ក្រុមអ្នកវេជ្ជសាស្ត្រថតបានទិដ្ឋភាពហ្វូងវីរុសCOVID-19ថ្មីដែលទើបត្រូវបានបង្កើតឡើងពីកោសិកាមនុស្ស ដើម្បីត្រៀមវាយលុកចូលគ្រប់គ្រងកោសិកាថ្មីផ្សេងទៀតនៅក្នុងរាងកាយមនុស្ស ដោយប្រើប្រាស់កែវពង្រីកមីក្រូទស្សន៍ទំនើប។
អ្នកស្រី Elizabeth Fischer ប្រធានក្រុមអ្នកគ្រប់គ្រងផ្នែកកែវពង្រីកមីក្រូទស្សន៍អេឡិចត្រុងនៅឯមន្ទីរពិសោធន៍ Rocky Mountain(RML) ក្នុងតំបន់ Montana នៃសហរដ្ឋអាមេរិក ថតបានរូបភាពយ៉ាងច្បាស់នៃកោសិការាងកាយមនុស្សដែលបានផ្ទុក COVID-19 ដោយប្រើកែវពង្រីកមីក្រូទស្សន៍អេឡិចត្រុងប្រភេទស្កេន(Scanning electron microscope)។ ក្រៅពីរូបថតថ្មីនេះ អ្នកស្រីក៏ធ្លាប់ថតបានវីរុសកូរ៉ូណាប្រភេទផ្សេងផងដែរ ដូចជាវីរុសMERS ជាដើម។
បណ្ដាផ្នត់ និងបន្ទាត់កោងពណ៌ប្រផេះ ឬទឹកក្រូច គឺជាផ្ទៃខាងលើនៃកោសិកាដែលត្រូវបានលុកលុយដោយវីរុសCOVID-19។ បណ្ដាគ្រាប់ល្អិតពណ៌ខៀវដែលជ្រែកចេញពីកោសិកា គឺជាវីរុសCOVID-19។ យោងតាមវិទ្យាស្ថានជាតិផ្នែកសុខភាពសហរដ្ឋអាមេរិក NIH (National Institutes of Health) រូបភាពនេះបង្ហាញអំពីដំណើរការដែលមានឈ្មោះថា “ដោះលែងវីរុស” ដែលក្នុងនោះ កោសិកាជិតងាប់បានបញ្ចេញកូនវីរុសCOVID-19ថ្មី។
Francis Collins ដែលជាអ្នកវេជ្ជសាស្ត្រប្រចាំ NIH បកស្រាយថា “រូបភាពនេះ បង្ហាញអំពីកម្រិតនៃរបួសស្នាមដែលវីរុស COVID-19 បានបង្កឡើង នៅពេលវាគ្រប់គ្រងកោសិកាមនុស្ស។ កោសិកាមួយដែលបានឆ្លងវីរុសCOVID-19 គឺអាចបង្កើតបានវីរុសCOVID-19ថ្មីរាប់ពាន់ក្បាល និងឆ្លងទៅកាន់កោសិកាថ្មីមួយផ្សេងទៀត”។
រូបថតលម្អិតបែបនេះ ជួយឱ្យក្រុមអ្នកវិទ្យាសាស្ត្រយល់ដឹងកាន់តែស៊ីជម្រៅអំពីវីរុសដ៏គ្រោះថ្នាក់ដែលបានធ្វើឱ្យមនុស្សជាង3លាននាក់នៅជុំវិញពិភពលោក ត្រូវកើតជំងឺ ក្នុងនោះមានជាង1លាននាក់នៅសហរដ្ឋអាមេរិក៕
ប្រភព៖ សារព័ត៌មានបរទេស