នាវាទេសចរណ៍របស់ប្រទេសអ៊ីតាលីមួយគ្រឿងដែលកំពុងចតនៅកំពង់ផែប្រទេសជប៉ុនដើម្បីជួសជុល បានក្លាយជាសម្បុកមេរោគ COVID-19 ខណៈមកដល់ពេលនេះ វាមានអ្នកជំងឺកូរ៉ូណាប្រភេទថ្មី យ៉ាងតិច48នាក់។
នៅថ្ងៃនេះ (23មេសា) មន្ត្រីនៅ Nagasaki ប្រទេសជប៉ុនបានឱ្យដឹងថា នាវាទេសចរណ៍អ៊ីតាលី Costa Atlantica មានអ្នកជំងឺ COVID-19 យ៉ាងតិចចំនួន48នាក់។ នាវា Costa Atlantica បានក្លាយជាសម្បុកមេរោគលើផ្ទៃទឹកទី2នៅជប៉ុន បន្ទាប់នាវា Diamond Princess ដែលមានអ្នកជំងឺកូរ៉ូណាសរុប700នាក់។ ក៏ប៉ុន្តែ នាវា Costa Atlantica វិញ មានតែក្រុមនាវិកប៉ុណ្ណោះដែលកំពុងនៅលើនាវា ព្រោះថា វាកំពុងចតនៅកំពង់ផែ Nagasaki ដើម្បីជួសជុល។
នាវាខាងលើនេះ បានទៅកាន់រោងចក្រសាងសង់នាវាមួយនៅតំបន់ Nagagaki កាលពីចុងខែកុម្ភៈ ក្រោយពី COVID-19 បានធ្វើឱ្យគម្រោងជួសជុលរបស់ពួកគេនៅប្រទេសចិនមុននោះត្រូវបានលុបចោល។
អ្នកជំងឺកូរ៉ូណាថ្មីចំនួន14នាក់ដែលត្រូវបានរកឃើញនៅលើនាវា Costa Atlantica បានធ្វើឱ្យមានការព្រួយបារម្ភថា វាអាចនាំឱ្យឆ្លងដល់ប្រជាជនក្នុងតំបន់ Nagasaki។ មុននេះ មានព័ត៌មានក្រៅផ្លូវការបានឱ្យដឹងថា នាវិកមួយចំនួនបានចាកចេញពីតំបន់ដែលគេបានកំណត់ បើទោះជាក្រុមហ៊ុន Costa Cruises (Italia) ដែលជាអ្នកគ្រប់គ្រងនាវា Costa Atlantica បានសន្យាថា ក្រុមនាវិករបស់ខ្លួននឹងនៅតែក្នុងតំបន់រោងចក្រសាងសង់នាវាដែលពួកគេកំពុងស្ថិតនៅក៏ដោយ។
នាវាទេសចរណ៍របស់អ៊ីតាលីនេះ មាននាវិក និងអ្នកបម្រើចំនួន623នាក់ និងមិនមានភ្ញៀវទេសចរណ៍នោះទេ។ សមាជិកក្រុមនាវិកម្នាក់ ដែលបានឆ្លងវីរុស COVID-19 កំពុងទទួលការព្យាបាលនៅឯមន្ទីរពេទ្យ។ អ្នកជំងឺនេះកំពុងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ដល់ជីវិត និងត្រូវប្រើម៉ាស៊ីនជំនួយដង្ហើម។
ចំណែកអ្នកជំងឺ47នាក់ផ្សេងទៀត កំពុងបង្ខាំងខ្លួននៅក្នុងបន្ទប់ដោយឡែក។ ពួកគេមិនទាន់មានអាការរោគធ្ងន់ធ្ងរនៅឡើយ។
សារព័ត៌មាន AP បានឱ្យដឹងថា មន្ត្រីជប៉ុនកំពុងតែស្រាវជ្រាវរកប្រភពចម្លងរបស់សម្បុកមេរោគនេះ ខណៈដែលតំបន់ Nagasaki មានអ្នកជំងឺតែ17នាក់ប៉ុណ្ណោះ។ ក្រុមមន្ត្រីជប៉ុនបានសង្ស័យថា មេរោគប្រហែលជាបានឆ្លងនៅពេលដែលបុគ្គលិកនៃក្រុមនាវិកបានចេញទៅក្រៅ ឬបានឆ្លងនៅពេលនាវានេះបានប្ដូរនាវិកកាលពីប៉ុន្មានសប្ដាហ៍មុន។
បច្ចុប្បន្ន ជប៉ុនមានអ្នកជំងឺកូរ៉ូណាសរុបប្រមាណជាជិត12,000នាក់ និងជិត300នាក់បានបាត់បង់ជីវិត។ តួលេខនេះ មិនបានរាប់បញ្ចូលទាំងអ្នកជំងឺនៅលើនាវា Diamond Princess នោះទេ៕
ប្រភព៖ Channel News Asia