ក្រុមអ្នកជំនាញផ្នែកសុខាភិបាលកូរ៉េខាងត្បូងបានបញ្ជាក់ថា អ្នកជំងឺកូរ៉ូណាមួយចំនួននៅកូរ៉េខាងត្បូង វិជ្ជមានជាមួយវីរុសCOVID-19នេះឡើងវិញ ប៉ុន្តែមិនមានលទ្ធភាពចម្លងទៅអ្នកដទៃនោះទេ។
ប្រធានមជ្ឈមណ្ឌលគ្រប់គ្រង និងទប់ស្កាត់ជំងឺឆ្លងរបស់កូរ៉េខាងត្បូង KCDC (Korea Centers for Disease Control and Prevention) បណ្ឌិត Jung Eun-kyeong បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃទី22មេសា ឱ្យដឹងថា អ្នកជំងឺCOVID-19មួយចំនួនដែលបានជាសះស្បើយរបស់ប្រទេសនេះ បានកើតជំងឺនេះជាថ្មី ប៉ុន្តែ មិនមានលទ្ធភាពក្នុងការចម្លងមេរោគទៅអ្នកដទៃនោះឡើយ។
KCDC បានធ្វើការវិភាគទៅលើអ្នកជំងឺ25នាក់ដែលបានជាពីជំងឺដើម្បីស្វែងយល់ថាតើពួកគេនៅមានផ្ទុកវីរុសCOVID-19នេះដែរ ឬអត់។ អ្នកទាំងនេះ សុទ្ធតែមានអង្គបដិប្រាណទប់ទល់នឹង COVID-19 ក៏ប៉ុន្តែ 12នាក់ក្នុងចំណោម25នាក់ខាងលើ បានបង្ហាញលទ្ធផលវិជ្ជមានជាមួយនឹងវីរុសនេះម្ដងទៀត។
“បញ្ហានេះអាស្រ័យទៅលើអ្នកជំងឺម្នាក់ៗ ដែលអាចធ្វើឱ្យវីរុសនេះស្ថិតនៅក្នុងរាងកាយបានយូរដោយមិនអាចបណ្ដេញពីរាងកាយឱ្យអស់ សូម្បីតែនៅពេលរាងកាយបានបង្កើតអង្គបដិប្រាណរួចហើយ។ ការសិក្សាស្រាវជ្រាវបន្ថែមកំពុងត្រូវបានធ្វើឡើង”។ នេះបើតាមសម្ដីរបស់លោកJung Eun-kyeong។
កូរ៉េខាងត្បូង ព្រឹកនេះបានរាយការណ៍ថា មានអ្នកជំងឺថ្មី8នាក់បន្ថែមទៀត ធ្វើឱ្យអ្នកជំងឺសរុបនៅប្រទេសនេះកើនដល់10,702នាក់។ ក្នុងចំណោមអ្នកជំងឺថ្មី ក៏មាន4នាក់ជាអ្នកជំងឺនាំចូល ដែលមកទល់នឹងពេលនេះ កូរ៉េខាងត្បូងមានអ្នកជំងឺនាំចូលសរុប1,021នាក់។ ប្រទេសនេះមានអ្នកស្លាប់ដោយសារវីរុសកូរ៉ូណាចំនួន240នាក់ ខណៈអ្នកជំងឺបានជាសះស្បើយមានចំនួន8,411នាក់ ក្នុងនោះមាន134នាក់ទើបតែត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ។
គិតមកដល់បច្ចុប្បន្ន ពិភពលោកទាំងមូលមានប្រទេស និងដែនដីចំនួន210ហើយ ដែលមានវត្តមានរបស់វីរុសCOVID-19 បណ្ដាលឱ្យមនុស្សជាង2.6លាននាក់បានឆ្លងមេរោគ និងជាង184,000នាក់បានបាត់បង់ជីវិត៕
ប្រភព៖ សារព័ត៌មានបរទេស