ប្រធានអង្គការសុខភាពពិភពលោក(WHO) លោក Tedros បានឱ្យដឹងថា អង្គការនេះបានត្រឹមតែលើកឡើងនូវអនុសាសន៍តែប៉ុណ្ណោះ ចំណែកប្រទេសនីមួយៗត្រូវតែទទួលខុសត្រូវដោយខ្លួនឯងចំពោះវិធានការទប់ស្កាត់ COVID-19។
លោក Tedros Adhanom Ghebreyesus ប្រធានអង្គការសុខភាពពិភពលោក(WHO) បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី27មេសា នៅទីក្រុង Geneva ប្រទេសស្វីសថា “យើងខ្ញុំបានត្រឹមតែផ្ដល់អនុសាសន៍តែប៉ុណ្ណោះ ប៉ុន្តែត្រូវតែដឹងច្បាស់ថា យើងខ្ញុំមិនមានកាតព្វកិច្ចក្នុងការបង្ខំប្រទេសណាមួយឱ្យធ្វើតាមយើងខ្ញុំនោះឡើយ។ ប្រការនេះគឺអាស្រ័យទៅលើប្រទេសនីមួយៗ ដែលពួកគេអាចទទួលយក ឬបដិសេធអនុសាសន៍របស់យើងខ្ញុំ”។
លោក Tedros បន្តថា WHO តែងតែលើកឡើងនូវអនុសាសន៍ដែលយោងទៅលើកត្តាវិទ្យាសាស្ត្រ និងភ័ស្ដុតាងប្រកបដោយទំនុកចិត្ត។ កាលពីថ្ងៃទី30មករា WHO បានប្រកាសអាសន្នទូទាំងពិភពលោកអំពីវីរុស COVID-19។ មេដឹកនាំ WHO ថ្លែងថា “បើសិនជាអ្នកនៅចាំបាន ពេលនោះគឺមានករណីឆ្លងវីរុសត្រឹមតែ82នាក់ប៉ុណ្ណោះនៅខាងក្នុងប្រទេសចិន”។
ប្រធានអង្គការសុខភាពពិភពលោកសង្កត់ធ្ងន់ថា “ពិភពលោកគួរណាស់តែស្ដាប់តាម WHO ដោយប្រុងប្រយ័ត្ន។ ប្រទេសទាំងអស់ពេលនោះអាចបញ្ចេញវិធានការផ្នែកសុខាភិបាលប្រកបដោយប្រសិទ្ធភាព”។
លោក Tedros បញ្ជាក់ថា “អ្នកគួរតែពិនិត្យឡើងវិញ បណ្ដាប្រទេសដែលបានស្ដាប់តាមអនុសាសន៍ ពួកគេកំពុងតែមានស្ថានភាពល្អប្រសើរជាងបណ្ដាប្រទេសដទៃ។ នោះគឺជាការពិត។ និយាយរួម ប្រទេសនីមួយៗ ត្រូវតែទទួលខុសត្រូវរៀងៗខ្លួន”។
បើទោះជាមានការខិតខំប្រឹងប្រែង ប៉ុន្តែអង្គការ WHO ក៏ត្រូវបានគេវាយតម្លៃថា មិនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដឹកនាំពិភពលោក ឆ្លងកាត់វិបត្តិសុខភាពនេះនោះឡើយ។ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ជាច្រើនលើក បានចោទប្រកាន់ WHO ថា “បានធ្វើឱ្យពិភពលោកបង្កកំហុសឆ្គងយ៉ាងធ្ងន់ធ្ងរនៅពេលប្រយុទ្ធប្រឆាំងនឹង COVID-19 ព្រមទាំងបានបិទបាំងអំពីការឆ្លងរាលដាលរបស់វីរុសនេះទៀតផង”៕
ប្រភព៖ សារព័ត៌មានបរទេស