ពិភពលោកទាំងមូល មានអ្នកស្លាប់ជាង190,000នាក់ ក្នុងចំណោមអ្នកជំងឺCOVID-19 ជាង2.7លាននាក់ ដែលភាគច្រើននៅអឺរ៉ុប និងសហរដ្ឋអាមេរិក។
ស្ថិតិរបស់សាកលវិទ្យាល័យ Johns Hopkins ឱ្យដឹងថា វីរុសCOVID-19 បានបង្ហាញខ្លួននៅក្នុងប្រទេស និងដែនដីចំនួន210 នៅក្នុងពិភពលោក ធ្វើឱ្យមនុស្សយ៉ាងតិច 2,708,590នាក់បានឆ្លងមេរោគ ក្នុងនោះមានអ្នកជំងឺ190,303នាក់បានស្លាប់។ អ្នកជំងឺថ្មីកើន 88,011នាក់ និងអ្នកស្លាប់ថ្មីកើន7,400នាក់ បើធៀបនឹងម្សិលមិញ។ ចំនួនករណីដែលបានជាសះស្បើយ មានចំនួន744,866នាក់។
សហរដ្ឋអាមេរិកគឺជាសម្បុកមេរោគធំជាងគេបង្អស់ក្នុងពិភពលោក។ ប្រទេសនេះមានអ្នកស្លាប់សរុប49,751នាក់ និងអ្នកស្លាប់ថ្មីជិត2,100នាក់ ដោយសារឆ្លងវីរុសCOVID-19 ។ នៅក្នុងថ្ងៃដដែលនេះ សហរដ្ឋអាមេរិកក៏មានអ្នកជំងឺថ្មីជាង 30,000នាក់ ធ្វើឱ្យអ្នកជំងឺសរុបកើនដល់ជិត879,000នាក់។
អេស្ប៉ាញដែលជាសម្បុកមេរោគធំជាងគេទី2ក្នុងពិភពលោក បានរាយការណ៍ថា មានអ្នកជំងឺថ្មី4,635នាក់ អ្នកស្លាប់ថ្មី440នាក់។ អ្នកជំងឺសរុប213,023នាក់ ខណៈអ្នកស្លាប់សរុបឡើងដល់22,157នាក់។
អ៊ីតាលី៖ អ្នកជំងឺថ្មី2,646នាក់ អ្នកស្លាប់ថ្មី464នាក់ ចំណែកអ្នកជំងឺសរុបមាន189,973នាក់ និងអ្នកស្លាប់សរុប 25,549នាក់។ ប្រទេសនេះជាសម្បុកមេរោគធំជាងគេលំដាប់ទី3ក្នុងពិភពលោក ប៉ុន្តែជា “វាលពិឃាត” ធំជាងគេលំដាប់ទី2ក្នុងពិភពលោក។
បារាំង៖ អ្នកជំងឺថ្មី2,323នាក់ អ្នកស្លាប់ថ្មី516នាក់ ខណៈដែលអ្នកជំងឺសរុបមាន158,183នាក់ និងអ្នកស្លាប់សរុបមាន21,856នាក់។
អាល្លឺម៉ង់៖ អ្នកជំងឺថ្មីមានចំនួន1,136នាក់ និងអ្នកស្លាប់ថ្មីមាន126នាក់ នាំឱ្យអ្នកជំងឺសរុបកើនដល់151,784នាក់ និងអ្នកស្លាប់សរុបឡើងដល់5,404នាក់។
នៅទូទាំងទ្វីបអឺរ៉ុបមានអ្នកជំងឺកូរ៉ូណាសរុប1,193,276នាក់ អាមេរិកខាងជើងមាន948,983នាក់ ទ្វីបអាស៊ីមាន435,282នាក់ អាមេរិកខាងត្បូងមាន103,336នាក់ និងទ្វីបអាហ្វ្រិកមាន28,104នាក់៕
ប្រភព៖ សារព័ត៌មានបរទេស