រដ្ឋមន្រ្តីក្រសួងប៉ូលីស និងសន្តិសុខសាធារណៈនៃប្រទេសឡេសូថូ (Lesotho) ត្រូវបានចាប់ខ្លួន ដោយសារតែមិនព្រមចូលតុលាការ ក្រោយពីមានការចោទប្រកាន់ថាបានរំលោភលើបម្រាមគោចរដែលកំពុងអនុវត្តនៅក្នុង “សង្គ្រាម” ប្រឆាំងនឹងវីរុសCOVID-19 ដោយបានលួចទៅទិញស្រាផឹកទៅវិញ។
Lehlohonolo Moramotse ដែលជារដ្ឋមន្ត្រីក្រសួងប៉ូលីស និងសន្តិសុខសាធារណៈនៃប្រទេសឡេសូថូ ត្រូវបានប្រទះឃើញកំពុងទិញស្រា នៅក្នុងពេលដែលប្រទេសនេះកំពុងអនុវត្តបម្រាមគោចរទូទាំងប្រទេសក្នុងរយៈពេល24ថ្ងៃ។ រដ្ឋមន្ត្រីរូបនេះ ត្រូវបានកោះហៅឱ្យចូលតុលាការកាលពីថ្ងៃទី20មេសា ប៉ុន្តែលោកមិនបានចូលខ្លួននោះទេ ទើបត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅក្នុងការិយាល័យរបស់លោក នៅក្នុងរាជធានី Maseru ក្នុងថ្ងៃដដែលនោះ។
លោក Mpiti Mopeli អ្នកនាំពាក្យរបស់នគរបាលនៃប្រទេសនេះបានឱ្យដឹងថា “គាត់ត្រូវបានចាប់ខ្លួន និងឃុំខ្លួន1យប់នៅឯអធិការដ្ឋាននគរបាលក្នុងទីក្រុង Maseru។ គាត់កំពុងប្រឈមនឹងបទចោទថាបានរំលោភលើបម្រាមគោចរ និងតភ្ជាប់បំពង់ទឹកចូលទៅផ្ទះរបស់គាត់ដោយខុសច្បាប់”។
រាជាណាចក្រឡេសូថូ ដែលជាប្រទេសឯករាជ្យមួយ ដែលព័ន្ធជុំវិញដោយទឹកដីនៃប្រទេសអាហ្វ្រិកខាងត្បូង គិតមកដល់បច្ចុប្បន្ន មិនទាន់មានករណីឆ្លងវីរុសCOVID-19 នៅឡើយ។ នាយករដ្ឋមន្ត្រី Thomas Thabane បានចេញបម្រាមគោចរទូទាំងប្រទេសចាប់ពីថ្ងៃទី29មិនា ដោយសារមានការព្រួយបារម្ភថា វីរុសCOVID-19 អាចនឹងឆ្លងពីប្រទេសអាហ្វ្រិកខាងត្បូង ដែលមានអ្នកជំងឺកូរ៉ូណាជាង3,300នាក់ និងអ្នកស្លាប់យ៉ាងតិច 60នាក់។
គិតមកដល់ពេលនេះ COVID-19 បានសម្លាប់មនុស្សយ៉ាងតិច 177,674នាក់ ក្នុងចំណោមអ្នកជំងឺសរុប2,557,837នាក់ នៅទូទាំងពិភពលោក៕
ប្រភព៖ សារព័ត៌មានបរទេស