ថ្នាំសាកល្បងប្រឆាំងវីរុសឈ្មោះ“Remdesivir” របស់ក្រុមហ៊ុន Gilead Sciences Inc បានបរាជ័យក្នុងការជួយសង្គ្រោះអ្នកជំងឺកូវីដ-19 ដែលមានអាការធ្ងន់ធ្ងរ ក្នុងអំឡុងពេលសាកល្បងខាងគ្លីនិក(ព្យាបាល)នៅក្នុងប្រទេសចិន តែយ៉ាងណាក៏ដោយ ក្រុមហ៊ុនផលិតថ្នាំពេទ្យមួយនេះ បានប្រាប់ថា លទ្ធផលនៃការសិក្សាស្រាវជ្រាវទាំងនោះ មិនទាន់ជាបទសរុបទេ ដោយសារតែវា ចប់មុនកំណត់។ នេះបើតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
ភាគហ៊ុនរបស់ Gilead បានធ្លាក់ចុះច្រើនជាង4% តាមក្រោយព័ត៌មានដែលលេចធ្លាយចេញមកដោយចៃដន្យ ដែលធ្វើឡើងដោយសារព័ត៌មាន Financial Times ដែលបានរាយការណ៍មុនគេ ខណៈដែលរបាយការណ៍នេះធ្វើឡើងមិនប៉ុន្មានថ្ងៃ ក្រោយពេលមានលេចឮដំណឹងថា អ្នកជំងឺដែលឆ្លងមេរោគកូវីដ-19 ដែលបានទទួលថ្នាំ“Remdesivir” ក្នុងការសាកល្បងខាងការព្យាបាលរបស់មន្ទីរពេទ្យ នៃមហាវិទ្យាល័យឈិកាហ្គោ សហរដ្ឋអាមេរិក បានជាសះស្បើយយ៉ាងឆាប់រហ័ស។
ចំណែកឯទីភ្នាក់ងារព័ត៌មានSTAT បានរាយការណ៍ កាលពីសប្ដាហ៍មុន ដោយបានដកស្រង់សម្ដីអ្នកដឹកនាំការសាកល្បងដែលបានបញ្ជាក់ថា អ្នកជំងឺដែលបានចូលរួមក្នុងការសាកល្បងខាងគ្លិនិកថ្នាំមួយនេះ សុទ្ធតែមានអាការគ្រុនក្ដៅខ្លួនខ្លាំង និងមានអាការខាងប្រព័ន្ធដង្ហើមធ្ងន់ធ្ងរ អាចចាកចេញពីមន្ទីរពេទ្យបានក្នុងរយៈពេលមិនដល់1សប្ដាហ៍ផង។
យ៉ាងណាក៏ដោយ ខាងមហាវិទ្យាល័យ បានដាស់តឿនថា វាហាក់ដូចជាលឿនពេកក្នុងប្រញាប់សរុបរឿងនេះ ដោយសារតែការសាកល្បងនោះ មិនបានរួមជាមួយការ “សាកល្បងបែបជាក្រុមដែលមានការគ្រប់គ្រង” នៅឡើយ ដូច្នេះទើបវាជារឿងពិបាកក្នុងការចង្អុលបង្ហាញច្បាស់ៗថា ការពិតទៅថ្នាំនេះ នឹងជួយឱ្យអ្នកជំងឺឆាប់ធូរស្រាលបានល្អឡើង ឬអត់នោះទេ?។ ទាំងអស់នេះ ក្នុងការសាកល្បងបែបគ្រប់គ្រង អ្នកជំងឺខ្លះ នឹងមិនបានទទួលថ្នាំដើម្បីបើកផ្លូវឱ្យក្រុមគណៈគ្រូពេទ្យរកបទសរុបថា ការពិតទៅ តើថ្នាំនេះហុចផលប៉ះពាល់ដល់អាការឈឺថ្កាត់របស់អ្នកជំងឺដែរឬទេ?
