ពិភពលោកទាំងមូលមានអ្នកស្លាប់ជិត217,000នាក់ ក្នុងចំណោមអ្នកជំងឺ COVID-19 ជាង3.1លាននាក់ ខណៈដែលប្រទេសមួយចំនួនបានចាប់ផ្ដើមបន្ធូរបន្ថយការរឹតត្បិតលើការដើរហើរ។
យោងតាមស្ថិតិរបស់សាកលវិទ្យាល័យ Johns Hopkins នៃសហរដ្ឋអាមេរិក បានឱ្យដឹងថា នៅក្នុងប្រទេស និងដែនដីចំនួន210ក្នុងពិភពលោក មានអ្នកជំងឺ COVID-19សរុបឡើងដល់ 3,111,730នាក់ និង216,857នាក់បានបាត់បង់ជីវិត ក្នុងនោះមានករណីឆ្លងថ្មីចំនួន75,553នាក់ និងករណីស្លាប់ថ្មីចំនួន6,306នាក់។ ករណីដែលបានជាសះស្បើយមានចំនួន925,442នាក់។
ប្រទេសដែលមានអ្នកជំងឺលើសពី200,000នាក់ មាន3ប្រទេស គឺសហរដ្ឋអាមេរិក អេស្ប៉ាញ និងអ៊ីតាលី៖
ប្រទេសដែលត្រូវបានចាត់ជាសម្បុកមេរោគ COVID-19 ធំជាងគេបង្អស់លំដាប់ទីមួយក្នុងពិភពលោក គឺនៅតែជាសហរដ្ឋអាមេរិកដដែល ដោយមានអ្នកជំងឺរហូតដល់1,011,600នាក់ ក្នុងនោះមាន58,343នាក់បានបាត់បង់ជីវិត។ អ្នកជំងឺថ្មីរបស់ប្រទេសនេះមាន 26,226នាក់ និងអ្នកស្លាប់ថ្មីមាន2,391នាក់។
អេស្ប៉ាញទើបបានរកឃើញអ្នកជំងឺថ្មីចំនួន2,706នាក់ និងអ្នកស្លាប់ថ្មី301នាក់ ក្នុងចំណោមអ្នកជំងឺសរុប232,128នាក់ និងអ្នកស្លាប់សរុប23,822នាក់។
អ៊ីតាលី៖ អ្នកជំងឺថ្មី2,091នាក់ និងអ្នកស្លាប់ថ្មី382នាក់ ក្នុងចំណោមអ្នកជំងឹសរុប201,505នាក់ និងអ្នកស្លាប់សរុបមាន27,359នាក់។ ប្រទេសនេះជាសម្បុកមេរោគធំជាងគេលំដាប់ទី3 ប៉ុន្តែជា “វាលពិឃាត” ធំជាងគេលំដាប់ទី2នៅក្នុងពិភពលោក៕
ប្រភព៖ សារព័ត៌មានបរទេស