របាយការណ៍ដំបូងពីទីក្រុងម៉ូស្គូ ស្ដីអំពីស្ថានភាព COVID-19 ក្នុងជួរកងទ័ពរុស្ស៊ី បានឱ្យដឹងថា ទាហានចំនួន874នាក់នៃប្រទេសនេះ បានឆ្លងវីរុសបង្កជំងឺរលាកសួតប្រភេទ ក្នុងនោះមានទាហាន4នាក់កំពុងស្ថិតក្នុងសភាពធ្ងន់ធ្ងរ។
“ការធ្វើតេស្តរកមេរោគក្នុងជួរកងទ័ពរស្ស៊ី រាប់ចាប់ពីខែមីនា ដល់ថ្ងៃទី26មេសា បានបង្ហាញថា ទាហានចំនួន874នាក់ មានលទ្ធផលវិជ្ជមានជាមួយនឹង COVID-19។ ក្នុងចំណោមនេះ មាន314នាក់កំពុងទទួលការព្យាបាលនៅក្នុងមន្ទីរពេទ្យរបស់ក្រសួងការពារជាតិ 175នាក់ទទួលការព្យាបាលនៅក្នុងបន្ទាយ 6នាក់ព្យាបាលនៅមន្ត្រីពេទ្យសាធារណៈ និង379នាក់ទៀតកំពុងបង្ខាំងខ្លួនក្នុងផ្ទះ” នេះបើតាមក្រសួងការពារជាតិរុស្ស៊ី ប្រកាសកាលពីម្សិលមិញ។
កងទ័ពរុស្ស៊ីបានឱ្យដឹងបន្ថែមថា ទាហាន4នាក់មានអាការធ្ងន់ធ្ងរបន្ទាប់ពីបានឆ្លងវីរុសCOVID-19 ក្នុងនោះមានអ្នកជំងឺម្នាក់ត្រូវបំពាក់ម៉ាស៊ីនជំនួយដង្ហើម។ 15នាក់ស្ថិតក្នុងស្ថានភាពមធ្យម ក្រៅពីនេះគឺពុំទាន់មានរោគសញ្ញានៅឡើយ។ ជាងនេះ កងទ័ពរុស្ស៊ីក៏បានរកឃើញបុគ្គលិកផ្នែកស៊ីវិលរបស់ខ្លួនចំនួន245នាក់ និងសិក្ខាកាម779នាក់នៅតាមបណ្ដាសាលាយោធា ក៏មានផ្ទុកវីរុសនេះ ប៉ុន្តែភាគច្រើនពុំទាន់មានរោគសញ្ញា។
របាយការណ៍បានសរសេរថា “ទាហានទាំងអស់ត្រូវបានពិនិត្យសុខភាពរៀងរាល់ថ្ងៃ។ យានយន្តទាំងអស់របស់កងទ័ព ក៏ត្រូវបានបាញ់ថ្នាំសម្លាប់មេរោគយ៉ាងទៀតទាត់ផងដែរ”។
កងទ័ពរុស្ស៊ី កាលពីសប្ដាហ៍មុនបានប្រកាសថា ទាហានរបស់ខ្លួនរាប់ពាន់នាក់ ដែលប្រមូលផ្ដុំគ្នាដើម្បីធ្វើការហ្វឹកហាត់សម្រាប់ពិធីព្យុហយាត្រារំឭកពីជ័យជម្នះនៅទីក្រុងម៉ូស្គូ ត្រូវបង្ខំឱ្យនៅដាច់ដោយឡែករយៈពេល2សប្ដាហ៍ បន្ទាប់ពីត្រឡប់មកកាន់អង្គភាព ដើម្បីទប់ស្កាត់ការឆ្លងវីរុសCOVID-19។ ប៉ុន្តែ កងទ័ពរុស្ស៊ីមិនបានបញ្ជាក់ថា នេះជាវិធានការដើម្បីទប់ស្កាត់ជាមុន ឬមួយមានករណីឆ្លងមេរោគរួចហើយនោះទេ។
COVID-19 បានបង្ហាញខ្លួននៅក្នុងប្រទេស និងដែនដីចំនួន210 ក្នុងពិភពលោក បណ្ដាលឱ្យមនុស្សជិត3លាននាក់បានឆ្លងមេរោគ និងជាង206,000នាក់បានបាត់បង់ជីវិត។ កាលពីម្សិលមិញ រុស្ស៊ីបានរាយការណ៍ថា ប្រទេសនេះ មានអ្នកជំងឺ80,949នាក់បានឆ្លងវីរុស ក្នុងនោះមាន747នាក់បានស្លាប់ និង6,767នាក់បានជាសះស្បើយ។ រដ្ឋាភិបាលប្រទេសនេះបានធ្វើតេស្តរកមេរោគCOVID-19 សរុបជាង2.8លាននាក់នៅទូទាំងប្រទេស៕
ប្រភព៖ សារព័ត៌មានបរទេស