ក្នុងដំណាក់កាលដែលកម្ពុជាត្រូវទប់ស្កាត់ការរីករាលដាលនៃមេរោគ Covid-19 នេះ សាលាទាំងអស់នៅទូទាំងប្រទេសត្រូវដាក់ឱ្យវិសមកាលមុនកាលកំណត់ ដែលធ្វើឱ្យសិស្សានុសិស្សត្រូវសិក្សាពីចម្ងាយនៅក្នុងផ្ទះ និងមានពេលទំនេរច្រើន។ ក្នុងពេលនេះក៏ជាពេលវេលាមួយដែលធ្វើឱ្យកុមារមានភាពតានតឹង និងត្រូវការការយកចិត្តទុកដាក់កាន់តែខ្លាំង។
ពាក់ព័ន្ធនឹងបញ្ហានេះ គណៈកម្មការជាតិគាំពារ អភិវឌ្ឍកុមារតូច នៃក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយនឹងដៃគូអភិវឌ្ឍនានាដូចជា USAID និង UNICEF ជាដើមបង្កើតផ្ទាំងអប់រំមួយសម្រាប់អាណាព្យាបាលដោយជំរុញឱ្យគ្រប់ឪពុកម្តាយ ចែករំលែកក្តីស្រឡាញ់ និងក្តីមេត្តាដល់កូនៗមិនមែនបង្កើនភាពភ័យខ្លាចនោះទេ។
នៅក្នុងផ្ទាំងផ្សព្វផ្សាយនោះ ស្ថាប័នខាងលើបានបញ្ជាក់ថា ដើម្បីសម្រួលភាពតានតឹងដល់កូនៗក្នុងដំណាក់កាលនៃការរាតត្បាតនៃជំងឺ Covid-19 នេះ អាណាព្យាបាលគួរតាមដានអារម្មណ៍ និងសួរសុខទុក្ខកូន ព្រមទាំងនិយាយពាក្យល្អៗឱ្យកូនស្តាប់ដោយយកចិត្តទុកដាក់។ បន្ថែមពីលើនេះអាណាព្យាបាលចាំបាច់ត្រូវតាមដានឱ្យបានដិតដល់ក្រែងកូនមានអារម្មណ៍ថាភ័យខ្លាច ឬត្រូវគេរើសអើងជាដើម។
លើសពីនេះទៅទៀត អាណាព្យាបាលគួរជួយកុមារឱ្យរៀនសូត្រ និងធានាថាពួកគេមានកន្លែងសម្រាប់រៀនសូត្រនៅផ្ទះ និងជួយរក្សាទម្លាប់ពួកគេក្នុងការលេង រៀន ញ៉ាំ និងសម្រាកប្រចាំថ្ងៃ ទោះជាសាលាត្រូវបិទក៏ដោយ។ អាណាព្យាបាលក៏គួរតែស្មោះត្រង់ជាមួយកូន និងពន្យល់ពួកគេពីអ្វីៗដែលកំពុងកើតឡើងដោយប្រើប្រាស់ភាសាសមរម្យ និងបង្រៀនពួកគេឱ្យចេះការពារខ្លួនពីការឆ្លងជំងឺ Covid-19។
ចំណុចសំខាន់ចុងក្រោយគឺអាណាព្យាបាល គួរលេង ច្រៀង អានសៀវភៅ និងគូរគំនូរជាមួយពួកគេ ព្រោះវាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់កុមារក្នុងការបន្តលេង កម្សាន្ត និងរីករាយក្នុងវ័យកុមារភាពទោះស្ថិតក្នុងស្ថានភាពលំបាកក៏ដោយ។ អាណាព្យាបាលត្រូវធ្វើឱ្យកុមារមានអារម្មណ៍សុវត្ថិភាព និងគ្មានអារម្មណ៍ភ័យខ្លាច៕