ប្រធានាធិបតីសហរដ្ឋអាមរិក លោក Donald Trump បានថ្លែងថា រដ្ឋាភិបាលអាមេរិកាំងទប់ទល់នឹងរោគរាតត្បាតCOVID-19 បានយ៉ាងល្អ និងបានសង្ឃឹមថា តួលេខនៃអ្នកស្លាប់ដោយសារវីរុសកូរ៉ូណានេះនឹងទាបជាងច្រើន ធៀបនឹងការព្យាករ100,000នាក់ពីសំណាក់ក្រុមអ្នកជំនាញការ។
គិតត្រឹមបច្ចុប្បន្ន សហរដ្ឋអាមេរិកមានអ្នកស្លាប់ដោយសារវីរុសCOVID-19 សរុបឡើងដល់ 52,092នាក់ កើនជាង1,800នាក់ បើធៀបនឹងមុននេះមួយថ្ងៃ។ អ្នកជំងឺថ្មីក្នុងប្រទេសនេះមានជាង3,700នាក់ ធ្វើឱ្យចំនួនអ្នកជំងឺសរុបកើនដល់923,612នាក់។
ឆ្លើយតបនឹងសំណួររបស់អ្នកយកព័ត៌មាន ស្ដីអំពីការទទួលខុសត្រូវក្នុងការទប់ស្កាត់របស់រដ្ឋាភិបាល ខណៈដែលមានអ្នកស្លាប់ជាង50,000នាក់ដោយសារCOVID-19 លោក Trump បានឆ្លើយថា “ខ្ញុំគិតថា យើងធ្វើបានយ៉ាងល្អហើយ”។ លោកក៏បានលើកឡើងអំពីការព្យាករកន្លងមករបស់ក្រុមអ្នកជំនាញដែលថា តួលេខនៃអ្នកស្លាប់ដោយសារវីរុសCOVID-19 នៅសហរដ្ឋអាមេរិក អាចមានយ៉ាងតិច100,000នាក់។ លោក Trump ថ្លែងថា “យើងសង្ឃឹមថា តួលេខជាក់ស្ដែងនឹងទាបជាងនេះ”។
លោក Trump បានប្រកាសថា “ការរឹតបន្តឹងការដើរហើរ” អាចអូសបន្លាយដល់ក្រោយថ្ងៃទី1ឧសភា។ សភាជាន់ទាបអាមេរិកាំង កាលពីម្សិលមិញក៏បានអនុម័តយល់ព្រមទម្លាក់កញ្ចប់ថវិកាជំនួយសេដ្ឋកិច្ច ដែលមានទំហំទឹកប្រាក់ 480ពាន់លានដុល្លារដើម្បីជួយដល់អាជីវកម្មខ្នាតតូច មន្ទីរពេទ្យ និងការធ្វើតេស្តរកមេរោគ COVID-19៕
ប្រភព៖ សារព័ត៌មានបរទេស