នៅត្រឹមថ្ងៃទី25 ខែមេសា ឆ្នាំ2020នេះ កម្ពុជាមានអ្នកជាពីជំងឺ Covid-19 រហូតដល់ទៅ 95.90% ហើយបើធៀបនឹងអ្នកមានវីរុស covid-19 សរុបនៅទូទាំងប្រទេស។
បើតាមការបញ្ជាក់របស់ក្រសួងសុខាភិបាល បានឱ្យដឹងថា នៅថ្ងៃនេះមានអ្នកជាសះស្បើយថ្មីបន្ថែមចំនួន 7នាក់ ដែលធ្វើឱ្យចំនួនអ្នកជាសះស្បើយកើនឡើងដល់ 117នាក់។ ហេតុនេះអ្នកដែលកំពុងសម្រាកព្យាបាលសរុបគឺត្រូវថយចុះមកត្រឹមតែ 5នាក់ប៉ុណ្ណោះ ក្នុងនោះមានអ្នកជំងឺស្រីចំនួន 2នាក់ និងប្រុស 3នាក់។
អ្នកដែលមានជាសះស្បើយពីជំងឺចំនួន 7នាក់ថ្មីនេះ គឺបុរសជនជាតិម៉ាឡេស៊ី អាយុ 66ឆ្នាំ បុរសជាតិខ្មែរអាយុ 37ឆ្នាំ នៅក្រុងសៀមរាប ស្ត្រីជនជាតិខ្មែរអាយុ 20ឆ្នាំនៅភ្នំពេញ ស្ត្រីជនជាតិវៀតណាមអាយុ 27ឆ្នាំ នៅកោះពេជ្រ ស្ត្រីជនជាតិវៀតណាមអាយុ 24ឆ្នាំ នៅម្តុំបឹងកេងកង1 ស្ត្រីជនជាតិចិនអាយុ 30ឆ្នាំ នៅ Olympia និងស្ត្រីជនជាតិចិនអាយុ 31ឆ្នាំនៅសង្កាត់បឹងកេងកង1។
ទោះជាយ៉ាងនេះក្តី មន្ត្រីសុខាភិបាលនៅតែក្រើនរំលឹកឱ្យបងប្អូនប្រជាពលរដ្ឋគ្រប់រូបរក្សាភាពប្រុងប្រយ័ត្នដោយយកចិត្តទុកដាក់ការពារខ្លួន និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ព្រោះកម្ពុជាកំពុងស្ថិតក្នុងស្ថានភាពផុយស្រួលនៅឡើយចំពោះមុខមេរោគ Covid-19៕