គឺជាការពិតដែលថា បន្លែល្អចំពោះសុខភាព គុណសម្បត្តិវិសេសរបស់បន្លែមានច្រើនណាស់ តែសម្រាប់អ្នកដែលកើតជំងឺទឹកនោមផ្អែម ឬអ្នកដែលត្រូវគ្រប់គ្រងកម្រឹតជាតិស្ករជាពិសេសនោះ អាចមិនស័ក្តិសមជាមួយនឹងបន្លែប្រភេទខ្លះ។ ថ្ងៃនេះ ទំព័រសុខភាព ទស្សនាវដ្តី ឡារ៉ែន មានព័ត៌មានល្អៗក្នុងការជ្រើសរើសញ៉ាំបន្លែសម្រាប់អ្នកកើតជំងឺទឹកនោមផ្អែមមកជម្រាបមិត្តអ្នកអានដូចតទៅ។
- បន្លែដែលមានជាតិស្ករ 3 – 5 ភាគរយ
ផ្លែត្រប់ ឃ្លោក បន្លែតាំងអោ ស្ពៃបូកគោ កញ្ឆែត ត្រសក់ ននោង ស្លឹកផ្ទី ទំពាំង មើមឆៃថាវ ត្រឡាច សាលាដ ត្រកួនចិន ត្រួយល្ពៅ ម្រះ សណ្តែកបណ្តុះ ខាត់ណា ផ្កាគុយឆាយ ស្ពៃចង្កឹះ ស្ពៃក្តោប ស្អំ ក្រឪឈូក។
– បន្លែដែលមានជាតិស្ករ 5 – 10 ភាគរយ
សណ្តែកសៀង ស្លឹកឆះភ្លូ គល់ខ្ទឹម ត្រយូងចេក ខ្ទឹមបារាំង ស្លឹកម្រំ ផ្កាអង្គារដី ខ្ញី ស្នៀតពោត ផ្លែល្ហុងខ្ចី ស្លឹកកន្ទុំទេស និងផ្លែកន្ទុំទេសខ្ចី។
– បន្លែដែលមានជាតិស្ករ 15 – 20 ភាគរយ
ផ្កាអង្កាញ់ ត្រួយអំពឹល ស្លឹកបន្លែផ្អែម ស្លឹកងប់ មើមដំឡូងបារាំង គ្រាប់សណ្តែកឡាន់តៅ។
-បន្លែដែលមានជាតិស្ករ 20 – 30 ភាគរយ
មើមឈូក មើមក្តួច ត្រាវ ដំឡូងជ្វា ស្លឹកអង្កាញ់ មើមឈូកចិន។
អានមកដល់ត្រង់នេះហើយ ក៏សូមប្រកាស់ប្រាប់គ្នាឱ្យច្បាស់ៗតែម្តងថា បន្លែក្នុងក្រុមដែលមានជាតិស្ករ 20 – 30 ភាគរយនេះ មិនស័ក្តិសមជាមួយអ្នកដែលកើតជំងឺទឹកនោមផ្អែមនោះទេ និងសាកល្បងពិនិត្យម្តងទៀតមើលថា តើគួរកាត់បន្ថយបន្លែដែលខ្លួនចូលចិត្តអ្វីខ្លះ៕