ញត្តិស្នើឱ្យប្រធានអង្គការសុខភាពពិភពលោក(WHO) លាលែងពីតំណែង ទទួលបានការចុះហត្ថលេខាពីមនុស្សជាង1លាននាក់ហើយ គិតមកដល់បច្ចុប្បន្ន។
ទីភ្នាក់ងារសារព័ត៌មាន Korea Times បានឱ្យដឹងថា ញត្តិប្រភេទអនឡាញមួយដែលត្រូវបានបង្ហោះនៅលើគេហទំព័រ Chang.org ដោយគណនីឈ្មោះ “Osuka Yip” ដែលបានចាប់ផ្ដើមធ្វើឡើងកាលពីថ្ងៃទី31មករា បានទាក់ទាញអ្នកគាំទ្រចូលមកចុះហត្ថលេខាជាង1លាននាក់ទៅហើយ គិតមកដល់ពេលនេះ។ ខ្លឹមសារនៃញត្តិនេះយល់ថា តួនាទីដឹកនាំគ្មានប្រសិទ្ធភាពរបស់ប្រធានអង្គការ WHO លោក Tedros Adhanom Ghebreyesus បាននាំឱ្យ COVID-19 ឆ្លងរាលដាលខ្លាំង។ ញត្តិនេះ ត្រូវបានគេបកប្រែជាច្រើនភាសា រួមមាន អង់គ្លេស បារាំង អេស្ប៉ាញ អាល្លឺម៉ង និងអារ៉ាប់។
ស្ថិតិពីសាកលវិទ្យាល័យ Johns Hopkins នៅសហរដ្ឋអាមេរិក បានប្រកាសថា គិតដល់ថ្ងៃនេះ ពិភពលោកបានរកឃើញអ្នកជំងឺCOVID-19 សរុបជាង985,000នាក់ ហើយចំនួនអ្នកស្លាប់ដោយសារវីរុសនេះក៏បានកើនដល់ជាង55,000នាក់។
ញត្តិខាងលើសរសេរថា លោក Tedros “មិនស័ក្ដិសម” ជាមួយនឹងតំណែងដឹកនាំ WHO នោះទេ និងបានស្នើឱ្យលោកលាលែងពីតំណែងជាបន្ទាន់។ ញត្តិនេះក៏បានរិះគន់ថា លោក Tedros មានប្រតិកម្មយ៉ាងយឺតយ៉ាវ នៅពេលដែល COVID-19 ផ្ទុះឆ្លងរាលដាល។
“យើងខ្ញុំពិតជាអស់សង្ឃឹម។ យើងខ្ញុំជឿថា WHO គួរតែផ្ដោតទៅលើនយោបាយ។ លោក Tedros ជឿទៅលើតួលេខនៃអ្នកស្លាប់ និងអ្នកឆ្លងវីរុស ដែលប្រទេសចិនបានរាយការណ៍ ដោយមិនបានធ្វើការស៊ើបអង្កេត” ខ្លឹមសារនៃញត្តិបានសរសេរច្បាស់បែបនេះ។
ប្រទេសមួយចំនួនក៏មិនយល់ស្របជាមួយនឹងវិធីដោះស្រាយវិបត្តិ COVID-19 របស់ប្រធានអង្គការ WHO ផងដែរ។ ប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump យល់ថា WHO មិនបានបំពេញភារកិច្ចជាមូលដ្ឋានរបស់ខ្លួន ហើយលោកក៏បានប្រកាសផ្អាកផ្ដល់ជំនួយដល់អង្គការនេះផងដែរ។
កាលពីដើមខែនេះ លោក Trump ក៏រិះគន់ WHO ថា “យកចិនជាធំ” និង “កាន់ជើងចិន” ខណៈដែលសហរដ្ឋអាមេរិកជាអ្នកឧបត្ថម្ភច្រើនជាងគេទៅឱ្យ WHO។ ប្រធានាធិបតីអាមេរិកាំង ថែមទាំងយល់ថា តួលេខនៃអ្នកស្លាប់ដោយសារ COVID-19 អាចនឹងមានតិចជាងអ្វីដែលបានកើតឡើង បើសិនជា WHO ចាប់ផ្ដើមធ្វើសកម្មភាពបានឆាប់រហ័ស និងលើកឡើងនូវការ “វិភាគត្រឹមត្រូ”។
ក្រៅពីសហរដ្ឋអាមេរិក ប្រទេសអូស្ត្រាលី កោះតៃវ៉ាន់ ឬកូរ៉េខាងត្បូងក៏បានរិះគន់ WHO ស្រដៀងទៅនឹងអាមេរិកាំងផងដែរ៕
ប្រភព៖ សារព័ត៌មានបរទេស