើយពួកគេជិតទទួលបានជោគជ័យក្នុងការអភិវឌ្ឍវ៉ាក់សាំងនេះហើយ។ “ខ្ញុំគិតថា យើងនឹងមានវ៉ាក់សាំងក្នុងពេលឆាប់ៗនេះ” ប្រធានាធិបតីអាមេរិកាំងមានប្រសាសន៍បែបនេះជាមួយអ្នកយកព័ត៌មានរបស់ Fox News។
សហរដ្ឋអាមរិក និងបណ្ដាប្រទេសក្នុងពិភពលោក កំពុងតែប្រជែងគ្នាដើម្បីក្លាយជាអ្នកដំបូងគេដែលមានវ៉ាក់សាំងប្រឆាំងវីរុសCOVID-19។ ម្ចាស់សេតវិមានបានប្រកាសថា លោកនៅតែត្រេកអរជាទីបំផុតបើសិនក្រុមអ្នកស្រាវជ្រាវអាមេរិកាំង ត្រូវបានគេធ្វើឱ្យបរាជ័យក្នុងការប្រជែងលើការអភិវឌ្ឍថ្នាំសម្រាប់វីរុសCOVID-19។
លោក Trump ឱ្យដឹងថា “បើសិនប្រទេសណាមួយទទួលបានជោគជ័យមុនគេ ខ្ញុំនឹងដោះមួកគោរពកោតសរសើរ។ ខ្ញុំមិនខ្វល់អ្វីទាំងអស់ ខ្ញុំគ្រាន់តែចង់បានវ៉ាក់សាំងមួយដែលមានប្រសិទ្ធភាព”។
នៅពេលត្រូវបានសួរអំពីហានិភ័យដែលកើតឡើងចំពោះមនុស្សក្នុងការអភិវឌ្ឍវ៉ាក់សាំងតាមបែបប្រញាប់ប្រញាល់ខុសធម្មតាដូចបច្ចុប្បន្ន លោក Trump អះអាងថា អ្នកដែលបានចូលរួមក្នុងការពិសោធ គឺសុទ្ធតែជាអ្នកស្ម័គ្រចិត្ត។ លោកថា “ពួកគេដឹងនូវអ្វីដែលពួកគេកំពុងតែធ្វើ”។
សហរដ្ឋអាមេរិកបច្ចុប្បន្នគឺជាសម្បុកមេរោគធំជាងគេក្នុងពិភពលោក ដោយមានអ្នកជំងឺកូរ៉ូណាសរុបជិត1.2លាននាក់ ក្នុងនោះមានអ្នកជំងឺជិត69,000នាក់បានបាត់បង់ជីវិត ខណៈរដ្ឋប្រហែលពាក់កណ្ដាលនៃប្រទេសនេះ បានបន្ធូរបន្ថយការរឹតត្បិតលើការដើរហើរ។ ប៉ុន្តែ រដ្ឋមួយចំនួនក៏នៅតែមានការប្រុងប្រយ័ត្នខ្ពស់ចំពោះវីរុសនេះនៅឡើយ។
COVID-19 បានបង្ហាញខ្លួននៅប្រទេសចិនកាលពីចុងឆ្នាំ2019 ហើយមកដល់បច្ចុប្បន្ន វាមានវត្តមាននៅក្នុងប្រទេស និងដែនដីជាង200ក្នុងពិភពលោក បណ្ដាលឱ្យមានមនុស្សជិត3.6លាននាក់ត្រូវឆ្លងមេរោគ ក្នុងនោះមានជិត250,000នាក់បានបាត់បង់ជីវិត និងជាង1.1លាននាក់បានរួចផុតពីការស្លាប់៕
ប្រភព៖ សារព័ត៌មានបរទេស