រយៈពេល1ថ្ងៃ បន្ទាប់ពីនាយករដ្ឋមន្ត្រីរុស្ស៊ី លោក Mishustin បានប្រកាសថាខ្លួនបានឆ្លងវីរុសកូរ៉ូណាថ្មី រដ្ឋមន្ត្រីក្រសួងសំណង់និងលំនៅដ្ឋានរបស់ប្រទេសរុស្ស៊ី គឺលោក Yakushev ក៏បានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យកាលពីម្សិលមិញ ដោយសារបានឆ្លងវីរុសCOVID-19។
“ខ្ញុំកំពុងទទួលការព្យាបាលក្រោមការតាមដានរបស់ក្រុមវេជ្ជបណ្ឌិតនៅម៉ូស្គូ” រដ្ឋមន្ត្រីក្រសួងសំណង់និងលំនៅដ្ឋាន លោក Vladimir Yakushev បានប្រាប់ Interfax កាលពីថ្ងៃទី1ឧសភាបែបនេះ។
មន្ត្រីក្រោមឱវាទរបស់រដ្ឋមន្ត្រី Yakushev គឺលោកអនុរដ្ឋមន្ត្រី Dmitry Volkov ក៏បានចូលព្យាបាលនៅមន្ទីរពេទ្យ ព្រោះតែបានឆ្លងវីរុសកូរ៉ូណានេះដែរ។ អនុរដ្ឋមន្ត្រីនៃក្រសួងសំណង់និងលំនៅដ្ឋាន លោក Nikita Stasishin ត្រូវបានតែងតាំងជារដ្ឋមន្ត្រីស្ដីទីនៃក្រសួងមួយនេះ ជំនួសឱ្យលោក Yakushev។
Yakushev គឺជាមន្ត្រីជាន់ខ្ពស់ទី2របស់រុស្ស៊ី ដែលបានឆ្លងវីរុសCOVID-19។ នាយករដ្ឋមន្ត្រីរុស្ស៊ី លោក Mikhail Mishustin កាលពីថ្ងៃទី30មេសា បានប្រកាសថា លោកបានឆ្លងវីរុសកូរ៉ូណា និងកំពុងបង្ខាំងខ្លួនដាច់ដោយឡែកដើម្បីការពារការឆ្លងរាលដាលទៅអ្នកផ្សេង។ ឧបនាយករដ្ឋមន្ត្រីទី1 លោក Andrei Belousov ត្រូវបានប្រធានាធិបតី Vladimir Putin តែងតាំងជានាយករដ្ឋមន្ត្រីស្ដីទី។
ប្រទេសរុស្ស៊ី គិតមកដល់បច្ចុប្បន្ន មានអ្នកជំងឺCOVID-19សរុប ជាង114,000នាក់ ឈរលំដាប់ទី8ក្នុងពិភពលោក ក្នុងនោះមានអ្នកជំងឺជាង1,100នាក់បានបាត់បង់ជីវិត ដែលភាគច្រើននៅរដ្ឋធានីម៉ូស្គូ និងទីក្រុង St. Petersburg។ ប្រទេសនេះ បានធ្វើតេស្តរកមេរោគកូរ៉ូណា ប្រមាណជា3.7លានលើក៕
ប្រភព៖ សារព័ត៌មានបរទេស