ក្រុមមន្ត្រីអាមេរិកាំង បានចាប់ផ្ដើមធ្វើសកម្មភាពជាបន្ទាន់ដើម្បីទប់ស្កាត់ផលប៉ះពាល់ដែលអាចកើតឡើងពីអនុសាសន៍របស់លោក Trump ដែលបានថ្លែងថា៖ គួរតែពិសោធលើកការចាក់សារធាតុសម្អាតមេរោគចូលក្នុងរាងកាយអ្នកជំងឺដើម្បីកម្ចាត់ COVID-19។
ប៉ុន្មានម៉ោងក្រោយពីសន្និសីទសារព័ត៌មានកាលពីថ្ងៃទី23មេសា ដែលកាលណោះលោក Trump បានផ្ដល់អនុសាសន៍ដូចខាងលើ គេឃើញថាមានសេចក្ដីប្រកាសបន្ទាន់ជាច្រើនត្រូវបានធ្វើឡើងជាបន្តបន្ទាប់ ដោយព្រមានដល់សាធារណជនអំពីហានិភ័យដែលអាចនាំឱ្យបាត់បង់ជីវិតទាក់ទិននឹងវិធីសាស្ត្រដែលប្រធានាធិបតីអាមេរិកាំងបានលើកឡើងកាលពីថ្ងៃទី23មេសាកន្លងទៅនោះ។
រដ្ឋបាលគ្រប់គ្រងចំណីអាហារ និងឱសថ(FDA/Food and Drug Administration) របស់សហរដ្ឋអាមេរិក កាលពីថ្ងៃទី24មេសា ក៏បានព្រមានអំពីការប្រើប្រាស់ hydroxychloroquine ជាថ្នាំប្រឆាំងជំងឺគ្រុនចាញ់ដែលលោក Trump បានសរសើរជាច្រើនដងថា ជាកត្តា “ផ្លាស់ប្ដូរល្បែងលេង” ក្នុងសង្គ្រាមប្រឆាំងនឹង COVID-19 ព្រោះថាថ្នាំនេះមានបង្កប់ហានិភ័យដែលគ្រោះថ្នាក់ដល់ចង្វាក់បេះដូង។
Stephen Hahn សមាជិកម្នាក់របស់ FDA បានថ្លែងថា “ខ្ញុំប្រាកដក្នុងចិត្តហើយថា នឹងមិនផ្ដល់អនុសាសន៍ស្ដីអំពីការចាក់បញ្ចូលសារធាតុសម្អាតមេរោគទៅក្នុងរាងកាយនោះឡើយ”។ ទីភ្នាក់ងារការពារបរិស្ថានសហរដ្ឋអាមេរិកក៏បានណែនាំពលរដ្ឋមិនឱ្យធ្វើតាមគំនិតរបស់លោក Trump ផងដែរ។ បណ្ឌិត Jerome Adams បានអំពាវនាវឱ្យអ្នកដែលកំពុងតាមដានលោកនៅលើបណ្ដាញសង្គម Twitter ថា “សូមមេត្តាសួរយោបល់ពីគ្រូពេទ្យ មុននឹងអនុវត្តវិធីព្យាបាលណាមួយ ឬថ្នាំណាមួយសម្រាប់ក្រុមគ្រួសារ”។ ចំណែកក្រុមហ៊ុនផលិតសារធាតុសម្លាប់មេរោគ Lysol បានអះអាងថា មិនត្រូវបញ្ចូលសារធាតុកម្ចាត់មេរោគ ចូលទៅក្នុងរាងកាយមនុស្ស “បើទោះជាក្នុងករណីណាក៏ដោយ”។
វិធីសាសន៍ដែលត្រូវបានលោក Trump ណែនាំឱ្យធ្វើការពិសោធនោះ បានធ្វើឱ្យមានការព្រួយបារម្ភកាន់តែច្រើនឡើងៗ ក្នុងអំឡុងសង្គ្រាមប្រឆាំង COVID-19។ នៅរដ្ឋ Maryland ខ្សែទូរស័ព្ទបន្ទាន់របស់អាជ្ញាធរ បានទទួលការហៅចូលជាង100លើកពីពលរដ្ឋ ដែលបានសួរថា “តើការចាក់ថ្នាំសម្អាតមេរោគចូលក្នុងរាងកាយគឺពិតជាវិធីព្យាបាលជំងឺមែន ឬយ៉ាងណា?”។
