ពិភពលោកទាំងមូលបានរកឃើញអ្នកផ្ទុកមេរោគCOVID-19 ជិត2.4លាននាក់ ក្នុងនោះមានអ្នកជំងឺជិត165,000នាក់បានបាត់បង់ជីវិត ដែលភាគច្រើននៅសហរដ្ឋអាមេរិក និងបណ្ដាប្រទេសនៅអឺរ៉ុប។
ស្ថិតិរបស់សាកលវិទ្យាល័យ Johns Hopkins ឱ្យដឹងថា នៅក្នុងប្រទេស និងដែនដីចំនួន210 ក្នុងពិភពលោក មានអ្នកជំងឺសរុប2,394,291នាក់ ក្នុងនោះមាន164,938នាក់បានស្លាប់ និង611,880នាក់បានជាសះស្បើយ។
សហរដ្ឋអាមេរិកគឺជាសម្បុកមេរោគធំជាងបង្អស់នៅក្នុងពិភពលោក ដោយមានអ្នកជំងឺសរុប755,533នាក់ អ្នកស្លាប់40,461នាក់ និងអ្នកជំងឺជាសះស្បើយមាន67,172នាក់។
អេស្ប៉ាញគឺជាសម្បុកមេរោគធំជាងគេលំដាប់ទី2នៅក្នុងពិភពលោក ដោយមានអ្នកជំងឺថ្មី4,258នាក់ និងអ្នកស្លាប់ថ្មី410នាក់ នៅក្នុងចំណោមអ្នកជំងឺសរុប198,674នាក់ និងអ្នកស្លាប់សរុប20,453នាក់។ តួលេខនៃអ្នកស្លាប់នៅក្នុងប្រទេសនេះបានថយចុះទាបបំផុតក្នុងអំឡុងជិត1ខែកន្លងទៅ ដែលនេះបង្ហាញថា វិធានការទប់ស្កាត់ដោយបម្រាមគោចរដ៏ខ្លាំងក្លាកំពុងតែមានប្រសិទ្ធភាព។
អ៊ីតាលី រាយការណ៍ថា បានរកឃើញអ្នកជំងឺថ្មី3,047នាក់បន្ថែមទៀត ធ្វើឱ្យអ្នកជំងឺសរុបឡើងដល់178,872នាក់។ ប្រទេសនេះក៏មានអ្នកស្លាប់ថ្មី433នាក់ នាំឱ្យតួលេខនៃអ្នកស្លាប់សរុបកើនដល់23,660នាក់។
រដ្ឋាភិបាលប្រទេសអ៊ីតាលីបានប្រកាសថា ទទួលបានជោគជ័យលើ COVID-19 នៅក្នុងតំបន់ភាគខាងត្បូង ខណៈមេដឹកនាំតំបន់ឧស្សាហកម្មនានានៅភាគខាងជើងប្រទេស បានជំរុញឱ្យមានការអនុញ្ញាតឱ្យពួកគេបើកដំណើរការអាជីវកម្ម និងរោងចក្រឡើងវិញនៅដើមខែឧសភាខាងមុខ។
បារាំងបានរកឃើញអ្នកជំងឺថ្មី1,101នាក់ និងស្លាប់ថ្មី395នាក់។ អ្នកជំងឺសរុប152,894នាក់ និងអ្នកស្លាប់សរុប19,718នាក់។
អាល្លឺម៉ង់៖ អ្នកជំងឺថ្មី1,460នាក់ អ្នកស្លាប់ថ្មី48នាក់ និងអ្នកជំងឺសរុប145,184នាក់ អ្នកស្លាប់សរុប4,586នាក់។
អង់គ្លេស៖ អ្នកជំងឺថ្មី5,850នាក់ អ្នកស្លាប់ថ្មី596នាក់ និងអ្នកជំងឺសរុប120,067នាក់ អ្នកស្លាប់សរុប16,000នាក់។ ស្ថិតិអ្នកស្លាប់របស់ប្រទេសនេះ រាប់តែអ្នកជំងឺដែលស្លាប់នៅក្នុងមន្ទីរពេទ្យតែប៉ុណ្ណោះ។ អង់គ្លេសក៏កំពុងតែពន្យារសុពលភាពនៃបម្រាមគោចរយ៉ាងតិច3សប្ដាហ៍ទៅមុខទៀត ដោយសារស្ថានភាពមិនទាន់ប្រសើរឡើង។
ប្រទេសចិន៖ មិនទាន់ប្រកាសតួលេខថ្មី ក៏ប៉ុន្តែ តួលេខចុងក្រោយបង្ហាញថា មានអ្នកជំងឺសរុប83,805នាក់ និងស្លាប់សរុប4,636នាក់។
អ៊ីរ៉ង់បន្តជាសម្បុកមេរោគធំជាងគេទី2នៅអាស៊ី ដោយមានអ្នកជំងឺសរុប82,211នាក់ និងអ្នកស្លាប់សរុប5,118នាក់ ក្នុងនោះមានអ្នកជំងឺថ្មី1,343នាក់ និងអ្នកស្លាប់ថ្មី87នាក់។ នេះជាថ្ងៃទី6ហើយដែលប្រទេសនេះមានអ្នកស្លាប់ដោយសារ COVID-19 ក្រោយ100នាក់៕
ប្រភព៖ សារព័ត៌មាន