នៅអាស៊ីអាគ្នេយ៍ តួលេខនៃអ្នកជំងឺ COVID-19 បានកើនលើស30,000នាក់។ សិង្ហបុរីគឺជាសម្បុកមេរោគធំជាងគេបង្អស់ក្នុងតំបន់នេះ ដោយមានអ្នកជំងឺសរុប8,014នាក់ កើន1,426ករណី ក្នុងរយៈពេល24ម៉ោងចុងក្រោយនេះ ក្នុងនោះមានអ្នកស្លាប់សរុប11នាក់។
ក្រសួងសុខាភិបាលសិង្ហបុរី បានឱ្យដឹងថា ករណីឆ្លងថ្មីភាគច្រើននៅក្នុងជំរំស្នាក់នៅរបស់ពលករបរទេស ខណៈដែល16ករណីគឺជាជនជាតិសិង្ហបុរី និងអ្នកស្នាក់នៅអចិន្ត្រៃយ៍។ 90%នៃអ្នកជំងឺសរុបនៅសិង្ហបុរី គឺជាប់ទាក់ទងជាមួយបុគ្គលិកបរទេស។
ឥណ្ឌូនេស៊ី មានអ្នកជំងឺថ្មី185នាក់ និងអ្នកជំងឺសរុប6,760នាក់ ខណៈអ្នកស្លាប់ថ្មីមាន8នាក់ និងអ្នកស្លាប់សរុបឡើងដល់590នាក់ ក្នុងនោះមានវេជ្ជបណ្ឌិត20រូបផងដែរ។
ហ្វីលីពីន៖ អ្នកស្លាប់សរុបបានកើនដល់428នាក់ បន្ទាប់ពីមានករណីស្លាប់ថ្មី19នាក់កាលពីម្សិលមិញ។ អ្នកជំងឺថ្មីមានចំនួន200នាក់ និងអ្នកជំងឺសរុបមាន 6,459នាក់។
ម៉ាឡេស៊ី មានអ្នកជំងឺថ្មី36នាក់ និងអ្នកជំងឺសរុបមាន 5,425នាក់ ក្នុងនោះមានអ្នកស្លាប់89នាក់។
ប្រទេសថៃ៖ ថ្ងៃនេះបានរាយការណ៍ថា មានអ្នកជំងឺថ្មី27នាក់ ក្នុងចំណោមអ្នកជំងឺសរុប2,792នាក់។ ចំនួនអ្នកស្លាប់សរុបនៅប្រទេសនេះមាន47នាក់។
ឡាវ និងទីម័រខាងកើតនៅតែជាប្រទេសដែលមានអ្នកជំងឺCOVID-19 តិចជាងគេបង្អស់ក្នុងតំបន់អាស៊ិអាគ្នេយ៍ ដោយមានអ្នកជំងឺសរុបជាបន្តបន្ទាប់គឺ19 និង22នាក់។ វៀតណាម ឡាវ កម្ពុជា និងទីម័រខាងកើតគឺជាបណ្ដាប្រទេសនៅអាស៊ីអាគ្នេយ៍ដែលមិនទាន់មានករណីស្លាប់ដោយសារវីរុស COVID-19 នៅឡើយ៕
ប្រភព៖ សារព័ត៌មានបរទេស