សមាជិកក្រុមនាវិកចំនួន40នាក់នៅលើនាវាទេសចរណ៍ Costa Atlantica របស់ប្រទេសអ៊ីតាលី ដែលកំពុងសំចតនៅកំពង់ផែ Nagasaki ប្រទេសជប៉ុន វិជ្ជមានជាមួយនឹងវីរុសCOVID-19 ធ្វើឱ្យចំនួនអ្នកជំងឺនៅលើនាវានេះកើនដល់90នាក់។
ស្ថានីយទូរទស្សន៍ NHK របស់ជប៉ុន ថ្ងៃនេះបានប្រកាសថា តួលេខសរុបនៃអ្នកជំងឺកូរ៉ូណានៅលើនាវា Costa Atlantica ដែលកំពុងសំចតនៅក្នុងកំពង់ផែន Nagasaki បានកើនដល់90នាក់ហើយ បន្ទាប់ពីបានរកឃើញអ្នកជំងឺថ្មី40នាក់បន្ថែមទៀត។ នាវាទេសចរណ៍ Costa Atlantica របស់ប្រទេសអ៊ីតាលីនេះ មិនមានដឹកភ្ញៀវនោះទេ ដោយវាត្រូវបាននាំទៅកាន់រោងចក្រជួសជុលនាវាមួយកន្លែងនៅក្នុងទីក្រុង Nagasaki នៅភាគនិរតីប្រទេសជប៉ុន ដើម្បីជួសជុល ក៏ប៉ុន្តែត្រូវបានពន្យារពេលដោយសារតែ COVID-19។
ក្រុមមន្ត្រីសុខាភិបាលនៅ Nagasaki បានឱ្យដឹងថា ពួកគេនឹងបញ្ចប់ការធ្វើតេស្តរកមេរោគនៅលើនាវិកទាំង623នាក់របស់នាវាCosta Atlanticaនេះ ប៉ុន្តែក៏មានការព្រួយបារម្ភខ្លាំងផងដែរ ចំពោះហានិភ័យឆ្លងរាលដាលទៅដល់ប្រជាជននៅក្នុងទីក្រុង បន្ទាប់ពីមានលេចឮព័ត៌មានថា មាននាវិកម្នាក់របស់ Costa Atlantica បានចាកចេញពីតំបន់ជួសជុលនាវានេះ។
ព័ត៌មានស្ដីអំពីសម្បុកមេរោគនៅលើនាវាទេសចរណ៍ Costa Atlantica បានធ្វើឱ្យមានចំណាប់អារម្មណ៍ច្រើននៅលើ Twitter នៅពេលដែលមានគេប្រៀបធៀបវាទៅនឹងនាវាទេសចរណ៍ Diamond Princess ដែលធ្លាប់មានមនុស្សជាង700នាក់បានឆ្លងវីរុសCOVID-19 ក្នុងនោះមាន13នាក់បានបាត់បង់ជីវិត។ នាវា Diamond Princess ធ្លាប់ត្រូវបានដាក់ឱ្យនៅដោយឡែកនៅឯលម្ហសមុទ្រ Yokohama ប្រទេសជប៉ុន កាលពីខែកុម្ភៈនៅមុនពេលអ្នកទេសចរ និងក្រុមនាវិកត្រូវបានជម្លៀសចេញពីនាវា។
អ្នកលេងបណ្ដាញសង្គមម្នាក់សរសេរថា “មានបញ្ហាអ្វីទៀតហើយ តើមិនបានដកបទពិសោធន៍ពី Diamond Princess ទេអី? វាបានចូលចតនៅកំពង់ផែដើម្បីជួសជុល ប៉ុន្តែសួរថា តើស្ថានភាពនោះចាំបាច់ដល់កម្រិតនេះហើយឬនៅ? ហេតុអ្វីបានជាអនុញ្ញាតឱ្យវាចូលចតបែបនេះ?”។
បច្ចុប្បន្ន ប្រទេសជប៉ុនបានរកឃើញអ្នកជំងឺCOVID-19 ជាង12,000នាក់ ក្នុងនោះមានអ្នកជំងឺជិត300នាក់បានស្លាប់ ដោយមិនទាន់បូករួមស្ថិតិនៅលើនាវាទេសចរណ៍ Diamond Princess នៅឡើយ។ នាយករដ្ឋមន្ត្រីជប៉ុន លោក Shizon Abe បានប្រកាសអាសន្នទូទាំងប្រទេស ទន្ទឹមនឹងការស្នើឱ្យប្រជាជនទាំងអស់នៅក្នុងផ្ទះ លើកលែងតែមានកិច្ចការចាំបាច់ ដើម្បីកាត់បន្ថយទំនាក់ទំនងផ្ទាល់ក្នុងសង្គមឱ្យបាន80% បំណងទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសCOVID-19។
គិតមកដល់បច្ចុប្បន្ន មានប្រទេស និងដែនដីចំនួន210ហើយដែលមានវត្តមានរបស់វីរុសCOVID-19។ វីរុសនេះបានសម្លាប់មនុស្សយ៉ាងតិច191,000នាក់ ក្នុងចំណោមអ្នកជំងឺជាង2.7លាននាក់៕
ប្រភព៖ សារព័ត៌មានបរទេស