រដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រឹកនេះបានប្រកាសថា អ្នកជំងឺCOVID-19 បានជាសះស្បើយ2នាក់បន្ថែមទៀត ដូច្នេះ កម្ពុជានៅសល់អ្នកជំងឺរលាកសួតប្រភេទថ្មី តែ3នាក់ទៀតតែប៉ុណ្ណោះ។
អ្នកជំងឺ2នាក់ដែលបានជាសះស្បើយនេះ គឺជាប្តីប្រពន្ធជនជាតិបារាំង ស្នាក់នៅក្នុងសង្កាត់ទួលទំពូង រាជធានីភ្នំពេញ។ គិតមកដល់ថ្ងៃនេះ ចំនួនអ្នកដែលបានជាសះស្បើយពីជំងឺ COVID-19 សរុបឡើងដល់119នាក់ ដូច្នេះ បច្ចុប្បន្នកម្ពុជានៅសល់អ្នកជំងឺរលាកសួតប្រភេទថ្មី 3នាក់ទៀត ដែលកំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យ ក្នុងនោះស្ត្រី1នាក់ និងបុរស2នាក់។ នេះបើតាមរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង។
រាប់ចាប់ពីវីរុសកូរ៉ូណាប្រភេទថ្មី បង្ហាញខ្លួននៅកម្ពុជា មកទល់នឹងថ្ងៃទី27មេសានេះ កម្ពុជាបានធ្វើតេស្តរកឃើញអ្នកផ្ទុក COVID-19 សរុប 122នាក់ ប៉ុន្តែ បើតាមក្រសួងសុខាភិបាល កម្ពុជាមិនទាន់មានករណីស្លាប់ដោយសារវីរុសនេះនៅឡើយ។ កម្ពុជាក៏មិនបានរកឃើញអ្នកជំងឺ COVID-19 ថ្មីបន្ថែមទៀតនោះទេ ក្នុងអំឡុងកន្លះខែមកនេះ៕