ឥណ្ឌាទើបតែបានប្រកាសអំពីគម្រោងផលិតវ៉ាក់សាំងទប់ស្កាត់ COVID-19 ដែលនឹងត្រូវចាប់ផ្ដើមផលិតក្នុងខែឧសភាខាងមុខ ជាមួយនឹងតម្លៃប្រមាណជា1,000រូពីក្នុង1អំពូល។
វិទ្យាស្ថាន Serum ដែលជាក្រុមហ៊ុនផលិតឱសថឥណ្ឌាមួយ មានទីស្នាក់ការកណ្ដាលនៅទីក្រុង Pune រដ្ឋ Maharashtra ទើបតែបានប្រកាសអំពីគម្រោងផលិតវ៉ាក់សាំងសម្រាប់ទប់ទល់នឹង COVID-19។ ពួកគេបានសន្យាថា វ៉ាក់សាំងនេះនឹងមានវត្តមាននៅក្នុងខែឧសភា។ វ៉ាក់សាំងនេះ ត្រូវបានគេឱ្យដឹងថា នឹងមានតម្លៃ 1,000រូពី (ប្រហែល13ដុល្លារអាមេរិក) ក្នុង1អំពូល(Ampoule)។ ការផលិតវ៉ាក់សាំងរបស់ក្រុមហ៊ុន Serum នេះ នឹងយោងទៅលើរូបមន្ត និងលទ្ធផលនៃការសាកល្បងថ្នាំព្យាបាល COVID-19 នៅលើមនុស្ស ដែលសាកលវិទ្យាល័យ Oxford (អង់គ្លេស) បានធ្វើឡើងកាលពីថ្ងៃទី23មេសាកន្លងទៅ។
នាយកប្រតិបត្តិរបស់វិទ្យាស្ថាន Serum លោក Adar Poonawalla ថ្លែងថា “យើងសង្ឃឹមថា នឹងអាចសាកល្បងវ៉ាក់សាំងនេះនៅឥណ្ឌាក្នុងខែឧសភា នៅលើមនុស្សប្រហែល100នាក់។ ក្រោយមកនឹងត្រូវផលិតជាផ្លូវការចាប់ពីខែកញ្ញា ឬខែតុលា បើសិនការពិសោធទទួលបានជោគជ័យ។
ក្រុមហ៊ុនឥណ្ឌាបានឱ្យដឹងថា នឹងមិនរង់ចាំដល់ខែកញ្ញា ជាពេលដែលអង់គ្លេសប្រកាសលទ្ធផលនៃការសាកល្បងវ៉ាក់សាំងនេះជាផ្លូវការនោះទេ តែឥណ្ឌានឹងរៀបគម្រោងជាមុនដើម្បីអាចផលិតថ្នាំនេះបានឆាប់ និងក្នុងបរិមាណច្រើន។ ក្នុងខែដំបូងនៃការផលិត វិទ្យាស្ថាន Serum គ្រោងនឹងផលិតបាន10លានអំពូលក្នុង1ខែ ហើយបន្ទាប់មកនឹងបង្កើនបរិមាណពី20-40អំពូលនៅខែតុលា។ Serum គឺជាក្រុមហ៊ុនធំមួយនៅឥណ្ឌា ដែលមានជំនាញខាងអភិវឌ្ឍន៍ និងផលិតវ៉ាក់សាំងនៅឥណ្ឌា៕
ប្រភព៖ សារព័ត៌មានបរទេស