រដ្ឋមន្ត្រីការបរទេសអាមេរិកាំង លោក Pompeo កាលពីថ្ងៃទី22មេសា បានជំរុញឱ្យប្រទេសចិន អនុញ្ញាតឱ្យក្រុមអ្នកត្រួតពិនិត្យចូលទៅកាន់បន្ទប់ពិសោធន៍សម្ងាត់របស់ប្រទេសនេះ ដោយលោកបានសម្ដែងការព្រួយបារម្ភអំពីកម្រិតសុវត្ថិភាពរបស់បន្ទប់ពិសោធន៍ទាំងនោះ នៅក្នុងករណី COVID-19។
“បណ្ដាបន្ទប់ពិសោធន៍បែបនេះ នៅតែបន្តបើកដំណើរការនៅប្រទេសចិន ហើយពួកវាអាចមានមេរោគដ៏ស្មុគស្មាញកំពុងត្រូវបានពិសោធ។ មិនមែនមានតែវិទ្យាស្ថានវីរុសសាស្ត្រមួយនៅអ៊ូហាននោះទេ។ ប្រការដែលសំខាន់គឺថា សម្ភារទាំងនោះត្រូវតែមានសុវត្ថិភាព និងធានាឱ្យបានត្រឹមត្រូវ ដើម្បីកុំឱ្យកើតមានបញ្ហាសាយភាយមេរោគដោយសារគ្រោះថ្នាក់ផ្សេងៗ” នេះបើតាមរដ្ឋមន្ត្រីការបរទេស Mike Pompeo ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី22មេសា នៅក្រសួងការបរទេសសហរដ្ឋអាមេរិក។
លោក Pompeo បានលើកឧទាហរណ៍អំពីសកម្មភាពត្រួតពិនិត្យទៅលើមជ្ឈមណ្ឌលនុយក្លេអែរនានានៅលើពិភពលោក ដើម្បីធានាសុវត្ថិភាព។ រដ្ឋមន្ត្រីរូបនេះក៏បានថ្លែងថា មិនរំលងចោលលទ្ធភាពដែលថា COVID-19 រួចចេញពីបន្ទប់ពិសោធន៍នៅទីក្រុងអ៊ូហាន ជាសម្មតិកម្មមួយដែលធ្លាប់ត្រូវបានប្រទេសចិនបដិសេធរួចហើយ។
លោក Pompeo និយាយថា “យើងនៅតែមិនទាន់ទទួលបានសំណាកវីរុស ហើយពិភពលោកក៏មិនមានសិទ្ធិចូលទៅកាន់មជ្ឈមណ្ឌល ឬបន្ទប់ពិសោធន៍ផ្សេងៗ ជាកន្លែងដែលវីរុសអាចរួចចេញនៅទីក្រុងអ៊ូហាន”។
អ្នកជំនាញមួយចំនួនរបស់ប្រទេសចិនបាននិយាយថា COVID-19 អាចចាប់ផ្ដើមឆ្លងរាលដាលចេញពីផ្សារលក់សត្វរស់មួយកន្លែងនៅទីក្រុងអ៊ូហានកាលពីខែធ្នូ ឆ្នាំ2019។ ប៉ុន្តែ បន្ទប់ពិសោធន៍ដ៏សម្ងាត់មួយស្ថិតនៅក្បែរតំបន់ផ្សារខាងលើ បានធ្វើឱ្យមានសំណួរជាច្រើនទាក់ទិននឹងប្រភពរបស់វីរុសនេះ។ ទន្ទឹមនឹងនេះ ក្រុមមន្ត្រីជាន់ខ្ពស់របស់សហរដ្ឋអាមេរិកជាច្រើន បានលើកឡើងអំពីសម្មតិកម្មមួយដែលថាវីរុសនេះអាចរួចចេញពីបន្ទប់ពិសោធន៍មួយនេះ។
ទោះជាយ៉ាងណាក៏ដោយ មានមតិរិះគន់ជាច្រើនសំដៅលើប្រធានាធិបតី Donald Trump ដោយចោទថា លោកកំពុងតែបង្វែរការទម្លាក់កំហុសទៅលើវិធីដែលលោកយកមកដោះស្រាយបញ្ហា COVID-19 ដែលមកដល់បច្ចុប្បន្ន វីរុសនេះបានសម្លាប់មនុស្សជាង46,000នាក់នៅសហរដ្ឋអាមេរិក៕
ប្រភព៖ សារព័ត៌មានបរទេស