សហរដ្ឋអាមរិកបានរកឃើញអ្នកផ្ទុកវីរុសCOVID-19 ជាង985,000នាក់ ក្នុងនោះមានអ្នកជំងឺជិត56,000នាក់បានស្លាប់ ក្នុងពេលដែលរដ្ឋជាច្រើននៃប្រទេសនេះ កំពុងបន្ធូរបន្ថយការរឹតត្បិតលើការដើរហើរ។
យោងតាមស្ថិតិរបស់សាកលវិទ្យាល័យ Johns Hopkins សហរដ្ឋអាមេរិក បច្ចុប្បន្នបានរកឃើញអ្នកជំងឺCOVID-19 សរុប985,443នាក់ កើន22,064នាក់ធៀបនឹងម្សិលមិញ។ ចំនួនអ្នកស្លាប់ដោយសារវីរុសនេះក៏បានកើនដល់55,952នាក់ ក្នុងនោះមានករណីស្លាប់ថ្មីចំនួន1,142នាក់។
ករណីឆ្លង និងស្លាប់ដោយសារឆ្លងវីរុសកូរ៉ូណានៅសហរដ្ឋអាមេរិក បានថយចុះគួរឱ្យកត់សម្គាល់ បើធៀបនឹងតួលេខអ្នកជំងឺថ្មី43,409នាក់ និងអ្នកស្លាប់ថ្មី2,374នាក់កាលពីមួយថ្ងៃមុននេះ។ ប្រទេសនេះ នៅតែបន្តជាសម្បុកមេរោគ និងជា “វាលពិឃាត” របស់កូរ៉ូណា ធំជាងគេបង្អស់នៅទូទាំងពិភពលោក។
ប្រធានាធិបតី Donald Trump កាលពីម្សិលមិញបានឱ្យដឹងថា លោកសង្ឃឹមថា សាលារៀនជាច្រើននឹងបើកដំណើរការឡើងវិញនាពេលដ៏ខ្លីខាងមុខ។
New York ដែលជារដ្ឋទទួលរងគ្រោះធ្ងន់់ជាងគេបំផុត បានបង្ហាញការប្រុងប្រយ័ត្ន ខណៈដែលតួលេខនៃអ្នកជំងឺដែលត្រូវចូលព្យាបាលនៅមន្ទីរពេទ្យ នៅមានកម្រិតខ្ពស់នៅឡើយ។ អភិបាលរដ្ឋ លោក Andrew Cuomo កំពុងត្រៀមប្រកាសពន្យារសុពលភាពនៃការរឹតត្បិតលើការដើរហើរនៅក្នុងតំបន់ដែលទទួលឥទ្ធិពលធ្ងន់ពី COVID-19។ ក្រោយថ្ងៃទី15ឧសភា សក្មភាពផលិត និងសាងសង់ តាមគម្រោងនឹងចាប់ដំណើរការឡើងវិញ នៅក្នុងតំបន់ខ្លះដែលរងផលប៉ះពាល់តិចតួច។
New Jersey ដែលជារដ្ឋទទួលរងគ្រោះធ្ងន់លំដាប់ទី2 រួមនឹង California និង Washington DC បានសន្យារថា បន្តរក្សាវិធានការដែលបានដាក់ចេញ ដើម្បីទប់ទល់នឹង COVID-19។ ក៏ប៉ុន្តែ មនុស្សរាប់ពាន់នាក់បាននាំគ្នាទៅលម្ហែកាយនៅមាត់សមុទ្រ California កាលពីចុងសប្ដាហ៍កន្លងទៅ ដោយមិនអើពើដល់វិធានការរបស់រដ្ឋាភិបាល។
Alaska, Georgia, Oklahoma និងរដ្ឋមួយចំនួនទៀត ចាប់ផ្ដើមបើកដំណើរការហាងលក់រាយ ឆ្នេរសមុទ្រ និងឧទ្យាន មួយចំនួនឡើងវិញចាប់ពីថ្ងៃទី24មេសា។ រដ្ឋ Georgia និង Tennessee នឹងបើកភោជនីយដ្ឋានឡើងវិញផងដែរចាប់ពីថ្ងៃទី27មេសា បើទោះជាក្រុមអ្នកជំនាញផ្នែកសុខាភិបាលយល់ថា គួរតែបន្តរក្សាបម្រាមគោចរដើម្បីទប់ស្កាត់ COVID-19។
អភិបាលរដ្ឋ Texas លោក Greg Abbott ប្រកាសថា ហាងលក់រាយ ភោជនីយដ្ឋាន រោងកុន មជ្ឈមណ្ឌលពាណិជ្ជកម្ម សារមន្ទីរ និងបណ្ណាល័យ នឹងត្រូវបានអនុញ្ញាតឱ្យបើកឡើងវិញចាប់ពីថ្ងៃទី1ឧសភាក្នុងទំហំ25%។ Minnesota, Mississippi, Colorado និង South Carolina ក៏បានអនុញ្ញាតឱ្យបើកដំណើរការអាជីវកម្មមួយចំនួនហើយដែរ៕
ប្រភព៖ សារព័ត៌មានបរទេស