កូរ៉េខាងត្បូងថ្ងៃនេះ បានប្រកាសថា រកឃើញអ្នកជំងឺថ្មីចំនួន4ករណីបន្ថែមទៀត ប៉ុន្តែទាំងនេះសុទ្ធតែជាអ្នកជំងឺ “នាំចូល” (អ្នកជំងឺមកពីបរទេស) ដូច្នេះ ថ្ងៃនេះគឺជាលើកដំបូងហើយដែលកូរ៉េខាងត្បូងមិនមានករណីឆ្លងវីរុសកូរ៉ូណានៅក្នុងស្រុក រាប់ចាប់ពីថ្ងៃទី29មីនាមកដល់បច្ចុប្បន្ន។
មជ្ឈមណ្ឌលគ្រប់គ្រង និងទប់ស្កាត់ជំងឺរបស់កូរ៉េខាងត្បូង KCDC (Korea Centers for Disease Control and Prevention) ថ្ងៃនេះក៏បានឱ្យដឹងថា តួលេខសរុបនៃអ្នកបានឆ្លងវីរុសCOVID-19 ក្នុងប្រទេសនេះ កើនឡើងដល់10,765នាក់ ក្នុងនោះមាន247នាក់បានស្លាប់។ អ្នកស្លាប់កើន1ករណីបើធៀបនឹងម្សិលមិញ។
KCDC បានឱ្យដឹងដែរថា អ្នកជំងឺថ្មីចំនួន4ករណីនេះ ក៏ជាតួលេខទាបបំផុតក្នុងអំឡុង2ខែមកនេះ។ អ្នកជំងឺCOVID-19 ដែលបានជាសះស្បើយនៅកូរ៉េខាងត្បូង មានចំនួន9,059នាក់។
បើទោះបីជាមានសញ្ញាបង្ហាញថា COVID-19 កំពុងថមថយកម្លាំងហើយក្ដី ប៉ុន្តែមន្ត្រីសុខាភិបាលកូរ៉េខាងត្បូងនៅតែបង្ហាញការប្រុងប្រយ័ត្នខ្ពស់ ខណៈដែលទិវាពលកម្មអន្តរជាតិ(1ឧសភា) និងទិវាកុមារកូរ៉េ(5ឧសភា) ជិតចូលមកដល់៕
ប្រភព៖ សារព័ត៌មានបរទេស