វីរុស COVID-19 បានធ្វើឱ្យមនុស្សជិត790,000នាក់ត្រូវកើតជំងឺនៅសហរដ្ឋអាមេរិក ក្នុងនោះមានជាង42,000នាក់បានស្លាប់ និង4,003,551នាក់បានជាះស្បើយ។
យោងតាមទិន្នន័យនៅលើ Worldometers គិតមកដល់បច្ចុប្បន្ន ចំនួនអ្នកស្លាប់ដោយសារ COVID-19 នៅសហរដ្ឋអាមេរិក បានឡើងដល់ជាង42,300នាក់ កើនជាង1,700នាក់បើធៀបនឹងមុននេះមួយថ្ងៃ។ ចំនួនអ្នកជំងឺថ្មីនៅប្រទេសនេះក៏បានកើនជិត25,000នាក់ ធ្វើឱ្យអ្នកជំងឺសរុបឡើងដល់ជាង789,000នាក់។
បច្ចុប្បន្ន អាមេរិកគឺជាប្រទេសដែលមានអ្នកជំងឺ និងអ្នកស្លាប់ដោយសរ COVID-19 ច្រើនជាងគេបង្អស់ក្នុងពិភពលោក។ រដ្ឋមួយចំនួនមានសញ្ញាបង្ហាញថា បានឆ្លងផុតដំណាក់កាលកំពូលនៃការឆ្លងវីរុស ប៉ុន្តែអភិបាលរដ្ឋនានានៅតែបង្ហាញការប្រុងប្រយ័ត្នខ្ពស់ជាមួយនឹងគម្រោងបើកដំណើរការសេដ្ឋកិច្ចឡើងវិញ។
អភិបាលរដ្ឋ New York យល់ថា អាចនឹងត្រូវចំណាយពេលរាប់សប្ដាហ៍ ឬរាប់ខែទៀត ទើបទីក្រុងដែលមានប្រជាជនច្រើនជាងគេនៅសហរដ្ឋអាមេរិកនេះ អាចបើកដំណើរការសេដ្ឋកិច្ចឡើងវិញ ដោយសារតែមិនទាន់ធ្វើតេស្តជាទូទៅដើម្បីកំណត់ទំហំនៃស្ថានភាពរោគរាតត្បាតនេះនៅឡើយ។
ក្រុមអ្នកជំនាញយល់ថា កត្តាចាំបាច់បំផុតដើម្បីអាចបើកដំណើរការសេដ្ឋកិច្ចឡើងវិញ នោះគឺត្រូវតែបង្កើនការធ្វើតេស្តរកវីរុស។ ផ្ទុយទៅវិញ ការបន្ធូរបន្ថយការដើរហើរ ឬការបើកដំណើរការសេដ្ឋកិច្ចឡើងវិញឆាប់ពេក អាចធ្វើឱ្យវីរុសនេះ បង្កើនឥទ្ធិពលរបស់វាឡើងវិញ។
ចំណែកលោកប្រធានាធិបតី Donald Trump បានបង្ហាញភាពអន្ទះសាជាមួយនឹងគម្រោងបើកដំណើរការសេដ្ឋកិច្ចឡើងវិញរបស់ប្រទេសនេះ។ កាលពីចុងសប្ដាហ៍មុន លោកបានអំពាវនាវឱ្យ “ដោះលែង” រដ្ឋមួយចំនួនចេញពីស្ថានភាពនៃបម្រាមគោចរ។ បន្ទាប់ពីមានការលើកឡើងបែបនេះ បាតុកម្មជាច្រើនដែលប្រឆាំងទៅនឹងការពន្យារសុពលភាពនៃបម្រាមគោចរ ក៏បានកើតឡើងនៅក្នុងរដ្ឋមួយចំនួននៅពាសពេញសហរដ្ឋអាមេរិក។
រោគរាតត្បាត COVID-19 បាន និងកំពុងធ្វើឱ្យប៉ះពាល់ខ្លាំងដល់សេដ្ឋកិច្ចសហរដ្ឋអាមេរិក ខណៈដែលក្រុមហ៊ុន អាជីវកម្មមិនចាំបាច់ទាំងអស់ ត្រូវបានផ្អាកដំណើរការដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសនេះ។ ពលរដ្ឋអាមេរិកាំងរាប់សិបលាននាក់ត្រូវបាត់បង់ចំណូលប្រចាំខែ ដោយសារគ្មានការងារធ្វើ ក្នុងនោះក៏មានពលរដ្ឋជាង22លាននាក់បានដាក់ពាក្យសុំជំនួយពីរដ្ឋាភិបាល៕