នៅសេតវិមាន Kayleigh McEnany ដែលជាជំនួយការផ្នែកសារព័ត៌មានរបស់លោក Trump បានចោទក្រុមអ្នកសារព័ត៌មានថា “គ្មានការទទួលខុសត្រូវ” ដោយបាននាំយកមតិចាកឆ្ងាយពីស្ថានភាពជាក់ស្ដែង។ ប៉ុន្តែ ប៉ុន្មានម៉ោងក្រោយមក លោក Trump ក៏បានឱ្យដឹងថា យោបល់របស់លោក ដែលត្រូវបានចុះផ្សាយនោះគឺជាការពិត ប៉ុន្តែលោក Trump បានអះអាងថា លោកគ្រាន់តែនិយាយបែប “បញ្ឆិតបញ្ឆៀង” តែប៉ុណ្ណោះ។
វេជ្ជបណ្ឌិត Deborah Birx អ្នកគ្រប់គ្រងផ្នែកប្រតិកម្មរហ័សរបស់សេតវិមានចំពោះ COVID-19 បានការពារប្រធានាធិបតី ដោយលោកយល់ថា មតិយោបល់ដែលលោក Trump បានលើកឡើងគឺជាផ្នែកមួយក្នុងការយល់ឃើញ បើទោះមិនបានទទួលស្គាល់ជាផ្លូវការ។ Deborah Birx ថ្លែងប្រាប់ Fox News ថា “នៅពេលប្រធានាធិបតីទទួលបានព័ត៌មានថ្មី គាត់ក៏ចង់និយាយចេញ និងចង់ពិភាក្សាជាមួយគ្នា”។
ក៏ប៉ុន្តែ ក្រុមអ្នកជំនាញខាងវេជ្ជសាស្ត្រយល់ថា អនុសាសន៍គ្មានមូលដ្ឋានពីប្រធានាធិបតី Trump ដែលជាអ្នកមិនមានការបណ្ដុះបណ្ដាលផ្នែកវេជ្ជសាស្ត្រ ប៉ុន្តែសម្ដីមានឥទ្ធិពល គឺពិតជា “គ្រោះថ្នាក់ខ្លាំងណាស់”។
Jack Chow ដែលជាឯកអគ្គរដ្ឋទូតសកលអំពី HIV/AIDS របស់សហរដ្ឋអាមេរិកក្នុងសម័យប្រធានាធិបតី George W. Bush មានយោបល់ថា “គំនិតរបស់ប្រធានាធិបតី Trump បើសិនជាមានអ្នកសាកល្បង នោះអាចនឹងបង្កឱ្យមានផលវិបាកធ្ងន់ធ្ងរចំពោះសុខភាព ឬនាំឱ្យមានការពិសោធប្រកបដោយការខាតបង់ និងមិនអាចបង្កើតបានជាវិធីព្យាបាលណាមួយ”។
កាលពីខែមុន បន្ទាប់ពីលោក Trump បានប្រកាសថា hydroxychloroquine គឺជាសន្លឹកបៀរដែលជួយ “ផ្លាស់ប្ដូរស្ថានការណ៍” ក្នុងសង្គ្រាមប្រឆាំងនឹង COVID-19 មានប្ដីប្រពន្ធមួយគូធ្វើតាមការលើកឡើងនេះ ដោយផឹកទឹកថ្នាំដែលមានសារធាតុគីមី chloroquine phosphate ដែលមានសារធាតុផ្សំដូចទៅនឹងការលើកឡើងរបស់លោក Trump ដោយសង្ឃឹមថានឹងអាចជួយសម្លាប់មេរោគក្នុងខ្លួន។ ប៉ុន្តែ ពួកគេបានធ្លាក់ខ្លួនឈឺ និងត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់ ដែលក្រោយមកបុរសជាប្ដីបានបាត់បង់ជីវិត ខណៈប្រពន្ធបានរួចផុតពីការស្លាប់។
ករណីខាងលើនេះ ធ្វើឱ្យមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺ CDC (Centers for Disease Control and Prevention) របស់សហរដ្ឋអាមេរិក កាលពីថ្ងៃទី28មេសា ត្រូវចេញសេចក្ដីព្រមានដល់បណ្ដាគ្លីនិកទូទាំងប្រទេស ស្ដីអំពីគ្រោះថ្នាក់របស់សារធាតុ chloroquine phosphate ដែល “អាចបង្កផលវិបាកយ៉ាងធ្ងន់ធ្ងរដល់សុខភាព និងអាយុជីវិត”៕
ប្រភព៖ សារព័ត៌មានបរទេស