ថ្មីៗនេះ សារព័ត៌មានចិនបានចេញផ្សាយថា អ្នកជំងឺរលាកសួតប្រភេទថ្មី COVID-19 មិនត្រឹមតែត្រូវរងរបួសធ្ងន់ធ្ងរទៅលើសួតនោះទេ ប៉ុន្តែក៏មានករណីខ្លះ វីរុសនេះធ្វើឱ្យសម្បុរស្បែករបស់អ្នកជំងឺ ប្រែពីពណ៌ស ទៅខ្មៅទៀតផង។
យោងតាមសារព័ត៌មានតៃវ៉ាន់ CNA បានឱ្យដឹងថា វេជ្ជបណ្ឌិត Yi Fan (ដែលជាអនុប្រធានផ្នែកសរសៃឈាមបេះដូង នៃមន្ទីរពេទ្យ Wuhan City Central Hospital ក្នុងទីក្រុង Wuhan ខេត្ត Hubei ប្រទេសចិន) និងវេជ្ជបណ្ឌិត Hu Weifeng (អនុប្រធានផ្នែកតម្រងនោម) ដែលបានឆ្លងវីរុសCOVID-19 អាចរួចពីការស្លាប់ដោយសារការប្រើម៉ាស៊ីន ECMO។
តាមរយៈវីដេអូដែលត្រូវបានគេចែករំលែកពេញបណ្ដាញសង្គម បង្ហាញថា កាលពីមិនទាន់ឆ្លងវីរុស លោកវេជ្ជបណ្ឌិត Yi Fan គឺជាបុរសដែលមានសម្បុរពណ៌ស ប៉ុន្តែពេលបានឆ្លងវីរុសកូរ៉ូណា ស្បែករបស់លោកក៏បានប្រែទៅជាពណ៌ខ្មៅដូចទៅនឹងអ្នកស្រុកអាហ្វ្រិកយ៉ាងដូច្នោះដែរ។ ចំណែក សម្បុរស្បែករបស់វេជ្ជបណ្ឌិត Hu Weifeng ក៏បានប្រែប្រួលដូចគ្នានេះដែរ។
បញ្ហានេះ ត្រូវបានវេជ្ជបណ្ឌិត Song Jianxin (សមាជិកនៃក្រុមអ្នកជំនាញផ្នែកការពាររោគឆ្លងរបស់ខេត្ត Hubei និងជាប្រធានផ្នែកជំងឺឆ្លងនៃមន្ទីរពេទ្យ Tongji Hospital) ពន្យល់ថា ចំពោះអ្នកជំងឺដែលមានរោគសញ្ញាធ្ងន់ធ្ងរ ការប្រយុទ្ធប្រឆាំងនឹង COVID-19 គឺជា “សង្គ្រាមដែលសម្លាប់ទ័ពសត្រូវបាន10,000នាក់ ហើយទ័ពយើងត្រូវរបួស8,000នាក់” បើទោះជាសង្គ្រោះជីវិតបានក៏ពិតមែន ប៉ុន្តែសរីរាង្គក្នុងខ្លួនរបស់អ្នកជំងឺ ត្រូវរងរបួសធ្ងន់ណាស់ទៅហើយ។
លោក Song Jianxin បានបន្តថា ជាតិដែកក្នុងរាងកាយត្រូវបានថ្លើមបញ្ចេញ និងរក្សាទុក បើសិនថ្លើមរងរបួស និងមិនអាចធ្វើការដូចធម្មតា នោះជាតិដែកនឹងធ្វើដំណើរទៅកាន់សរសៃឈាម ធ្វើឱ្យជាតិដែកនៅក្នុងឈាមកើនឡើងច្រើន ដូច្នេះពេលជាតិដែកក្នុងសរសៃឈាមរត់ទៅដល់ស្បែកមុខ ឬស្បែកកន្លែងផ្សេងៗ វានឹងធ្វើឱ្យសម្បុររបស់ស្បែកកន្លងនោះ ត្រូវប្ដូរទៅជាខ្មៅជាំ។ ក្រៅពីនេះ បញ្ហាខាងលើក៏អាចធ្វើឱ្យស្បែករបស់អ្នកជំងឺខ្លះត្រូវប្រេះ និងរបកទៀតផង។
ដូច្នេះ បើទោះជាវេជ្ជបណ្ឌិត Yi Fan និងវេជ្ជបណ្ឌិត Hu Weifeng ដែលបានឆ្លងវីរុស និងបានគេចផុតពីសេចក្ដីស្លាប់ក៏ពិតមែន ប៉ុន្តែ គ្រឿងក្នុងរបស់ពួកគាត់មានរបួសធ្ងន់ធ្ងរទៅហើយ។ បច្ចុប្បន្ន មិនត្រឹមតែស្បែកមុខត្រូវខ្មៅនោះទេ សូម្បីតែដងខ្លួនក៏ប្រែទៅជាជាំខ្មៅអស់ទៅហើយដែរ៕
ប្រភព៖ សារព័ត៌មានបរទេស