រាជាណាចក្រថៃ នឹងអូសបន្លាយសុពលភាពនៃបទបញ្ជាដាក់ប្រទេសឱ្យស្ថិតក្នុងស្ថានភាពប្រកាសអាសន្នដើម្បីទប់ទល់នឹងវីរុសCOVID-19 រហូតដល់ចុងខែឧសភា បើទោះជាស្ថានភាពនៃរោគរាតត្បាតនេះបង្ហាញភាពវិជ្ជមានយ៉ាងណាក៏ដោយ។
អ្នកនាំពាក្យរបស់រាជរដ្ឋាភិបាលថៃ ថ្ងៃនេះប្រកាសថា ការប្រកាសអំពីស្ថានភាពអាសន្នដើម្បីប្រឆាំងនឹង COVID-19 ដែលត្រូវបានដាក់ចេញចាប់ពីថ្ងៃទី26មីនានោះ នឹងត្រូវបានពន្យារសុពលភាពដល់ចុងខែឧសភា។ ក៏ប៉ុន្តែ អ្នកនាំពាក្យរូបនេះបានឱ្យដឹងថា នឹងមានការបន្ធូរបន្ថយការរឹតត្បិតខ្លះចំពោះអាជីវកម្ម និងសកម្មភាពសាធារណៈមួយចំនួន ខណៈដែលករណីឆ្លងវីរុសថ្មីមានសញ្ញាថយចុះច្រើន។
ប្រទេសថៃ ក្នុងថ្ងៃនេះក៏បានរាយការណ៍ថា មានករណីឆ្លងវីរុស COVID-19ថ្មីចំនួន9នាក់បន្ថែមទៀត។ បច្ចុប្បន្ន ចំនួនអ្នកជំងឺសរុបនៅក្នុងប្រទេសនេះគឺ2,931នាក់ ក្នុងនោះមាន52នាក់បានស្លាប់ និង2,609នាក់បានជាសះស្បើយ៕
ប្រភព៖ សារព័ត៌មានបរទេស