នៅក្នុងសារព័ត៌មាននានាដែលនិយាយអំពីវីរុសCOVID-19 លោកអ្នកប្រហែលជាបានឮ ឬបានឃើញគេរាយការណ៍ទាក់ទិននឹងសំណាកវិភាគ ឬវត្ថុវិភាគជាញឹកញាប់មកហើយ ក៏ប៉ុន្តែ តើលោកអ្នកធ្លាប់បានដឹងទេថា បុគ្គលិកសុខាភិបាលត្រូវយកសំណាក ឬវត្ថុវិភាគរបស់អ្នកជំងឺCOVID-19 ឬអ្នកសង្ស័យថាបានឆ្លងវីរុសនេះ ដោយវិធីណាហើយ ឬនៅ?
ជាក់ស្ដែង អ្នកជំនាញខាងសុខាភិបាលនឹងប្រើប្រាស់ឧបករណ៍ម្យ៉ាងដែលមានទម្រង់ដូចទៅនឹងសម្លីត្បាល់ត្រចៀក ដើម្បីផ្ដិតយកធាតុទឹករងៃនៅជ្រៅខាងក្នុងច្រមុះ។ តំបន់នេះរបស់រាងកាយ គឺជាកន្លែងដែលមានធាតុទឹករងៃច្រើនដែលត្រូវបានរាងកាយបញ្ចេញពីខាងក្នុងប្រព័ន្ធផ្លូវដង្ហើមមកក្រៅ។ ដូច្នេះ មេរោគក៏នឹងមានច្រើននៅទីនេះផងដែរ។
សម្លីដែលត្រូវបានប្រើដើម្បីយកវត្ថុវិភាគពីអ្នកជំងឺ គឺត្រូវតែជាប្រភេទសម្លីដែលគ្មានមេរោគ ធ្វើអំពីសម្លីសិប្បនិម្មិត ហើយដងរបស់វាធ្វើអំពីជ័រទន់។ ក្រុមបុគ្គលិកសុខាភិបាលនឹងមិនប្រើប្រាស់សម្លីត្បាល់ត្រចៀកដែលមានផ្ទុកសារធាតុ Calcium alginate ឬដងរបស់វាធ្វើអំពីឈើ ឬជ័ររឹងនោះទេ ដោយសារតែវាអាចធ្វើឱ្យវីរុសប្រែប្រួលស្ថានភាព ឬលែងដំណើរការ ដែលវានឹងប៉ះពាល់ដល់លទ្ធផលនៃការធ្វើតេស្ត ឬធ្វើឱ្យអ្នកជំងឺទទួលរងរបួស។
ស្ដាប់ទៅដូចជាពិបាក និងហាក់ដូចឈឺចាប់ណាស់ ក៏ប៉ុន្តែ តាមពិតវាមិនអាក្រក់នោះទេ។ លោក Mark Cameron អ្នកជំនាញខាងការពាររោគមកពីសាកលវិទ្យាល័យ Case Western Reserve នៃសហរដ្ឋអាមេរិក ឱ្យដឹងថា “វាអាចមិនស្រួលបន្តិច ប៉ុន្តែប្រការនេះគឺជារឿងធម្មតាបំផុត។ វិធីនេះគឺជាការធ្វើតេស្តដែលមិនសូវស្រួលក្នុងការទ្រាំ តែវាមានស្ដង់ដាទៅតាមតម្រូវការ”។
អ្នកជំនាញនឹងស្លៀកពាក់ឈុតការពារមេរោគ ហើយធ្វើដូចខាងក្រោម៖
ពួកគេចាប់ផ្ដើមដោយយកសម្លីដែលមានដង ដែលគេប្រើសម្រាប់យកវត្ថុវិភាគ ស៊កចូលទៅក្នុងរន្ធច្រមុះមួយ ហើយរុញវាដោយថ្នមៗចូលជ្រៅទៅខាងក្នុង ក្បែរតំបន់ជញ្ជាំង និងបាតច្រមុះ ដែលស្របទៅនឹងក្រអូមមាត់។
អ្នកជំនាញនឹងរុញសម្លីនេះដោយថ្នមៗត្រង់ទៅមុខ រហូតដល់វាប៉ះទៅនឹងជញ្ជាំងម្ខាងទៀតនៃក្រអូមមាត់។
សម្លីត្រូវតែរុញចូលទៅក្នុង ជម្រៅស្មើនឹងពាក់កណ្ដាលនៃប្រវែងរវាងរន្ធច្រមុះ និងរន្ធត្រចៀកខាងក្រៅ។ រក្សាសម្លីនៅក្នុងជម្រៅនេះឱ្យបាន2-3វិនាទី និងត្រដុសទៅលើជញ្ជាំងនៃក្រអូមមាត់ខាងក្រោយដោយត្បាល់ដងសម្លីថ្នមៗ និងយឺតៗ ហើយយកវាចេញមកក្រៅបន្តិចម្ដងៗ និងថ្នមៗបំផុត។
បន្ទាប់មក ត្រូវយកវាដាក់ចូលទៅក្នុងបំពង់ផ្ទុកវត្ថុវិភាគ ហើយចុងក្រោយ វានឹងត្រូវបានដាក់នៅក្នុងថង់ដាក់សំណាក ឬវត្ថុវិភាគដើម្បីយកទៅកាន់បន្ទប់ធ្វើតេស្ត។
ក្រៅពីនេះក៏មានវិធីជាច្រើនផ្សេងទៀតដើម្បីយកសំណាក ឬវត្ថុវិភាគរបស់អ្នកជំងឺកូរ៉ូណា ក្នុងនោះក៏មានការយកសំណាកតាមមាត់ផងដែរ។
សូមសង្កេតមើលឃ្លីបវីដេអូខាងក្រោម៖
ប្រភព៖ សារព័ត៌មានបរទេស