ថ្នាំ “Remdesivir” របស់ Gilead បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែបច្ចុប្បន្នមិនទាន់មានថ្នាំ ឬវិធីការព្យាបាលណាមួយដែលបានទទួលការអនុម័តនៅឡើយ ដូចគ្នានឹងវ៉ាក់សាំងការពារមេរោគកូវីដ-19ដែរ ខណៈដែលបណ្ដាក្រុមគណៈគ្រូពេទ្យទូទាំងពិភពលោក កំពុងរិះរកគ្រប់បែបយ៉ាង តាមដែលអាចធ្វើបាន ដើម្បីបង្វែរដំណើរផ្លូវរបស់ជំងឺឆ្លងដ៏ធ្ងន់ធ្ងរនេះដែលអាចធ្វើទុក្ខសួតរបស់អ្នកឆ្លងមេរោគ។
សេចក្ដីព្រាងឯកសារ ដែលអង្គការសុខភាពពិភពលោកធ្វើឱ្យបែកធ្លាយចេញមកដោយចៃដន្យ បានបញ្ជាក់ថា ក្នុងការសាកល្បងនៅប្រទេសចិន ដែលជាការប្រើថ្នាំចាក់ចូលទៅតាមសរសៃឈាម មិនទទួលបានជោគជ័យក្នុងការជួយអ្នកជំងឺឱ្យមានអាការល្អប្រសើរឡើង ឬបន្ថយមេរោគក្នុងក្រសែឈាមនោះទេ តែយ៉ាងណាក៏ដោយ សេចក្ដីលម្អិតផ្សេងៗមិនទាន់មានច្រើននៅឡើយ និងបានបង្ហាញថា ចំណុចមិនសមប្រកបផ្សេងៗក្នុងការវាយតម្លៃព័ត៌មាន មិនទាន់ល្អពេញលេញនៅឡើយ។
ក្នុងសេចក្ដីព្រាងឯកសារនោះបានបញ្ជាក់ថា ការសាកល្បងខាងគ្លីនិក(ព្យាបាល)ពាក់ព័ន្ធនឹងអ្នកជំងឺ 237នាក់ ក្នុងនោះមាន 158នាក់បានទទួលថ្នាំ “Remdesivir” ចំណែក 79នាក់ទៀតបានទទួលថ្នាំបញ្ឆោត ដែលធ្វើឱ្យរកឃើញថា អត្រាការស្លាប់ក្នុងអ្នកជំងឺដែលបានទទួលថ្នាំ “Remdesivir” ស្ថិតក្នុងអត្រា 13.9% ប្រហាក់ប្រហែលនឹងអត្រាការស្លាប់ក្នុងក្រុមគ្រប់គ្រង(អ្នកទទួលថ្នាំបញ្ឆោត) ដែលស្ថិតក្នុងអត្រា 12.8%។
Gilead បានថ្លែងថា “លទ្ធផលការសិក្សាស្រាវជ្រាវ នៅមិនទាន់ទទួលបានចំណុចសរុបដែលច្បាស់ពិតប្រាកដនៅឡើយទេ ទោះជាសញ្ញានៅក្នុងព័ត៌មានបានបង្ហាញពីសក្ដានុពលដែលជាប្រយោជន៍របស់ “Remdesivir” ជាពិសេសជាមួយអ្នកជំងឺដែលបានទទួលការព្យាបាលតាំងពីដំបូងៗក្ដី”
យ៉ាងណាក៏ដោយ ពួកអ្នកវិភាគដទៃទៀត ទទួលបានចំណុចសរុបមួយចំនួន ពីការសាកល្បងទាំងនោះហើយ។ លោក ស្ទីហ្វេន ស៊ីដហៅស៍ អ្នកវិភាគពីស្ថាប័ន ចាដរេយ៍ម៉ន់ដ៍ ចេមស៍ និយាយថា “ឈុតព័ត៌មានដែលគ្រប់គ្រងដោយចិន នឹងបង្កឱ្យកើតមានទស្សនៈនៃការពិត ដែលមានចំពោះ “Remdesivir” នោះគឺ វាមើលទៅហាក់ដូចជាប្រើមិនបានលទ្ធផលល្អទេ ជាមួយអ្នកជំងឺដែលមានអាការធ្ងន់ធ្ងរ”៕
ប្រភព៖ សារព័ត៌មានបរទេស