សហរដ្ឋអាមេរិកគឺជាសម្បុកមេរោគCOVID-19 ធំជាងគេបង្អស់ក្នុងពិភពលោក ដោយមានអ្នកជំងឺសរុប 1,158,881នាក់ កើន27,851ធៀបនឹងម្សិលមិញ។ អ្នកជំងឺដែលបានបាត់បង់ជីវិតនៅក្នុងប្រទេសនេះ បានកើនឡើងដល់ 67,293នាក់ ក្នុងនោះមានអ្នកស្លាប់ថ្មី1,540នាក់បន្ថែមទៀត។ អ្នកជំងឺដែលបានជាសះស្បើយ មានចំនួន160,705នាក់។
New York គឺជារដ្ឋដែលទទួលរងផលប៉ះពាល់ច្រើនបំផុតពីCOVID-19នៅសហរដ្ឋអាមេរិក។ រដ្ឋនេះ មានអ្នកជំងឺសរុប319,213នាក់ កើន3,991នាក់បើធៀបនឹងម្សិលមិញ(2ឧសភា) ចំណែកអ្នកស្លាប់ថ្មីដោយសារវីរុសកូរ៉ូណានៅ New York មានចំនួន299នាក់ នាំឱ្យអ្នកស្លាប់សរុបក្នុងរដ្ឋនេះកើនដល់24,368នាក់។
រដ្ឋនៅសហរដ្ឋអាមេរិកប្រមាណជាពាក់កណ្ដាល បានបន្ធូរបន្ថយការរឹតត្បិតលើកការដើរហើរចាប់ពីថ្ងៃទី1ឧសភា ខណៈដែលតួលេខនៃករណីឆ្លងវីរុសបានថយចុះ ឬនៅថេរ។ រដ្ឋ Texas បានអនុញ្ញាតឱ្យក្រុមហ៊ុន អាជីវកម្មនានាដំណើរការឡើងវិញទៅតាមផ្នែកដែលអាចធ្វើបាន ក្នុងពេលដែលហាងលក់រាយ និងមជ្ឈមណ្ឌលពាណិជ្ជកម្មបានបើកឡើងវិញក្នុងទំហំ25%នៃលទ្ធភាព។ នៅឯរដ្ឋ Georgia ក្រុមហ៊ុន អាជីវកម្មស្ទើរតែទាំងអស់ត្រូវបានអនុញ្ញាតឱ្យបើកដំណើរការឡើងវិញ៕
ប្រភព៖ សារព័ត៌មានបរទេស